ក្រុមអ្នកស៊ើបអង្កេតកំពុងប៉ុនប៉ងកំណត់អំពីហេតុដូចម្តេចបានជាជនប្រដាប់អាវុធតែម្នាក់ឯងគត់បានបាញ់កាំភ្លើងនៅក្នុងមហាវិទ្យាល័យមួយក្នុងតំបន់ដាច់ស្រយាលមួយក្នុងប៉ែកខាងត្បូងនៃរដ្ឋ Oregon នៅពេលដែលសហគមន៍មួយបានកាន់មរណទុក្ខឲ្យជនរងគ្រោះ និងបានជួយសម្រាលទុក្ខអ្នកនៅរស់។
កាលពីព្រឹកថ្ងៃសុក្រ លោក John Hanlin មេប៉ូលិសស្រុក Douglas បាននិយាយប្រាប់អ្នកកាសែតនៅក្នុងក្រុង Eugene រដ្ឋ Oregon ថាក្រុមអ្នកស៊ើបអង្កេតបានឋិតនៅក្នុងមហាវិទ្យាល័យសហគមន៍ Umpqua និងនៅក្នុងផ្ទះរបស់អ្នកបាញ់កាំភ្លើងនោះពេញមួយយប់។
លោក Hanlin បាននិយាយប្រាប់បណ្តាញទូរទស្សន៍អាមេរិកាំង CNN ថាក្រុមអ្នកស៊ើបអង្កេតបានចំណាយពេលមួយយប់ដើម្បីខិតខំព្យាយាមជួបជាមួយអ្នកជិតខាង និងមិត្តភក្តិនៃអ្នកបាញ់កាំភ្លើងនេះ ហើយថាពួកគេកំពុងពិនិត្យមើលភស្តុតាងពីកន្លែងមានឧក្រិដ្ឋកម្មនេះ។
ក្រុមមន្ត្រីបាននិយាយថា ជនប្រដាប់នេះឈ្មោះ Chris Harper Mercer អាយុ២៦ឆ្នាំ ហើយថាគាត់បានបាញ់កាំភ្លើងនៅក្នុងមហាវិទ្យាល័យនោះកាលពីថ្ងៃព្រហស្បតិ៍បណ្តាលឱ្យមនុស្ស៩នាក់ស្លាប់ និងធ្វើឱ្យមនុស្ស៧នាក់ទៀតត្រូវរបួសនៅមុនពេលគាត់ត្រូវបាញ់ស្លាប់នៅពេលបាញ់តគ្នាជាមួយប៉ូលិស។
ក្រុមមន្ត្រីខាងការពង្រឹងច្បាប់និយាយថា Mercer មានអាវុធបី ហើយអាវុធយ៉ាងតិចណាស់មួយជាកាំភ្លើងវែង ហើយគេមានជំនឿថាអាវុធឯទៀតៗជាកាំភ្លើងខ្លី៕