អ៊ីរ៉ង់​ប្រហារ​ជីវិត​អ្នកវិទ្យាសាស្រ្ត​នុយក្លេអ៊ែរមួយរូប​ពី​បទ​ធ្វើ​ចារកម្ម​ឲ្យ​ស.រ.អា

រូបឯកសារ៖ អ្នកវិទ្យាសាស្រ្ត​អ៊ីរ៉ង់​លោក Shahram Amiri និយាយ​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​ នៅ​ពេល​លោក​មក​ដល់​ព្រលានយន្តហោះ Imam Khomini ក្នុង​ប្រទេស​អ៊ីរ៉ង់ កាល​ពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០១០។ លោក Amiri ត្រូវ​បាន​តុលាការអ៊ីរ៉ង់​កាត់ទោស​ប្រហារ​ជីវិត​ពី​បទ​ធ្វើ​ចារកម្ម​ឲ្យ​ស.រ.អា។

អាជ្ញាធរ​ប្រទេស​អ៊ីរ៉ង់​បាន​ប្រហារជីវិត​អ្នកវិទ្យាសាស្ត្រ​បរមាណូ​ម្នាក់ ដែល​ត្រូវ​បាន​កាត់ក្តី​ឲ្យ​មាន​ទោស​ពី​បទ​ផ្តល់​ព័ត៌មាន​សម្ងាត់អំពី​កម្មវិធី​បរមាណូ​ចម្រូង​ចម្រាស​របស់​រដ្ឋាភិបាល​ក្រុង​តេរ៉ង់​ទៅ​ឲ្យ​ស.រ.អា។

ការ​ប្រហារ​ជីវិត​លោក Shahram Amiri បានត្រូវ​បញ្ជាក់ថា​ ជា​ការ​ពិត​កាលពី​ថ្ងៃ​អាទិត្យ​ ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន IRNA។ លោក Gholamhosein Mohseni Ejehi អ្នក​នាំ​ពាក្យ​តុលាការ​អ៊ីរ៉ង់​បាននិយាយ​ថា ​«តាមរយៈ​ការទាក់ទង​របស់​គាត់​ជាមួយ​ស.រ.អា លោក Amari បាន​ផ្តល់​ព័ត៌មាន​សំខាន់​ណាស់​ដល់​សត្រូវ»។

លោក Ejehi បាននិយាយថា​ តុលាការ​មួយ​បាន​កាត់ទោស​ប្រហារជីវិត​ Amari ដែល​ជា​សាលក្រម​មួយ​ត្រូវ​បានតម្កល់ដោយ​តុលាការ​កំពូលនៃ​ប្រទេស​អ៊ីរ៉ង់។

លោក Amari បាន​ចាកចេញ​ពី​ប្រទេស​អ៊ីរ៉ង់​ទៅកាន់ប្រទេស​អារ៉ាប៊ី សាអូឌីត កាល​ពី​ឆ្នាំ២០០៩​ ហើយ​បាន​ទៅ​រស់​នៅ​ជា​ថ្មីក្នុង​ស.រ.អា​មួយឆ្នាំ​បន្ទាប់មក។ក្រុម​មន្ត្រី​ស.រ.អា​បាននិយាយថា ​ពួកគេ​បាន​ផ្តល់​ប្រាក់​ប្រមាណ​៥លានដុល្លារ​ឲ្យលោកចាកចេញ​ពី​ប្រទេស​អ៊ីរ៉ង និង​ឱ្យ​ផ្តល់ព័ត៌មាន​អំពី​កម្មវិធី​បរមាណូ​របស់​ប្រទេស​អ៊ីរ៉ង់។

មន្ត្រី​ស.រ.អា​ម្នាក់បាននិយាយកាល​ពី​ឆ្នាំ២០១០​ថា ស.រ.អា​បាន​ទទួល​«ព័ត៌មានមានប្រយោជន៍​» ពី​លោក​ Amari។​

លោក Amari ដែល​ជា​អ្នកស្រាវជ្រាវ​ម្នាក់ក្នុង​សាកលវិទ្យាល័យ ហើយ​បាន ធ្វើ​ការ​ឲ្យ​អង្គការ​ថាមពល​បរមាណូ​នៃប្រទេសអ៊ីរ៉ង់​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ស.រ.អា​កាល​ពី​ឆ្នាំ២០១០ ​ដោយ​មិន​បាន​ទទួល​ប្រាក់នោះទេ​ និង​បាន​ទទួល​ស្វាគមន៍​ដោយ​ក្រុម​មន្ត្រី​អ៊ីរ៉ង់​ដូចជា​វីរបុរស​នៅ​មុន​ពេល​លោក​បានត្រូវចាប់ខ្លួន។លោក​បាន​និយាយ​ប្រាប់​ក្រុម​មន្ត្រីអ៊ីរ៉ង់​ថា​ លោក​បាន​ជាប់​ឃុំឃាំង​នៅក្នុង​ស.រ.អា បន្ទាប់​ពី​ត្រូវ​បាន​ចាប់ពង្រត់ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត​ដោយ​ភ្នាក់ងារ​ពីរ​នាក់​នៃ​ទី​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់ស.រ.អា CIA៕