លោក Javad Zarif រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា ការគាំទ្រខាងនយោបាយរបស់អឺរ៉ុបដើម្បីការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិឆ្នាំ២០១៥ បន្ទាប់ពីអាមេរិកដកខ្លួនចេញ គឺមិនគ្រប់គ្រាន់នោះទេ ប្រសិនបើក្រុមហ៊ុនអឺរ៉ុបជាច្រើនបញ្ឈប់ការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់នោះ។
លោក Zarif បានថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយនឹងឧត្តមស្នងការរបស់សហភាពអឺរ៉ុបលោក Miguel Arias Canete និយាយថា «ការសម្រេចចិត្តរបស់ក្រុមហ៊ុនសហភាពអឺរ៉ុបក្នុងការបញ្ចប់សកម្មភាពរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ង់ធ្វើឲ្យរឿងនេះកាន់តែស្មុគស្មាញ»។ បណ្តាញផ្សព្វផ្សាយសារព័ត៌មាន IRIB របស់រដ្ឋក្នុងប្រទេសអ៊ីរ៉ង់បានស្រង់សម្តីរបស់លោក Zarif ដោយនិយាយថា «ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ ធ្វើឲ្យការរំពឹងរបស់សាធារណជនអ៊ីរ៉ង់ទៅលើសហភាពអឺរ៉ុបបានកើនឡើង ហើយការគាំទ្រខាងនយោបាយរបស់អឺរ៉ុបចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះគឺមិនគ្រប់គ្រាន់នោះទេ»។
ជាមួយនឹងការគំរាមកំហែងឡើងវិញរបស់អាមេរិកក្នុងការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនសហភាពអឺរ៉ុបដែលធ្វើវិនិយោគក្នុងប្រទេសអ៊ីរ៉ង់ ក្រុមហ៊ុនបរទេសមួយចំនួនបានដកខ្លួនចេញពីប្រទេសអ៊ីរ៉ង់បាត់ទៅហើយ។
ក្រុមហ៊ុន Total ដែលជាក្រុមហ៊ុនប្រេងដ៏ធំរបស់បារាំងបានឲ្យដឹងថា ខ្លួនកំពុងតែលុបចោលការវិនិយោគក្នុងទឹកប្រាក់៤,៨ពាន់លានដុល្លារក្នុងប្រទេសអ៊ីរ៉ង់ ប្រសិនបើមិនទទួលបានការលើកលែងទណ្ឌកម្មពីសហរដ្ឋអាមេរិកទេនោះ។ ចំណែកឯក្រុមហ៊ុន Engie ដែលជាក្រុមហ៊ុនថាមពលមួយទៀត បាននិយាយថា ខ្លួនមានផែនការនឹងបញ្ឈប់ការងារវិស្វកម្មរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ង់មុនខែវិច្ឆិកា នៅពេលដែលអាមេរិកនិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់៕