រដ្ឋសភាប្រទេសអ៊ីរ៉ង់គ្រោងនឹងបើកកិច្ចប្រជុំពិសេសមួយនៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាអំពីការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៧ និងបានបន្តរហូតមកដល់សប្ដាហ៍នេះ។
ទីភ្នាក់ងារព័ត៌មាន ISNA របស់អ៊ីរ៉ង់បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ ប្រធានផ្នែកស៊ើបការណ៍សម្ងាត់ និងប្រធានក្រុមប្រឹក្សាសន្តិសុខ ត្រូវគេរំពឹងថានឹងចូលរួមនៅក្នុងការប្រជុំនេះ។ របៀបវារៈនៃការពិភាក្សានេះនឹងផ្ដោតលើឫសគល់នៃការតវ៉ានេះ ក៏ដូចជាផ្ដោតលើជំនួយផ្នែកផ្លូវច្បាប់សម្រាប់បាតុករដែលជាប់ពន្ធនាគារនៅក្នុងអំឡុងពេលធ្វើការតវ៉ាទាំងនោះ។
ការប្រជុំនេះត្រូវបានស្នើឡើងដោយក្រុមសមាជិកសភាដែលមានទំនោរទៅរកការកែទម្រង់។ នេះបើយោងតាមការរាយការណ៍របស់វិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព។
នៅក្នុងលិខិតមួយ សមាជិកសភាទាំងនោះបានស្នើឲ្យមានការជួយផ្នែកផ្លូវច្បាប់សម្រាប់អ្នកជាប់ឃុំ និងបានថ្កោលទោស «ការជ្រៀតជ្រែក» ពីខាងក្រៅណាមួយនៅក្នុងការតវ៉ានេះ ដោយចង់សំដៅជាពិសេសលើសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិកលោក Donald Trump គ្រោងនឹងធ្វើការសម្រេចចិត្តនៅសប្ដាហ៍ក្រោយថាតើត្រូវបន្តលើកលែងការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ដែលត្រូវបានផ្អាកនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ឬក៏យ៉ាងណានោះ។ ការលើកលែងនេះត្រូវតែធ្វើសារឡើងវិញរៀងរាល់ ១២០ ថ្ងៃម្ដង។ នេះបើយោងតាមច្បាប់របស់សហរដ្ឋអាមេរិក។ លោក Trump អាចសម្រេចមិនបន្តការលើកលែងការដាក់ទណ្ឌកម្មនេះ ដោយដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ឲ្យចូលជាធរមានវិញ។
នៅក្នុងទ្វីបអឺរ៉ុប អ្នកគាំទ្រអ្នកធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់នេះ បានប្រមូលផ្ដុំគ្នាដើម្បីបង្ហាញការគាំទ្ររបស់ពួកគេនៅក្នុងប្រទេសហូឡង់ អាល្លឺម៉ង់ អង់គ្លេស និងបារាំងជាដើម៕