កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​ពន្យារពេល​ដល់​ថ្ងៃទី១៣​ខែកក្កដា

រដ្ឋ​មន្រ្តី​ការបរទេស​ស.រ.អា.​ លោក John Kerry ជួប​ជាមួយ​រដ្ឋ​មន្រ្តី​ការ​បរទេស និង​អ្នក​តំណាង​នៃ​ប្រទេស​អាល្លឺម៉ង់ បារាំង ចិន អង់គ្លេស រុស្ស៊ី និង​សហភាព​អឺរ៉ុប កំឡុង​កិច្ច​ប្រជុំ​តុ​មូល​ដែល​និយាយ​អំពី​កិច្ច​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​ក្នុង​ក្រុង​វីយែន ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥។

កិច្ច​ព្រមព្រៀង​បរមាណូ​បណ្តោះ​អាសន្ន​មួយ​រវាង​ប្រទេស​អ៊ីរ៉ង់ និង​បណ្តា​ប្រទេស​មហា​អំណាច​ពិភពលោក​នឹង​បន្តរហូត​ដល់​ថ្ងៃច័ន្ទ​ដើម្បី​ផ្តល់​ពេល​វេលា​ថែម​ទៀត​ជូន​ក្រុម​អុ្នក​ចចារ​នៅ​ក្នុង​ទីក្រុង​វីយែន​សម្រាប់​ធ្វើ​ការ​ចចារ​អំពី​កិច្ច​ព្រមព្រៀង​ទូលំទូលាយ​មួយ នេះ​បើ​តាម​សម្តី​របស់​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រ​សួង​ការបរទេស​ស.រ.អា.​នៅ​ថ្ងៃ​សុក្រ​នេះ។

មន្ត្រី​រូប​នេះ​បាន​និយាយ​ថា​ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ពេល​វេលា​ថែម​ទៀត​សម្រាប់​ការ​ចចារ យើង​កំពុង​តែ​ចាត់​វិធានការ​បច្ចេកទេស​ចាំបាច់​សម្រាប់​ឲ្យ​វិធានការ​នាៗ​នៃ​ផែនការ​សកម្មភាព​រួម នៅ​ស្ថិតស្ថេរ​រហូត​ដល់​ថ្ងៃ​ទី​១៣​កក្កដា។ កិច្ច​ព្រមព្រៀង​បណ្តោះ​អាសន្ន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ខែ​មេសា ហើយ​ថ្ងៃ​កំណត់​ចុង​ក្រោយ​ដើម​ដំបូង​នៅ​ថ្ងៃទី​៣០​ខែ​មិថុនា​សម្រាប់​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ផ្តាច់​ព្រាត់​មួយ​បាន​កន្លង​ផុត​ទៅ​ហើយ។

កាល​ពី​ថ្ងៃ​សុក្រ​មុន លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា. John Kerry ​បាន​ថ្លែង​ថា មាន​ការ​ជឿន​លឿន​ទៅ​មុខ​ក្នុង​ការ​ចចារ​គ្នា។

«យើង​នៅ​មាន​បញ្ហា​លំបាក​ខ្លាំង​មួយ​ចំនួន ហើយ​យើង​នឹង​អង្គុយ​ពិភាក្សា​គ្នា ក្នុង​ពេល​ឆាប់ៗ​នេះ» នេះ​ជា​ប្រសាសន៍​របស់​លោក​ Kerry ​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ ខណៈ​ដែល​លោក​ជួប​ជាមួយ​ក្រុម​របស់​លោក​ក្នុង​ទីក្រុង​វីយែន។​ លោក​ថ្លែង​ថា «ប៉ុន្តែ​ខ្ញុំ​គិត​ថា​ យើង​បាន​ដោះស្រាយ​បញ្ហា​ខ្លះ​ដែល​ជាប់​គាំង​ជា​យូរ​មក​ហើយ ហើយ​យើង​មាន​ការ​ជឿន​លឿន​ទៅ​មុខ​ខ្លះ»។

នៅ​រសៀលថ្ងៃសុក្រ​នេះ លោក Kerry ​បាន​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេសអ៊ីរ៉ង់ Mohammad Javid Zarif ហើយ​និង​ក្រុម​មន្ត្រី​គោល​នយោបាយ​ការ​បរទេស​នៃ​សហភាព​អឺរ៉ុប៕