លោក Mohammed Javad Zarif រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ប្រទេសលោកចង់ធ្វើការចរចាជាមួយស.រ.អា ក៏ប៉ុន្តែទាល់តែប្រទេសអាមេរិកលុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងឃោរឃៅប្រឆាំងនឹងសាធារណរដ្ឋឥស្លាមនេះ។
ស.រ.អាបានដាក់កំហិតការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់កាលពីឆ្នាំ២០១៧ នៅមុនពេលប្រទេសអាមេរិកដកខ្លួនថយកាលពីឆ្នាំទៅមិញចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយកាលពីឆ្នាំ២០១៥ ដែលបានតម្រូវឱ្យអ៊ីរ៉ង់កាត់បន្ថយការសម្រិតសម្រាំងសារធាតុអ៊ុយរ៉ាញ៉ូម របស់ខ្លួនជាថ្នូរនឹងការបន្ធូរការដាក់ទណ្ឌកម្មទាំងនេះ។
លោក Zarif បាននិយាយនៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍អាមេរិកាំង NBC ដែលបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទថា «នៅពេលណាការដាក់ទណ្ឌកម្មទាំងនោះបានត្រូវដកចេញ...ឱកាសសម្រាប់ធ្វើការចរចានឹងបើកយ៉ាងទូលំទូលាយ»។
លោក Zarif ដែលកំពុងឋិតនៅក្នុងក្រុង New York ដើម្បីចូលរួមក្នុងការប្រជុំនានាក្នុងអ.ស.ប.បានថ្លែងថាស.រ.អាបានបោះបង់ចោលរបៀបដោះស្រាយខាងការទូតនៅពេលខ្លួនដកថយចេញពីកិច្ចព្រមព្រៀងនេះ។
លោក Zarif បានចោទប្រកាន់ស.រ.អាថាបានបង្កើនភាពតានតឹងនៅក្នុងភូមិភាគមជ្ឈិមបូព៌ា ដោយបានលក់គ្រឿងអាវុធមានតម្លៃរាប់ពាន់លានដុល្លារទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអេមីរ៉េតអារ៉ាប់រួម ដែលជាគូប្រជែងរបស់អ៊ីរ៉ង់ក្នុងតំបន់ ដោយគំរាមកំហែងដល់កម្មវិធីកាំជ្រួចមីស៊ីលផ្លោងរបស់ប្រទេសលោកផងដែរ។
លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះបាននិយាយថា «ទាំងនេះជាអាវុធអាមេរិកាំងដែលបានទៅដល់តំបន់យើង ធ្វើឱ្យតំបន់យើងជិតផ្ទុះ។ ដូច្នេះប្រសិនបើពួកគេចង់និយាយអំពីកាំជ្រួចមីស៊ីលរបស់យើង ជាដំបូងពួកគេត្រូវឈប់លក់អាវុធទាំងនេះទៅកាន់តំបន់យើង ដោយមានរួមបញ្ចូលទាំងកាំជ្រួចមីស៊ីលផងដែរ»៕