អ៊ីរ៉ង់ រុស្ស៊ី និងចិន នៅថ្ងៃសុក្រនេះ បានចាប់ផ្តើមធ្វើសមយុទ្ធនាវារួមគ្នានៅក្នុងមហាសមុទ្រឥណ្ឌា ដោយមានគោលបំណងបង្កើនសន្តិសុខនាវាចរណ៍។ នេះ បើតាមទីភ្នាក់ងារព័ត៌មាន AP ដែលដកស្រង់សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានរដ្ឋ។
ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា នាវារបស់ខ្លួនចំនួន១១គ្រឿង បានចូលរួមជាមួយនាវារបស់រុស្ស៊ីចំនួន៣ រួមទាំងនាវាពិឃាតមួយគ្រឿងផង ហើយនឹងនាវារបស់ចិន២គ្រឿង។ កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏នឹងចូលរួមជាមួយនាវាតូចៗ និងឧទ្ធម្ភាគចក្រផងដែរ។
សេចក្តីរាយការណ៍នោះ បានប្រាប់ឲ្យដឹងថា សមយុទ្ធនោះ នឹងធ្វើលើផ្ទៃសមុទ្រទំហំ១៧០០០គីឡូម៉ែត្រការ៉េនៅភាគខាងជើងមហាសមុទ្រឥណ្ឌា ហើយរួមទាំងការប្រយុទ្ធនៅពេលយប់ កិច្ចប្រតិបត្តិការជួយសង្គ្រោះ និងសមយុទ្ធពន្លត់អគ្គិភ័យផងដែរ។
នេះ ជាសមយុទ្ធនាវារួមគ្នាលើកទី៣រវាងប្រទេសទាំង៣នេះ ចាប់តាំងពីឆ្នាំ២០១៩មក។ សមយុទ្ធនេះ គាប់ជួនជាមួយនឹងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះដោយប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ទៅប្រទេសរុស្ស៊ីដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍។
ទីភ្នាក់ព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង់ បានរាយការណ៍ថា បន្ទាប់ពីវិលត្រឡប់មកពីប្រទេសរុស្ស៊ីនៅថ្ងៃសុក្រនេះ លោក Raisi បាននិយាយថា «ការធ្វើឲ្យប្រសើឡើងនូវទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាលក្រុងតេហេរ៉ង់ និងរដ្ឋាភិបាលក្រុងមូស្គូនឹងលើកកម្ពស់សន្តិសុខតំបន់ និងមុខមាត់លើឆាកអន្តរជាតិ»។
រដ្ឋាភិបាលក្រុងតេហេរ៉ង់ បានស្វះស្វែងបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងមូស្គូ នៅពេលមានការតានតឹងជាមួយសហរដ្ឋអាមេរិកនៅក្នុងតំបន់នោះ។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ដោយតំណាងនាវារុស្ស៊ី និងចិនក៏បានកើនឡើងដែរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕