អ៊ីរ៉ង់​ចាប់​ពលរដ្ឋ​ខ្លួន​១៧នាក់​ដែល​រងការ​ចោទ​ប្រកាន់​ថា​ធ្វើការ​ឲ្យ​ CIA

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

ប្រទេស​អ៊ីរ៉ង​បាន​ប្រកាស​កាលពី​ថ្ងៃចន្ទ​អំពី​ការ​ចាប់ខ្លួន​ជនជាតិ​អ៊ីរ៉ង​១៧​នាក់ ​ដែល​អាជ្ញាធរ​ចោទ​ប្រកាន់​ថា​បាន​ឈ្លប​យក​ការណ៍​សម្ងាត់​ឲ្យ​ CIA ក្នុង​ទីតាំង​នុយក្លេអ៊ែរ និង​យោធា​របស់​ប្រទេស។​ អ្នក​ខ្លះ​ត្រូវកាត់​ទោស​ប្រហារ​ជីវិត។​ លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ ​ថ្លែង​ថា ​ការ​ពោល​អះអាង​របស់​អ៊ីរ៉ង​គ្មាន​ការ​ពិត​ឡើយ។

ការ​ចាប់​ខ្លួន​ទាំង​នេះ​កើត​ឡើង​កាល​ពីខែ​មុន។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្ត្រី​អ៊ីរ៉ង់ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​រដ្ឋធានី​តេហេរ៉ង់។ ​លោកបាន​ថ្លែងថា​អ្នក​ដែល​ជាប់​ឃុំឃាំង​គឺធ្វើការ​នៅ​កន្លែង​សំខាន់ៗ ​នៅ​ទីតាំង​យោធា ​និង​នុយក្លេអ៊ែរ។​ មន្ត្រី​នោះ​មិន​បាន​ប្រាប់​ថា​តើ​មាន​ចំនួន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ទេ។ ការ​ប្រកាស​ដូច្នេះ​បាន​កើត​ឡើង​ចំ​ពេល​ដែល​មាន​កំណើន​នៃ​ភាព​តាន​តឹង​ជាច្រើន​សប្តាហ៍​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​ត្រាំ​ក្នុងការ​ដកខ្លួន​ចេញ​ពីកិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ជាមួយ​នឹង​មហា​អំណាច​នានា​កាលពី​ឆ្នាំទៅ​ ហើយ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ ប្រទេស​អ៊ីរ៉ង់​ទៀត។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ​Mike ​Pompeo ​ដែល ជា​អតីត​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋាភិបាល​សហព័ន្ធ ​CIA​ បាន​បដិសេធ​ថ្លែងចំៗ​ទាក់ទង​នឹងការ​ចាប់​ខ្លួន​ទាំងនោះ​ តែ​បាន​បញ្ជាក់​ថា ​របប​ដឹក​នាំ​អ៊ីរ៉ង់​មាន​ប្រវត្តិ​ភូត​កុហក​ដ៏​យូរលង់៕