អ៊ីរ៉ង់​បដិសេធ​​លទ្ធភាព​នៃ​ការមាន​​សង្គ្រាម​ដោយ​និយាយ​ថា ​ខ្លួនមិន​​ចង់​ឱ្យមានសង្គ្រាម​ទេ

រូបឯកសារ៖ លោក​រដ្ឋមន្ត្រី​ការ​បរទេសអ៊ីរ៉ង់​ Mohammad Javad Zarif អំឡុងពេល​ជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Taro Kono នៅ​ក្រុងតូក្យូ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។​

ប្រធានាធិបតី​​អាមេរិកលោក Donald Trump បាន​បង្កើនការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ​និងបន្ថែម​វត្តមាន​យោធាអាមេរិក ​ក្នុង​តំបន់​ដោយ​លោក​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា ​បាន​គំរាមកំហែង​ដល់​ទាហាននិង​ផល​ប្រយោជន៍​សហរដ្ឋអាមេរិក។​

ទីភ្នាក់ងារ​ព័ត៌មាន IRNA របស់​រដ្ឋនៃ​ប្រទេសអ៊ីរ៉ង់​បានរាយការណ៍​ថា​ កាលពី​ថ្ងៃ​សៅរ៍ ​អ្នកការទូតកំពូល​នៃប្រទេស​អ៊ីរ៉ង់​បាន​បដិសេធលទ្ធភាព​នៃការ​មានសង្គ្រាម​នៅ​ក្នុង​តំបន់​ដោយលោក​បាននិយាយ​ថា​ រដ្ឋាភិបាល​មិន​ចង់​មានសង្គ្រាម​ទេ​ ហើយ​គ្មាន​ប្រទេស​ណាមួយ​មាន «ការ​ភ័ន្ត​គំនិត​ថា ​ខ្លួនអាច​ប្រឈម​នឹងប្រទេសអ៊ីរ៉ង់​បានទេ»។

ភាពតានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាលក្រុង​តេរ៉ង់ ​បាន​កើនខ្លាំងឡើងៗ​កាលពីប៉ុន្មាន​ថ្ងៃ​ថ្មីៗនេះ ​នាំ​ឱ្យមាន​កំណើន​កង្វល់​អំពី​លទ្ធភាព​នៃសង្គ្រាម​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​អ៊ីរ៉ង់។​ កាលពីពេលថ្មីៗនេះ​ សហរដ្ឋអាមេរិកបាន​ដក​បុគ្គលិក​ទូត​ខ្លួនខ្លះ​ពី​ស្ថានទូត​ខ្លួន នៅ​ក្រុង​បាកដាដ​ ​ក្រោយ​មានការ​វាយ​ប្រហារលើនាវា​ដឹកប្រេងនៅ​ក្នុង​ឈូងសមុទ្រ​ពែក។​

លោក​រដ្ឋមន្ត្រី​ការ​បរទេសអ៊ីរ៉ង់​ Mohammad Javad Zarif បាន​និយាយ​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ IRNA នៅមុន​លោកបញ្ចប់​ទស្សនកិច្ច​មួយ​ក្នុងក្រុងប៉េកាំង​ថា៖ «នឹង​គ្មាន​សង្គ្រាមទេ​ពីព្រោះ​យើង​មិន​ចង់​មានសង្គ្រាម​ទេ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​មានគំនិត ​ឬ​ការភ័ន្ត​មតិ​ថា ​ខ្លួន​អាច​ប្រឈម​នឹងអ៊ីរ៉ង់​នៅក្នុង​តំបន់បានទេ»។

ប្រធានាធិបតីអាមេរិកលោក Donald Trump បាន​បង្កើនការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ​និងបន្ថែម​វត្តមាន​យោធា​អាមេរិក ​ក្នុង​តំបន់​ដោយ​លោក​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា ​បាន​គំរាមកំហែង​ដល់​ទាហាន និង​ផល​ប្រយោជន៍​អាមេរិក។​

រដ្ឋាភិបាល​ក្រុង​តេរ៉ង់​បាន​ពណ៌នា​វិធានការ​ទាំង​នេះ​របស់សហរដ្ឋអាមេរិក​ថា​ជា «សង្គ្រាមចិត្តសាស្ត្រ» និង​ជា «ល្បែង​នយោបាយ» មួយ។​

លោក Zarif បាន​ថ្លែង​ថា៖ «ការ​ពិត​ជាក់ស្តែង​គឺ​ថា ​លោក Trump បាន​និយាយ​ជា​ផ្លូវការ​ ហើយលោក​បាននិយាយ​ជា​ថ្មីទៀត​ថា ​លោក​មិនចង់​មានសង្គ្រាម​ទេ ក៏ប៉ុន្តែ​ពួកមនុស្ស​នៅ​ជុំវិញ​លោក​បានជំរុញ​ឱ្យ​មាន​សង្គ្រាម ដោយ​មាន​លេស​ថា​ ពួក​គេ​ចង់​ធ្វើឱ្យ​សហរដ្ឋ​អាមេរិក​ខ្លាំង​ជាងមុនប្រឆាំង​នឹង​អ៊ីរ៉ង់»។

កាលពី​ខែ​មុន​លោក Zarif បាននិយាយប្រាប់ទី​ភ្នាក់ងារព័ត៌មាន​ Reuters ថា ​លោក Trump អាចត្រូវ​ទាក់ទាញ​ចិត្ត​ឱ្យ​ធ្វើ​សង្គ្រាម ដោយសារ​មនុស្សដូចជា លោក John Bolton ទី​ប្រឹក្សា​សន្តិសុខ​ជាតិអាមេរិក ដែល​ជា​អ្នកប្រឆាំង​ខ្លាំង​ក្លា​នឹងប្រទេស​អ៊ីរ៉ង់៕