មន្ត្រីស.រ.អា.បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងបរមាណូបណ្តោះអាសន្នមួយរវាងប្រទេសអ៊ីរ៉ង់និងប្រទេសមហាអំណាច៦នឹងត្រូវពន្យារពេលរហូតដល់ថ្ងៃសុក្រដើម្បីផ្តល់ពេលវេលាថែមទៀតសម្រាប់កិច្ចចរចាគ្នាអំពីកិច្ចព្រមព្រៀងចុងក្រោយមួយ។
លោកស្រី Marie Harf អ្នកនាំពាក្យនៃគណៈប្រតិភូស.រ.អា.បាននិយាយថា៖ «យើងបានធ្វើឱ្យមានការជឿនលឿនច្រើនក្រាស់ក្រែលក្នុងផ្នែកទាំងអស់ ក៏ប៉ុន្តែការងារនេះមានលក្ខណៈបច្ចេកទេសខ្ពស់ហើយមានសារៈសំខាន់សម្រាប់ប្រទេសទាំងអស់ដែលមានការទាក់ទិន»។
សេចក្តីថ្លែងការណ៍របស់លោកស្រី Harf បានចែងថា៖ «យើងខ្វល់ខ្វាយអំពីគុណភាពនៃកិច្ចព្រមព្រៀងនេះជាងពេលវេលានៃការមានកិច្ចព្រមព្រៀងនេះ...»។
លោកស្រី Federica Mogherini ប្រធានផ្នែកគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃអង្គារថា៖ «យើងបកស្រាយការកំណត់ពេលវេលារបស់យើងតាមវិធីទោរទន់មួយ ដែលមានន័យថា យើងចំណាយពេលវេលាច្រើនថ្ងៃដែលយើងនៅតែត្រូវការដើម្បីធ្វើឱ្យសម្រេចកិច្ចព្រមព្រៀងនេះ» ដោយលោកស្រីបានថ្លែងបន្ថែមថា នៅមានបញ្ហាពិបាកៗមួយចំនួនទៀតដែលត្រូវដោះស្រាយ៕