ប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក នឹងធ្វើការចរចាដោយប្រយោលនៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស នៅថ្ងៃអង្គារនេះ អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
កន្លងមក អ៊ីរ៉ង់បានរំលោភជាបន្តបន្ទាប់លើការដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ ការរំលោភនេះគឺជាការឆ្លើយតបទៅនឹងការដកខ្លួនចេញរបស់សហរដ្ឋអាមេរិកពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ ២០១៨ និងការដាក់ទណ្ឌកម្មឡើងវិញរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់។
មន្រ្តីរដ្ឋាភិបាលអ៊ីរ៉ង់ម្នាក់បានបញ្ជាក់ថា៖ «របៀបវារៈរបស់អ៊ីរ៉ង់នៅក្នុងកិច្ចប្រជុំក្នុងទីក្រុងវីយែននេះ គឺតម្រូវឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មទាំងអស់ដែលដាក់លើអ៊ីរ៉ង់ចេញ។ ...ដូចដែលមេដឹកនាំកំពូលរបស់យើងបាននិយាយម្ដងហើយម្ដងទៀតដូច្នេះដែរ រដ្ឋាភិបាលអ៊ីរ៉ង់នឹងមិនទទួលយកនូវអ្វីដែលតិចជាងនេះទេ»។
រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden ចង់ស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនេះ ប៉ុន្តែបាននិយាយថា ការស្ដារឡើងវិញនេះតម្រូវឲ្យមានការចរចា។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការពិភាក្សានៅក្នុងទីក្រុងវីយែននេះផ្ដោតលើ «វិធានការនុយក្លេអ៊ែរដែលអ៊ីរ៉ង់នឹងអនុវត្ត ដើម្បីត្រឡប់មកគោរពឡើងវិញ» តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ។
នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងទណ្ឌកម្មសេដ្ឋកិច្ចផ្សេងទៀតដែលដាក់លើអ៊ីរ៉ង់ត្រូវបានដកចេញជាថ្នូរនឹងការរារាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕