ជំនួប​លោក ​Biden ​ជាមួយ​ប្រធានាធិបតី​អ៊ីស្រាអែល​និយាយ​ច្រើន​អំពី​អ៊ីរ៉ង់

  • Steve Herman

ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden​ ជួប​​ពិភាក្សា​ជាមួយ​​ប្រធានាធិបតី​អ៊ីស្រាអែល​លោក Reuven Rivlin នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២១។

ប្រធាន​បទ​អំពី​ប្រទេស​អ៊ីរ៉ង់​បាន​គ្រប​ដណ្ដប់​កិច្ច​ប្រជុំ​នៅ​ការិយាល័យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ឬ Oval Office ​កាលពី​ថ្ងៃចន្ទ​រវាង​លោក​ប្រធានាធិបតី​ Joe Biden​ និង​សមភាគី​អ៊ីស្រាអែល​របស់​លោក។​

លោក​ Biden​ ប្រាប់​លោក​ Reuven Rivlin ​ប្រធានាធិបតី​អ៊ីស្រាអែល​ជិត​ចេញ​ពី​តំណែង​ថា៖ «អ៊ីរ៉ង់​នឹង​មិន​អាច​មាន​អាវុធ​នុយក្លេអ៊ែរ​ទេ​ក្រោម​ការ​ឃ្លាំ​មើល​របស់​ខ្ញុំ»។​

លោក​ Biden​ ថ្លែង​ដូច្នេះ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​បាន​បញ្ជា​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​អ្វី​ដែល​មន្រ្តី​យោធា​សហរដ្ឋ​អាមេរិក​ពិពណ៌នា​ថា​ជា​កន្លែង​ប្រតិបត្តិការ​និង​ឃ្លាំង​ផ្ទុក​អាវុធ​របស់​កងជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​អ៊ីរ៉ាក់។​ការ​វាយ​ប្រហារ​នោះ​បាន​កើត​ឡើង​ចំពេល​មាន​កិច្ច​ចរចា​ក្នុង​ប្រទេស​អូទ្រីស​រវាង​ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​មហា​អំណាច​ចំនួន​៦​រួម​មាន​សហរដ្ឋ​អាមេរិក​ផងដែរ​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​កំណត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។​

ក្នុង​អំឡុង​ជំនួប​ជាមួយ​លោក​ Rivlin​ ​លោក​ Biden ​បាន​ការពារ​បទ​បញ្ជា​របស់​លោក​ដែល​ឆ្លើយ​តប​ខាង​យោធា។​

លោក​បាន​និយាយ​ថា៖​ «ខ្ញុំ​ដឹកនាំ​ការ​វាយ​ប្រហារ​តាម​អាកាស​កាលពី​យប់មិញ​លើ​ទីតាំង​ប្រើ​ប្រាស់​ដោយ​ក្រុម​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដែល​ទទួល​ខុស​ត្រូវ​ការ​វាយ​ប្រហារ​ថ្មីៗ​នេះ​ទៅ​លើ​បុគ្គលិក​អាមេរិក​នៅ​អ៊ីរ៉ាក់»។​

លោក​បន្ថែម​ថា​លោក​មាន​សិទ្ធិ​តាម​មាត្រា​២​នៃ​រដ្ឋ​ធម្មនុញ្ញ​សហ​រដ្ឋ​អាមេរិក​ទទួល​ស្គាល់​ដោយ​សមាជិក​សភា​នៅ​វិមាន​សភា។​

ទោះ​យ៉ាង​ណាសមាជិក​សភា​ខ្លះ​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​Biden​មិន​សប្បាយ​ចិត្ត​នឹង​ការ​បកស្រាយ​រដ្ឋ​ធម្មនុញ្ញ​បែប​ទូលំទូលាយ​អំពី​អំណាច​ធ្វើ​សង្គ្រាម​ហើយ​នឹង​ការ​អនុញ្ញាត​នៅ​ដើម​សតវត្សរ៍​ទី​២១​ឲ្យ​ប្រធានាធិបតី​ប្រើ​កម្លាំង​យោធា​នោះ​ទេ។​រដ្ឋបាល​លោក​ Biden​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ស្រដៀង​គ្នា​នេះ​កាលពី​ខែ​កុម្ភៈ។​

សមាជិក​គណៈកម្មាធិការ​ទំនាក់ទំនង​ការ​បរទេស​របស់​ព្រឹទ្ធសភា​គឺ​លោក​ Chris Murphy​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​កាលពី​ថ្ងៃ​ចន្ទ​ថា​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​យោធា​អាមេរិក​និង​កង​ជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​កំពុង​ចាប់​ផ្តើម​អ្វី​ដែល​ស្រដៀង​ទៅ​នឹង​«សង្គ្រាម​កម្រិត​ទាប»។​

លោក ​Rivlin​ នឹង​បញ្ចប់​តំណែង​របស់​លោក​នៅ​ខែ​ក្រោយ​បន្ទាប់​ពី​ធ្វើ​ជា​ប្រធានាធិបតី​អ៊ីស្រាអែល​៧​ឆ្នាំ។​លោក​និយាយ​ថា​ការ​ប្រកាស​របស់​លោក​ Biden​ អំពី​ការ​ប្តេជ្ញា​ចិត្ត​គាំទ្រ​ការ​ការពារ​ខ្លួន​របស់​អ៊ីស្រាអែល​នោះធ្វើ​ឱ្យ​ប្រជាជន​អ៊ីស្រាអែល​យល់​ថា​ «យើង​មាន​មិត្ត​ដ៏​អស្ចារ្យ​នៅ​ឯ​សេតវិមាន»។​

រដ្ឋាភិបាល​ទាំងពីរ​កំពុង​កែ​សម្រួល​ទំនាក់ទំនង​ចំណាស់​៧៣​ឆ្នាំ​រវាង​ប្រទេស​ទាំងពីរ​បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្តូរ​ថ្មីៗ​នៃ​មេដឹកនាំ​នយោបាយ​រៀងៗ​ខ្លួន។​

លោក ​Biden ​បាន​និយាយ​ថា​លោក​ទន្ទឹង​រង់ចាំ​ទទួល​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​ថ្មី​គឺ​លោក ​Naftali Bennett​ នៅ​សេតវិមាន​ក្នុង​ពេល​ឆាប់ៗ​នេះ។ឆ្លើយតប​នឹង​សំណួរ​របស់​ VOA​ ពេលណា​លោក​នឹង​ទៅ​ប្រទេស​អ៊ីស្រាអែល​ លោក​ឆ្លើយ​ថា​«ខ្ញុំ​មិន​មាន​កាល​បរិច្ឆេទ​ទេ​ប៉ុន្តែ​ខ្ញុំ​នឹង​ទៅ»៕