ប្រទេសអ៊ីរ៉ង់បាននិយាយថាខ្លួនចង់បន្តកិច្ចចរចាជាមួយប្រទេសមហាអំណាចពិភពលោកទាំង៦ដើម្បីធ្វើឱ្យមានកិច្ចព្រមព្រៀងដំបូងមួយអំពីកម្មវិធីបរមាណូនៃរដ្ឋាភិបាលក្រុងតេហេរ៉ង់ (Teheran) ពីព្រោះថាកិច្ចព្រមព្រៀងមួយនេះនឹងមិនទំនងជាកើតមានមុនកាលបរិច្ឋេទកំណត់នាពេលអាធាត្រថ្ងៃអង្គារនេះទេ។
លោក Hamid Baidinejad ដែលជាសមាជិកម្នាក់នៃក្រុមអ្នកចរចារបស់ប្រទេសអ៊ីរ៉ង់បាននិយាយថាក្រុមមន្ត្រីអ៊ីរ៉ង់នឹងបន្តធ្វើការចរចារហូតដល់បញ្ហាទាំងទ្បាយដែលមានការខ្វែងគំនិតគ្នាត្រូវដោះស្រាយរួច ហើយកិច្ចព្រមព្រៀងមួយនឹងត្រូវបានសម្រេច។
សេតវិមានបាននិយាយថាខ្លួនចង់បន្តកិច្ចចរចារហូតដល់ថ្ងៃពុធដរាបណាកិច្ចចរចាគ្នានេះឱ្យផល។
កាលពីថ្ងៃអង្គារ ក្រុមមន្ត្រីបានបង្កើនល្បឿនកិច្ចចរចាគ្នាដើម្បីចាត់ចែងព្រាងកិច្ចព្រមព្រៀងដំបូងមួយនៅពេលដែលមានការយល់ឃើញថាកិច្ចព្រមព្រៀងមួយនេះប្រហែលអាចមិនគ្រប់លក្ខណៈដូចការពិចារណាទុកពីពេលមុន។
ការខ្វែងគំនិតគ្នាមាននៅលើបញ្ហានានាដូចជាការរិតត្បិតលើការស្រាវជ្រាវអំពីការសម្រិតសម្រាំងសារធាតុអ៊ុយរ៉ាញ៉ូម ថាតើកិច្ចព្រមព្រៀងនេះនឹងមានរយៈពេលប៉ុន្មាន ថាតើការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់នឹងត្រូវលុបចោលនៅពេលណា និងថាតើត្រូវធ្វើបែបណាប្រសិនបើអ៊ីរ៉ង់រំលោភលើកិច្ចព្រមព្រៀងនេះ៕