ប្រទេសអ៊ីរ៉ង់មិនមានផែនការចាកចេញពីអង្គការរបស់ប្រទេសនាំប្រេងចេញទៅក្រៅប្រទេសឬ OPEC ថ្វីបើសមាជិកខ្លះរបស់អង្គការនោះបានចាត់ទុកប្រទេសអ៊ីរ៉ង់ដូចជាសត្រូវក៏ដោយ។ នេះបើតាមការបញ្ជាក់របស់លោក Bijan Zanganeh រដ្ឋមន្រ្តីក្រសួងប្រេងឥន្ធនៈរបស់អ៊ីរ៉ង់នៅក្នុងកិច្ចសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។
លោក Zanganeh បានប្រាប់បណ្តាញព័ត៌មានសភា ICANA របស់អ៊ីរ៉ង់ថា អ៊ីរ៉ង់មិនមានផែនការចាកចេញពីអង្គការ OPEC ទេ ហើយជាការសោកស្តាយដែលសមាជិកខ្លះរបស់អង្គការ OPEC បានបង្វែអង្គការនេះឲ្យក្លាយជាវេទិកានយោបាយសម្រាប់ការប្រឈមមុខដាក់គ្នារបស់សមាជិក២ដែលបានបង្កើតអង្គការ OPEC គឺប្រទេសអ៊ីរ៉ង់និងវ៉េណេស៊ុយអេឡា។
លោកនិយាយថា៖ «ប្រទេស២នៅក្នុងតំបន់កំពុងបង្ហាញភាពជាអមិត្តចំពោះយើងនៅក្នុងអង្គការនេះ។ យើងមិនមែនជាសត្រូវរបស់ពួកគេទេ ក៏ប៉ុន្តែពួកគេកំពុងបង្ហាញភាពជាអមិត្តចំពោះយើង ហើយពួកគេប្រើប្រាស់ប្រេងជាអាវុធប្រឆាំងនឹងយើងនៅក្នុងទីផ្សារសាកលលោក និងពិភពលោក»។ ប៉ុន្តែលោក Zanganeh មិនបានប្រាប់ឈ្មោះប្រទេសទាំង២នោះទេ។
ការតានតឹងរវាងប្រទេសអ៊ីរ៉ង់និងប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលប្រទេសទាំង២ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានកើនឡើងខ្លាំងនៅឆ្នាំនេះបន្ទាប់ពីប្រទេសទាំង២និយាយថា ពួកគេនឹងបង្កើនផលិតផលប្រេងដើម្បីជំនួសប្រេងឆៅរបស់អ៊ីរ៉ង់ដែលកាត់ផ្តាច់ចេញពីទីផ្សារដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕