ប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធនេះបានច្រានចោលអ្វីដែលខ្លួនហៅថាជាការចោទប្រកាន់«ព្យាបាទ» ដោយបណ្តាប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ដែលថាអ៊ីរ៉ង់មានផែនការសម្លាប់លោកអតីតប្រធានាធិបតី Donald Trump។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃអង្គារថា អាជ្ញាធរសហរដ្ឋអាមេរិក បានទទួលព័ត៌មានសម្ងាត់ពីប្រភពមនុស្ស កាលពីប៉ុន្មានសប្តាហ៍មុន អំពីផែនការដែលគេមន្ទិលសង្ស័យរបស់អ៊ីរ៉ង់មួយ ប្រឆាំងនឹងលោកអតីតប្រធានាធិបតី ដែលបាននាំឱ្យមានការបង្កើនការការពារលោក។ ប្រព័ន្ធផ្សព្វផ្សាយឯទៀតរបស់សហរដ្ឋអាមេរិក ក៏បានរាយការណ៍អំពីផែនការដែលគេមន្ទិលសង្ស័យនេះដែរ។
CNN និយាយថាផែនការដែលគេមន្ទិលសង្ស័យនោះ មិនជាប់ពាក់ព័ន្ធជាមួយការបាញ់ នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក Trump នៅក្នុងរដ្ឋ Pennsylvania ដែលបណ្តាលឱ្យលោកអតីតប្រធានាធិបតីរងរបួសនិងបានសម្លាប់អ្នកគាំទ្រលោកម្នាក់នោះទេ។
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបាន«តាមដានការគំរាមកំហែងរបស់អ៊ីរ៉ង់ ជាច្រើនឆ្នាំមកហើយ» ក្រោយពីអ៊ីរ៉ង់បានគំរាមសងសឹកចំពោះការសម្លាប់មេបញ្ជាការឆ្មាំបដិវត្តន៍ Qasem Soleimani នៅក្នុងការវាយប្រហាររបស់ដ្រូនសហរដ្ឋអាមេរិកមួយគ្រឿង នៅក្នុងប្រទេសអ៊ីរ៉ាក់ដែលនៅជិតខាងនោះ។
ស្ថានបេសកកម្មរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានហៅការចោទប្រកាន់នោះ ថា«គ្មានភស្តុតាង និងមានគោលបំណងព្យាបាទ»។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បានថ្លែងថា អ៊ីរ៉ង់ «ច្រានចោលយ៉ាងដាច់អហង្កានូវការចូលពាក់ព័ន្ធអ្វីមួយនៅក្នុងការវាយប្រហារដោយអាវុធលើលោកTrump»។
លោកបានបន្ថែមថា ក៏ប៉ុន្តែអ៊ីរ៉ង់នៅតែ«តាំងចិត្តដើម្បីកាត់ទោសលោក Trump ចំពោះតួនាទីផ្ទាល់របស់លោក នៅក្នុងការធ្វើឃាតនាយឧត្តមសេនីយ៍ Qasem Soleimani៕