ក្រុមអ្នកចរចាពីប្រទេសអ៊ីរ៉ង់ និងក្រុមប្រទេសមហាអំណាចទាំង៦នៃពិភពលោក បានធ្វើការនៅថ្ងៃពុធនេះដើម្បីសម្របសម្រួលការខ្វែងគំនិតគ្នាដែលនៅមាន នៅក្នុងកិច្ចប្រឹងប្រែងដ៏យូរលង់របស់ខ្លួន ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងជាគោលមួយ ស្តីពីការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការសម្រាលទណ្ឌកម្មសេដ្ឋកិច្ច។
ភាគីទាំងពីរមិនបានសម្រេចទាន់ពេលវេលាដែលខ្លួនបានកំណត់កាលពីថ្ងៃអង្គារនេះ តែបានព្រមព្រៀងគ្នាថានឹងបន្តធ្វើការចរចាក្នុងដំណាក់ការមួយដែលបានចាប់ផ្តើមនៅថ្ងៃពុធនេះនៅទីក្រុង Lausanne ប្រទេស ស៊្វីស ដោយមានកិច្ចប្រជុំរវាងលោក Javad Zarif រដ្ឋមន្រ្តីការបរទេស អ៊ីរ៉ង់ និងរដ្ឋមន្រ្តីការបរទេសពីស.រ.អា ប្រទេសអង់គ្លេស និងអាឡឺម៉ង់។
អ្នកតំណាងជាន់ខ្ពស់ពី បារាំង រុស្ស៊ី និង ចិន ក៏បានចូលរួមដែរ ដោយមិនមានវត្តមាននៃរដ្ឋមន្រ្តីការបរទេសរបស់ខ្លួន។
លោក Abbas Araqchi ប្រធានក្រុមអ្នកចរចានុយក្លេអ៊ែររបស់ អ៊ីរ៉ង់ បានប្រាប់បណ្តាញទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថាគណប្រតិភូលោកបានទទូចឲ្យមានគម្រោងមួយសម្រាប់ការលុបទណ្ឌកម្មទាំងអស់របស់អ.ស.បនិងបស្ចិមប្រទេស មុននឹងអ៊ីរ៉ង់សុខចិត្តទទួលយកកិច្ចព្រមព្រៀងមួយ។ ចំណុចមិនចុះសម្រុងគ្នាដទៃទៀតមានរួមការចែងលក្ខខ័ណ្ឌអំពីការស្រាវជ្រាវនិងការអភិវឌ្ឍ៕