អ៊ីរ៉ង់​បង្កើន​ការចម្រាញ់ជាតិ​អ៊ុយរ៉ាញ៉ូម​លើសពី​ការកំហិត​នៃកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​

អ្នក​នាំ​ពាក្យ​នៃ​អង្គការថាមពល​អាតូមិក​ (AEOI)លោក Behrouz Kamalvandi ឆ្លើយ​សំណួរ​អ្នក​កាសែត​ក្នុង​រដ្ឋធានី​តេហេរ៉ង់កាលពី​ថ្ងៃទី​១៧ កក្កដា ឆ្នាំ២០១៨។

ប្រទេស​អ៊ីរ៉ង់កំពុងបង្កើន​ការចម្រាញ់​ជាតិ​អ៊ុយរ៉ាញ៉ូម​លើសពី​កម្រិត​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​បាន​ដាក់​កំហិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ ប្រទេស​អ៊ីរ៉ង់បាន​ប្រកាស​ពី​ការផ្លាស់ប្តូរនៅថ្ងៃអាទិត្យ​នេះ។ ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​បាន​រាយការណ៍​ថា​ប្រទេស​អ៊ីរ៉ង់​អាច​នឹង​បង្កើន​កម្រិត​នៃ​ការចម្រាញ់នេះ​ដល់​៥ភាគរយ​ដើម្បីផលិត​ថាមពល​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​រោងចក្រ​អគ្គិសនី។​

លោក​ហាសាន រ៉ូហានី (Hassan Rouhani) ប្រធានាធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​ប្រទេស​របស់​លោក​នឹង​ចាប់​ផ្តើម​ការចម្រាញ់​ជាតិ​អ៊ុយរ៉ាញ៉ូម​នៅ​កម្រិត​ខ្ពស់​ជាងមុន​បើមិន​ទទួល​បាន​ជំនួយ​នានា​ដើម្បី​ដោះបន្ទុក​ការដាក់​ទណ្ឌកម្ម​ពី​ប្រទេស​ហត្ថលេខី​ដទៃ​ទៀត​នៃ​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០១៥ទេ។​

កិច្ចព្រមព្រៀង​នោះ​មានគោលបំណង​បំបាត់​ចោល​ការភ័យខ្លាច​ថា​អ៊ីរ៉ង់​នឹង​ធ្វើ​សកម្មភាព​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ។ កិច្ច​ព្រមព្រៀង​នោះ​បាន​ហាមឃាត់​អ៊ីរ៉ង់​មិន​ឱ្យ​ចម្រាញ់​ជាតិ​អ៊ុយរ៉ាញ៉ូម​លើស​ពី​កម្រិត​៣,៦៧ភាគរយ​ទេនិង​កំណត់​ថា​អ៊ីរ៉ង់​អាច​រក្សា​វា​បាន​ត្រឹម​តែ​៣០០​គីឡូក្រាម​ប៉ុណ្ណោះ​នៅ​ក្នុង​ឃ្លាំង​រក្សា​ទុក​របស់​ខ្លួន។​

កម្រិត​៣,៦៧ភាគរយ​គឺ​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​ក្នុង​គោល​បំណង​ថាមពល​ ប៉ុន្តែ​នៅ​ក្រោម​ចំនួនប្រហែល​៩០ភាគរយ​នៃ​កម្រិត​ដែល​ត្រូវ​ការ​ចាំបាច់​ដើម្បី​ផលិត​អាវុធនុយ​ក្លេអ៊ែរ។​

លោក​រ៉ូហានី បាន​និយាយ​កាលពីពេល​ថ្មីៗនេះ​ថា​អ៊ីរ៉ង់​ត្រៀម​នឹង​ចម្រាញ់​«ចំនួន​ប៉ុន្មាន​ក៏បាន​ដែរ​តាម​ត្រូវការ‍» ហើយ​នឹង​លើស​ពីកម្រិត​៣,៦៧ភាគរយ។ លោក​ថែម​ទាំងបាន​សន្យា​ថា​នឹង​ចាប់ផ្តើម​ការសាងសង់​រោងចក្រ​ផលិត​អ៊ីដ្រូសែន​អារ៉ាក់ ដែល​ជា​គម្រោង​មួយ​ដែល​អ៊ីរ៉ង់​យល់​ព្រម​បិទ​ចោល​នៅ​ពេល​ដែលខ្លួន​បាន​ចុះហត្ថលេខា​លើ​ផែនការសកម្មភាព​រួម​ទូលំ​ទូលាយ​ឆ្នាំ​២០១៥។