លោកដូណាល់ ត្រាំប្រាប់ពលរដ្ឋ​អាមេរិកថា អ៊ីរ៉ង់​ទំនង​ជាបន្ទន់ឥរិយាបទ​របស់ខ្លួន

លោកត្រាំថ្លែងសម្រួលភាពតានតឹងជាមួយអ៊ីរ៉ង់នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០។

«អ៊ីរ៉ង់​ទំនង​ជា​បន្ទន់​ឥរិយាបទ» ជាសម្តីរបស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ត្រាំនៅក្នុងសន្ទរកថាមួយ​ទៅកាន់​ប្រទេស​ជាតិ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​បន្ទាប់​ពីអ៊ីរ៉ង់បាន​បាញ់កាំជ្រួច​មីស៊ីល​បាលីស្ទិក​ជាង ១០​គ្រាប់​ដៅលើ​មូលដ្ឋានទ័ពអាកាស​អ៊ីរ៉ាក់ ២ដែល​ជា​ទីកន្លែង​របស់​កងទ័ព​សហរដ្ឋ​អាមេរិក។

លោក​ប្រធានា​ធិបតី​ត្រាំបាន​ពន្យល់​ថា «មិនមាន​ពលរដ្ឋ​អាមេរិកាំង​និង​អ៊ីរ៉ាក់ ​បាន​បាត់​បង់​អាយុជីវិត​ ពីព្រោះតែ​ការចាត់​វិធានការ​ប្រុងប្រៀប​ជាមុន បំបែក​កម្លាំង​និង​ប្រព័ន្ធព្រមាន​ជាមុន​ដែល​បាន​ដំណើរ​ការ​យ៉ាង​ល្អ»។ លោក​ប្រធា​ធិបតី ​មានប្រសាសន៍​បន្ថែម​ទៀត​ថា មានការ​ខូចខាត​តិ​ចតួចបំផុត។

អ៊ីរ៉ង់បាន​បាញ់​កាំជ្រួច​មីស៊ីល​ចូលក្នុង​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ​បន្ទាប់​ពី​ការ​គំរាម​កំហែងសងសឹក​របស់​មេដឹកនាំជាន់​ខ្ពស់​អ៊ីរ៉ង់ប្រឆាំង​នឹង​សហរដ្ឋ​អាមេ​រិកចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាស​ដែល​បាន​បញ្ជា​ដោយ​លោក​ប្រធានា​ធិបតី​ត្រាំដែល​បាន​សម្លាប់​ឧត្តមសេនីយ៍ Qassem Soleimani មេបញ្ជាការ​កង​កម្លាំង​ឃុត​អ៊ីរ៉ង់​ដែល​មេដឹក​នាំ​សហរដ្ឋ​អាមេរិកបាន​និយាយ​ថា ​ជា​អ្នក​ទទួល​ខុសត្រូវខ្លះ​ចំពោះអំពើ​ព្រៃផ្សៃ។

លោក​ប្រធានាធិបតី​ត្រាំ នៅ​ក្នុង​សេតវិមាន ដែល​ត្រូវបាន​ឈរអម​ដោយ​លោក​អនុប្រ​ធានា​ធិបតី Mike Pence រដ្ឋមន្រ្តី​ការបរទេស Mike Pompeo រដ្ឋមន្រ្តី​ការពារ​ប្រទេស Mark Esper និង​មេដឹកនាំផ្សេងៗ​ទៀត​របស់​កងទ័ព ​បាន​និយាយ​ថា លោក ​នឹង​ស្នើសុំ​ឲ្យ​អង្គការ​អូតង់​ទាក់​ទិន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា ក៏ប៉ុន្តែលោក​ប្រធានា​ធិបតី​មិន​បានផ្តល់​សេចក្តី​លម្អិត​ទេ។

លោក​ប្រធានា​ធិបតី​ត្រាំក៏បាន​អំពាវនាវ​ដល់​ហត្ថលេខី​ផ្សេងទៀតនៃ​កិច្ច​ព្រម​ព្រៀងផែនការ​ទូលំទូលាយ​រួម​ធ្វើ​ទៅតាមរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​បោះបង់​ចោល​កិច្ច​ព្រម​ព្រៀង​នុយក្លែអ៊ែ​រដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​អ៊ីរ៉ង់។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ​ថា «ពេល​វេលា​មក​ដល់​ហើយ​សម្រាប់​ចក្រភព​អង់គ្លេស ​អាល្លឺម៉ង់ ​បារាំង ​រុស្ស៊ី និង​ចិនទទួល​ស្គាល់​ការពិត​នេះ»៕