បុរសជនជាតិអ៊ីរ៉ង់ម្នាក់ដែលបានផ្ដល់ព័ត៌មានដល់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល អំពីទីតាំងរបស់មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក Qassem Soleimani ត្រូវបានកាត់ទោសប្រហារជីវិត។ នេះបើតាមការបញ្ជាក់របស់តុលាការអ៊ីរ៉ង់នៅថ្ងៃអង្គារនេះ។
កាលពីថ្ងៃទី ៣ ខែមករា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់បានសម្លាប់លោក Soleimani។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបោទប្រកាន់លោក Soleimani ថាជាអ្នករៀបចំគម្រោងវាយប្រហាររបស់ពួកសកម្មប្រយុទ្ធដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ លើកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។
អ្នកនាំពាក្យតុលាការអ៊ីរ៉ង់លោក Gholamhossein Esmaili បានបញ្ជាក់នៅក្នុងសន្និសីទកាសែតផ្សាយតាមទូរទស្សន៍ថា៖ «ជនឈ្មោះ Mahmoud Mousavi-Maid ដែលជាចារបុរសម្នាក់របស់ទីភ្នាក់ងារ CIA សហរដ្ឋអាមេរិក និងរបស់ទីភ្នាក់ងារ Mossad របស់អ៊ីស្រាអែល ត្រូវបានកាត់ទោសប្រហារជីវិត។ ...ជននេះបានផ្ដល់ព័ត៌មានអំពីទីតាំងរបស់ទុក្ករជនលោក Soleimani ទៅឲ្យសត្រូវរបស់អ៊ីរ៉ង់»។
អ្នកនាំពាក្យរូបនោះបានបន្ថែមថា៖ «ជននេះត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការបដិវត្តន៍អ៊ីរ៉ង់ ហើយតុលាការកំពូលបានសម្រេចតម្កល់សាលក្រមនេះ។ ជននេះនឹងត្រូវប្រហារជីវិតក្នុងពេលឆាប់ៗខាងមុខនេះ»៕