រដ្ឋមន្រ្តីការបរទេសនៃប្រទេសអ៊ីរ៉ង់លោក Javad Zarif កំពុងជួបគ្នានៅថ្ងៃច័ន្ទនេះនៅក្នុងប្រទេសស្វីសជាមួយសមភាគីមកពីសហរដ្ឋអាមេរិក អង់គ្លេស ចិន បារាំងនិងប្រទេសអាល្លឺម៉ង់ នៅពេលដែលភាគីទាំង២ព្យាយាមធ្វើទៅតាមពេលកំណត់ ដើម្បីព្រមព្រៀងគ្នាដល់គម្រោងនៃកិច្ចព្រមព្រៀងដែលបានស្វះស្វែងជាយូរយាណាស់មកហើយលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
នៅថ្ងៃអង្គារស្អែកនេះ ក្រុមអ្នកការទូតចង់បានគម្រោងមួយដែលនឹងធានាថា ប្រទេសអ៊ីរ៉ង់មិនស្វែងរកអាវុធនុយក្លេអ៊ែរ នៅក្នុងការដោះដូរចំពោះការលប់ចោលការដាក់ទណ្ឌកម្មដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនោះ។ កំណែនៃកិច្ចព្រមព្រៀងថ្មីចុងក្រោយនឹងមានកំណត់ពេលបញ្ចប់នៅចុងខែមិថុនា។
មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃច័ន្ទនេះថា គ្មានការសម្រេចនៅឡើយទេថា តើឧបករណ៍សម្រិតសម្រាំងស្តុកទុកដែលមានស្រាប់ចំនួនប៉ុន្មានរបស់អ៊ីរ៉ង់នឹងត្រូវបោះបង់ចោល បន្ទាប់ពីសេចក្តីរាយការណ៍ថា អ៊ីរ៉ង់បានបង្ហាញឆន្ទៈក្នុងការបញ្ចូនឧបករណ៍នោះទៅបរទេស។
មន្រ្តីរូបនោះបាននិយាយទៀតថា ការដឹកជញ្ជូនសំភារៈស្តុកទុកជាជម្រើសមួយដែលអាចធ្វើទៅបាន ដែលភាគីទាំង២បានពិភាក្សាអស់រយៈពេលជាច្រើនខែមកហើយ។
លោក Abbas Araqchi ប្រធានចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា ការបញ្ជូនឧបករណ៍ទៅកាន់ប្រទេសមួយទៀតមិនមែនជាជម្រើសទេ៕