ប្រទេស​អ៊ីរ៉ង់​​ធ្វើ​ការ​បាញ់កាំជ្រួច​មីស៊ីល​សាកល្បង​បាន​ជោគជ័យ​

ការបាញ់កាំជ្រួច ​Khoramshahr សាកល្បង

បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋបាន​និយាយថា​ប្រទេសអ៊ីរ៉ង់បាន​បាញ់ពិសោធ​ដោយ​ជោគជ័យ​នូវ​កាំ​ជ្រួច​មីស៊ីល ផ្លោង​ថ្មី​មួយ​មាន​វង់ប្រតិបត្តិការ​មធ្យម​ដែល​បាន​ត្រូវ​បង្ហាញនៅ​ក្នុង​ក្បួន​ព្យុហយាត្រាកាល​ពី​ថ្ងៃ​សុក្រ។

ទូរទស្សន៍​រដ្ឋ​បានផ្សាយ​រូប​និង​វីដេអូនៃ​ការ​បាញ់ពិសោធនេះនៅ​ថ្ងៃ​សៅរ៍នេះ។​

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​គេដឹង​មិន​ច្បាស់លាស់ទេ​ថា​តើ​កាំ​ជ្រួចធុន Khorramshahr បាន​ត្រូវបាញ់​បង្ហោះ​ពិសោធនៅពេល​ណា​និង​នៅទីណាទេ។​

កាំជ្រួច​មីស៊ីល នេះ​មាន​វង់ប្រតិបត្តិការ២ពាន់គ.ម.ហើយមានសមត្ថភាពផ្ទុកគ្រាប់បែក​មួយ​ចំនួនដែរ។​

លោកប្រធានាធិបតី​ Hassan Rouhani បាននិយាយ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ការដង្ហែ​ក្បួន​ព្យុហយាត្រាយោធា​កាល​ពី​ថ្ងៃ​សុក្រថា​ប្រទេស​អ៊ីរ៉ង់​នឹង​ពង្រឹង​កម្មវិធី​កាំ​ជ្រួច​មីស៊ីល របស់​ខ្លួនដោយមិនចាំ​បាច់សុំ​ការអនុញ្ញាតពី​ប្រទេស​ណាមួយ​ទេ។​

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មិន​ទំនង​ជា​នឹងពេញចិត្ត​ជាមួយការ​បាញ់​បង្ហោះ​ពិសោធ​កាំជ្រួច​មីស៊ីល​ ថ្មី​ណាមួយទេ។​

ប្រទេស​អ៊ីរ៉ង់​បាន​សម្រេច​កិច្ចព្រមព្រៀង​មួយ​ជា​មួយ​ប្រទេស​មហា​អំណាច​ពិភពលោក​៦​គឺ​ប្រទេសរុស្សី ចិន​ បារាំង អាល្លឺម៉ង់ អង់គ្លេសនិង​ស.រ.អា.ដើម្បី​កម្រិត​កម្មវិធី​បរមាណូរ​បស់​ផង​ខ្លួន។

កាលពី​ពេល​ថ្មីៗនេះលោក​រដ្ឋមន្ត្រី​ការបរទេសស.រ.អា. Rex Tillerson បានមានប្រសាសន៍ថា​ជាការ​ច្បាស់លាស់​ប្រទេសអ៊ីរ៉ង់​ «មិន​ប្រកាន់​តាមកិច្ច​សន្យា» នៃការ​រំពឹង​ទុក​តាមរយៈកិច្ចព្រមព្រៀង​បរមាណូ​របស់​ខ្លួន​កាលពី​ឆ្នាំ២០១៥ទេ។​

នៅ​ពេល​ដែល​ពួក​អធិការ​អន្តរជាតិ​បានរក​ឃើញ​ថា​ប្រទេស​អ៊ីរ៉ង់បាន​ធ្វើតាមការ​តម្រូវ​ដើម្បី​កម្រិត​កម្មវិធី​បរមាណូរបស់ខ្លួនក៏​ដោយ​ ក៏​លោក Tillerson បាននិយាយថា​ប្រទេសអ៊ីរ៉ង់​បានរំលោភលើ​ពាក្យពេចន៍​អំពី​សន្តិភាពនិង​សន្តិសុខ​ក្នុង​តំបន់ដោយលោក​និយាយ​យោង​ដល់​កម្មវិធី​កាំជ្រួច​មីស៊ីល ផ្លោងនៃ​ប្រទេស​អ៊ីរ៉ង់និង​ការគាទ្រ​របស់​អ៊ីរ៉ង់​ដល់​ប្រធានាធិបតី Bashar al-Assad នៃ​ប្រទេស​ស៊ីរី៕