ប្រធានសភាប្រទេសអ៊ីរ៉ង់បាននិយាយថា លោកបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ ខណៈមន្រ្តីអ៊ីរ៉ង់ជាច្រើននាក់ផ្សេងទៀត ក៏បានឆ្លងជំងឺកូវីដ១៩ផងដែរ ក្នុងពេលដែលប្រទេសនេះ កំពុងទទួលរងគ្រោះខ្លាំងដោយសារជំងឺកូវីដ១៩ ដោយកាលពីថ្ងៃពុធបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារជំងឺនេះក្នុងមួយថ្ងៃច្រើនមិនធ្លាប់មាន រហូតដល់៤១៥នាក់។
ប្រធានសភាលោក Mohammad Bagher Ghalibaf បានបង្ហោះសារលើបណ្តាញ Twitter ថា លោកបានទទួលព័ត៌មាននៃការឆ្លងជំងឺកូវីដ១៩ ក្រោយសហការីរបស់លោកមួយរូប ត្រូវបានធ្វើតេស្តរកឃើញវីរុសកូរ៉ូណាមក។
លោកបន្តថា លោកនឹងបន្តបំពេញការងាររបស់លោកពីកន្លែងដែលលោកធ្វើចត្តាឡីស័ក។ កាលពីដើមខែនេះ លោកត្រូវបានគេផ្សព្វផ្សាយលើទូរទស្សន៍រដ្ឋ ខណៈពេលដែលលោកកំពុងចុះសួរសុខទុក្ខអ្នកជំងឺកូវីដ១៩ដែលកំពុងសម្រាកពេញក្នុងមន្ទីរពេទ្យមួយក្នុងរដ្ឋធានីតេហេរ៉ង់នោះ។
យ៉ាងហោចណាស់ មានសមាជិកសភាអ៊ីរ៉ង់ចំនួន៣០រូប បានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយទីប្រឹក្សាមួយរួបរបស់មេដឹកនាំកំពូលអ៊ឺរ៉ង់បានស្លាប់ដោយជំងឺនេះ។
អស់រយៈជាច្រើនខែមកហើយ អ៊ីរ៉ង់បានធ្លាក់ខ្លួនជាប្រទេសរងការរាតត្បាតធ្ងន់ធ្ងរបំផុតពីជំងឺកូវីដ១៩នៅតំបន់មជ្ឈិមបូព៌ា។ រដ្ឋាភិបាលអ៊ឺរ៉ង់ ដែលកំពុងស្រវាស្រទេញសង្គ្រោះសេដ្ឋកិច្ចដែលរងខ្លាំងពីការដាក់ទណ្ឌកម្មរបស់អាមេរិកស្រាប់ មានការស្ទាក់ស្ទើរក្នុងការបញ្ជាឲ្យបិទអាជីវកម្មនានាបើទោះបីជាមានការរាតត្បាតយ៉ាងខ្លាំងពីកូវីដ១៩ក៏ដោយ៕