អ៊ីរ៉ង់​បដិសេធ​មិន​ព្រម​ចរចាកិច្ចព្រមព្រៀង​នុយក្លេអ៊ែ​ររ​ឡើងវិញ​ជាមួយ​ប្រទេស​មហាអំណាច​ក្នុង​ពិភពលោក

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif ថ្លែង​នៅ​ក្នុង​ទីក្រុង​ Tehran។

រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​និយាយ​ថា​ អ៊ីរ៉ង់​នឹង​មិន​ចរចា​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រឆ្នាំ២០១៥​ជាមួយ​ប្រទេស​មហាអំណាច​ក្នុង​ពិភពលោក​នេះ​ទេ។ សេចក្តីថ្លែងការណ៍​នេះ​បាន​ធ្វើឡើង​នៅ​មុន​ថ្ងៃ​កំណត់​នៃ​ការ​សម្រេចចិត្ត​របស់​លោកប្រធានាធិបតី Donald Trump ថា​តើ​សហរដ្ឋអាមេរិក​នឹង​បន្ត​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​ឬ​យ៉ាង​ណា​នោះ។

រដ្ឋមន្រ្តី​ការបរទេស​លោក Mohammad Javad Zarifបាន​ថ្លែង​តាម​រយៈ​បណ្តាញ​សង្គម​ YouTube ថា«យើង​នឹង​មិន​ប្រគល់​សន្តិសុខ​របស់​យើង​ឲ្យ​អ្នក​ខាងក្រៅ​ទេ ហើយ​យើង​ក៏​នឹង​មិន​ចរចា​ឡើងវិញ​ឬ​បន្ថែម​លក្ខខណ្ឌ​ទៅក្នុង​កិច្ចព្រមព្រៀង​ដែល​យើង​បាន​អនុវត្ត​បាន​យ៉ាង​ល្អ​រួច​ហើយ​នោះ​ទេ»។

លោក Trump ធ្លាប់​បាន​និយាយ​ថា​ លោក​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​ ប្រសិន​បើ​គ្មាន​ការ​ធ្វើ​វិសោធនកម្ម​ ក៏​ដូចជា​នឹង​រៀបចំ​សំណើ​ដើម្បី​ដាក់​កំហិត​លើ​កម្មវិធី​កាំជ្រួញម៉ីស៊ីលផ្លោងឆ្លងទ្វីបរបស់អ៊ីរ៉ង់ ដែលអ៊ីរ៉ង់​រក្សា​ទុកសម្រាប់​ការពារ​ប្រទេស។

នៅ​ស្របពេល​ជាមួយ​គ្នា​នោះ​ទីប្រឹក្សា​គោលនយោបាយ​ការបរទេស​របស់​លោក
Ayatollah Ali Khameneiមេ​ដឹកនាំ​កំពូល​អ៊ីរ៉ង់​កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​ព្រមាន​ថា​ អ៊ីរ៉ង់​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ប្រសិន​បើ​លោក Trump សម្រេច​ធ្វើ​តាម​អ្វី​ដែល​លោក​បា​ន​គំរាម​ថា​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ។ លោកAli Akbar Velayatiបាន​ថ្លែង​តាម​ទូរទស្សន៍​របស់​រដ្ឋ​ថា«ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រ នោះ​យើង​ក៏​នឹង​មិន​ចូលរួម​តទៅ​ទៀត​ដែរ»៕