ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានដោះលែងអ្នកទោសជាប់ពន្ធនាគាររបស់ខ្លួនរៀងៗខ្លួនកាលពីថ្ងៃសៅរ៍នៅក្នុងការដោះដូរគ្នាដ៏ស្មុគស្មាញមួយ ដែលបានព្រមព្រៀងគ្នាមុនពេលដែលមន្រ្តីការទូតនៅទីក្រុងវីយែន (Vienna) គ្រោងនឹងប្រកាសអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងបណ្តាប្រទេសមហាអំណាចនឹងប្រទេសអ៊ីរ៉ង់។
ប្រជាពលរដ្ឋអាមេរិកាំងដែលគេគ្រោងនឹងដោះលែង រួមមានទាំងអ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មាន Washington Post គឺលោក Jason Rezaian ដែលត្រូវបានឃុំខ្លួនអស់រយៈពេលជាង៥០០ថ្ងៃពីបទឈ្លបយកការណ៍សម្ងាត់ ដែលត្រូវបានរដ្ឋាភិបាលអាមេរិក ប្រធានគ្រប់គ្រង ក្រុមគ្រួសារ និងមិត្តភក្តិរបស់លោក អះអាងម្តងហើយម្តងទៀតថាជារឿងមិនពិត។ គ្រូគង្វាលសាសនាគ្រិស្តម្នាក់ និងជនជាតិអាមេរិកាំងដើមកំណើតអ៊ីរ៉ង់ម្នាក់ ដែលជាសមាជិកនៃកងទ័ពជើងទឹកអាមេរិកក៏នឹងត្រូវបានដោះលែងផងដែរ។ សរុបមក ប្រទេសអ៊ីរ៉ង់បានដោះលែងពលរដ្ឋអាមេរិកាំងចំនួន៥នាក់ហើយ។ នេះបើយោងតាមក្រុមមន្រ្តីរបស់អាមេរិក។
នៅក្នុងទីក្រុងវីយែន (Vienna) ដែលមន្រ្តីការទូតបានជួបប្រជុំគ្នាដើម្បីរង់ចាំសេចក្តីប្រកាសថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយនឹងប្រទេសអ៊ីរ៉ង់នឹងត្រូវអនុវត្ត ក្រុមមន្រ្តីរបស់អាមេរិកបានថ្លែងថា កិច្ចព្រមព្រៀងក្នុងដោះលែងអ្នកទោសជាប់ពន្ធនាគារគឺជាលទ្ធផលនៃការចរចាគ្នារយៈពេល១៤ខែ និងកាលពី២៤ម៉ោងមុនផងដែរ។ ពួកគេចៀសវាងហៅការរៀបចំនេះ ថាជាការដោះដូរអ្នកទោស ដោយហៅវាថាជាសកម្មភាពមនុស្សធម៌ជំនួសវិញ។
សហរដ្ឋអាមេរិកកំពុងតែដោះលែងជនជាតិអ៊ីរ៉ង់ចំនួន៧នាក់ ដែលត្រូវបានដាក់ពន្ធនាគារ ឬកំពុងតែត្រូវបានចោទប្រកាន់ពីបទបំពានទណ្ឌកម្មសេដ្ឋកិច្ច។ នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបមួយនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកកំពុងតែលើកលែងទោសឲ្យអ្នកទាំង៧នាក់នោះ ហើយក៏នឹងច្រានចោលបទចោទទៅលើជនជាតិអ៊ីរ៉ង់ចំនួន១៤នាក់ផ្សេងទៀតដែលនៅក្រៅប្រទេសផងដែរ៕