ប្រតិភូ​អ៊ីរ៉ង់៖ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នៅ​តែ​អាច​ទៅ​រួច

រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​ Javad Zarif ធ្វើ​ការ​និយាយ​ទៅ​កាន់​សន្និសីទ​សារព័ត៌មាន​ បន្ទាប់​ពី​កិច្ចប្រជុំ​នៅ​ទីក្រុង​វីយ៉េន។

រដ្ឋមន្រ្តីការ​បរទេស​អ៊ីរ៉ង់​បាន​ប្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ការ​កំណត់​ដើម្បី​ឲ្យមាន​កិច្ច​ព្រម​ព្រៀង​ដ៏​ធំទូលាយមួយ​ថា ​កិច្ច​ព្រម​ព្រៀង​នោះ​អាចកើត​មាន​ឡើង​បាន ​ប្រសិនបើ​ភាគី​ម្ខាង​ទៀត​មាន​ហេតុផល​ត្រឹម​ត្រូវ។

លោក Mohammad Javad Zarif បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ​ប្រសិន​បើ​ភាគី​ផ្សេង​ទៀត​ចាត់​វិធានការវិជ្ជមាន​ ហើយ​មិន​ទាម​ទារ​ច្រើន​ហួស ​យើង​នឹង​ឈោង​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្រប់​ភាគី​ទាំងអស់។

លោក​បាន​ធ្វើ​អត្ថា​ធិប្បាយភ្លាម​ៗ​មុនពេល​ជំ​នួប​ ដែល​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​វីយ៉ែនជាមួយ​លោករដ្ឋ​មន្រ្តី​ការ​បរទេស​ស.រ.អា John Kerry។

អ្នក​ការទូត​កំពូលប្រទេស​លោក​ខាង​លិចរូប​នោះ​បាន​និយាយ​ថា ​ការខ្វែង​គំនិត​គ្នា​ដ៏​ខ្លាំង​នៅ​តែ​មាន​លើ​បញ្ហា​សំ​ខាន់​ៗ​ នៅពេល​ដែល​អ៊ីរ៉ង់​ និង​មហាអំណាច​ពិភពលោក ​ព្យាយាម​ចរចា​កិច្ច​ព្រម​ព្រៀង​មួយ​ដោយបាន​ដាក់​ពេល​កំណត់​នៅ​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា​នេះ ​ដែលមន្រ្តី​ជា​ច្រើន​រំពឹងថា ​នឹង​កើត​មាន​ឡើង។

អ្នក​ការទូត​រូប​នោះ​បាន​បន្ត​ថា ​បញ្ហា​លំបាកៗ​ជា​ច្រើន​ត្រូវ​តែ​ដោះ​ស្រាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ ​រួមមាន​អធិការ​កិច្ច​របស់​អ.ស.ប​នៅរោង​ចក្រនុយក្លេអ៊ែរ​អ៊ីរ៉ង់ តម្លាភាព ​ការ​ដាក់​ទណ្ឌកម្ម​ និង​លទ្ធ​ភាពយោ​ធា​ទៅលើ​កម្មវិធី​បរមាណូ​របស់​អ៊ីរ៉ង់។

អ្នកការទូត​រូប​នោះ​បាន​ប្រាប់អ្នក​យក​ព័ត៌មាន​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះនៅ​ក្នុង​ទីក្រុង​វីយ៉ែន​ថា ​ការចរចា​ក្នុង​ចំណោម​ក្រុម​មន្រ្តី​មក​ពី​អ៊ីរ៉ង់​ និង​ស.រ.អា ​អង់​គ្លេស ​បារាំង អាល្លឺម៉ង់ ​ចិន​ និង​រុស្ស៊ី​កំពុង​ចូល​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ។

​លោក​រដ្ឋ​មន្រ្តី​ការបរទេស Kerryនិង​លោក Zarif ​ ​រំពឹង​នឹង​ធ្វើ​ការ​ចរចាសម្ងាត់ ​ដែល​នឹង​ត្រូវចូលរួមក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​ដោយ​ក្រុម​មន្រ្តី​មក​ពី​ប្រទេសនានា​ហៅ​កាត់​ថា P5+1 ​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ស.រ.អា និង​អាល្លឺម៉ង់៕