អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ធានា​សុវត្ថិភាព​បុគ្គលិក​សិទ្ធិ​មនុស្ស

គេហទំព័រ​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា

អង្គការ​ឃ្លាំ​មើលដើម្បីការពារ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​ដែលរួម​គ្នា​ដោយ​អង្គការ​ពិភពលោក​ប្រឆាំង​ការធ្វើ​ទារុណ​កម្ម​និង​សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស បាន​ទាមទារឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ធ្វើ​អន្តរាគមន៍ការពារមន្ត្រី​គម្រោងដីធ្លី​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​និង​មន្ត្រី​សិទ្ធិ​មនុស្ស​ដទៃ​ទៀត​ ក្រោយ​ពី​មន្ត្រី​រូប​នោះ​អះអាង​ថា​ ទទួល​រង​ការ​គំរាម​សម្លាប់​ពី​ក្រុម​រក្សា​សន្តិសុខ​ក្នុង​ដី​ទំនាស់​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ភ្នំពេញ។​

កាល​ពី​រសៀល​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ លោក​វ៉ាន់ សុផាត ​អ្នក​សម្រប​សម្រួល​គម្រោង​កែ​ទម្រង់​ដីធ្លី​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បានចុះ​ទៅ​អង្កេត​ស្ថាន​ភាពដី​ជម្លោះ​មួយ​រវាង​ក្រុម​ហ៊ុន​ឃុន ស៊ា ​និង​ប្រជា​ពលរដ្ឋចំនួន​បី​គ្រួសារ​ក្នុង​សង្កាត់​បឹងកក់១ ​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ។​

​នៅ​ក្នុង​ពេល​នោះ ​លោក​វ៉ាន់ សុផាត​បាន​ថត​វីដេអូ ​ហើយ​នៅ​ពេល​នោះ​កង​សន្តិសុខ​របស់​ក្រុម​ហ៊ុន​ប្រមាណ ប្រាំមួយ​នាក់​ បាន​មក​គំរាម​វាយ​និង​កាប់បំបែក​ក្បាល​រូប​លោក​នឹង​ពូថៅ។​

នៅ​ក្នុង​សារលិខិតរបស់​ខ្លួន​តាម​គេហទំព័រកាល​ពី​ថ្ងៃ​អង្គារទី​១៣​ខែ​ឧសភា ​ អង្គការ​ឃ្លាំ​មើលដើម្បីការពារ​អ្នក​ការពារសិទ្ធិ​មនុស្ស​ (Observatory for the Protection of Human Rights Defenders-OPHD)​ដែល​ជា​អង្គការបង្កើត​ឡើង​ដោយ​គម្រោង​រួម​របស់​អង្គការ​ពិភព​លោក​ប្រឆាំង​ការ​ធ្វើទារុណ​កម្ម​(OMCT)​និង​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​(FIDH) ​បាន​ទទូច​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ លោក​ ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​ស្នើ​ដល់​លោក​អង្គ វង្សវឌ្ឍនា ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ​និង​លោក​ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ ធ្វើការធានា​បូរណ​ភាព​ទាំង​ស្មារតី​និង​រាងកាយ​របស់​លោក​វ៉ាន់ សុផាត ​រួម​ទាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត។​

​បន្ថែម​ពីនោះ​ទៀត​ អង្គការ​ដដែល​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេតជា​បន្ទាន់​មួយ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព ​តម្លាភាព​និង​មិន​លម្អៀងដើម្បី​កំណត់​អត្ត​សញ្ញាណជន​ទទួល​ខុស​ត្រូវ​ និងយក​មក​កាត់ទោស ​រួម​ទាំង​បញ្ចប់​នូវ​សកម្ម​ភាព​បៀតបៀន​លើ​រូប​លោក​វ៉ាន់ សុផាត​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​សម ប្រជាមានិត ​នាយ​ខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌​ អះអាង​ថា​ លោក​មិន​ទាន់​បាន​ទទួល​សំណើ​របស់​ក្រុម​អង្គការ​អន្តរជាតិ​ទាំង​ពីរ​នោះ​ទេដោយ​សារ​រាជការ​ត្រូវឈប់​សម្រាក​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រ។​

ដោយឡែក​លោក​ឧត្តម​សេនីយ៍​ឯក ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ វីអូអេបាន​ព្យាយាម​ទាក់ទង​សុំ​អត្ថាធិប្បាយ តែមិន​អាច​ទាក់​ទង​បាន​ទេ​នៅ​រសៀល​ថ្ងៃ​នេះ។​

ទំនាស់​ដីធ្លី​រវាង​ប្រជា​ពលរដ្ឋ​ខាង​លើ​នេះ​ជាមួយ​ក្រុមហ៊ុន​ឃុន ស៊ា​បាន​ចាប់​ផ្តើម​ចាប់តាំង​ពី​ឆ្នាំ​២០១០​មក​ម្ល៉េះ​ ខណៈ​ដែល​គ្រួសារ​ទាំងនេះ​បាន​កាន់​កាប់​ដី​មាន​ទំនាស់​ចាប់​តាំង​ពី​ទសវត្សរ៍ឆ្នាំ​១៩៨០​មក​ម្ល៉េះ។​

កង​សន្តិសុខធ្លាប់​បាន​អះអាង​ថា​ ពួក​គេ​បម្រើ​ការ​ឲ្យ​លោក​យឹម លាង ​កូន​ប្រុស​របស់​លោក​យឹម ឆៃលី ​ដែល​ត្រូវជា​ដន្លង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​និងជាប្រធាន​កង​អង្គរក្ស​របស់​លោក​ជា ស៊ីម ​ប្រធាន​ព្រឹទ្ធ​សភា។​

កង​សន្តិសុខទាំង​នេះបានកម្ទេចដំណាំ ​ផ្តាច់​ភ្លើង​និង​វាយ​កម្ទេចសម្ភារៈ​ និង​វាយ​ដំ​សមាជិក​គ្រួសារ​នៃ​ប្រជា​ពលរដ្ឋ​ដែល​ស្ថិត​ក្នុង​ជម្លោះ​នេះ។​

លោក​វ៉ាន់ សុផាត ​អ្នក​សម្រប​សម្រួល​គម្រោង​កែ​ទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាដែល​ទទួល​រង​ការ​គំរាម​កំហែង​ បាន​ឲ្យ​ដឹង​ថា មិន​ទាន់​មាន​សញ្ញា​គំរាម​កំហែង​ថ្មី​ណា​មួយ​លើ​រូប​លោក​ទេ​ក្នុង​ពេល​នេះ។​

«មិន​ទាន់​មាន​អ្វី​គួរ​កត់​សម្គាល់​ទេ។​ ​ហើយ​ឥឡូវ​ពេល​កំពុង​មាន​ប្រតិកម្ម​ទាំង​ជាតិ​និង​អន្តរជាតិ​អញ្ចឹង​ ប្រហែល​មិនទាន់​មាន​បញ្ហា​ទេ។​ តែ​ខ្ញុំ​បារម្ភ​ថា​ពេល​ដែល​ស្ងប់​ស្ងាត់​ទៅ​មិន​ដឹង​ថា​ មាន​រឿង​អី​កើត​ឡើង​ទេ»។​

កាលពី​សប្តាហ៍​មុន​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ចេញ​របាយ​ការណ៍​អំពី​ស្ថាន​ភាព​ដី​ធ្លីក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៣​ ដោយ​បង្ហាញ​ថា​ សកម្មជន​ដីធ្លី​ទទួល​រង​ការ​គំរាម​កំហែង ​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ផ្លូវ​តុលាការ​ជាញឹកញាប់​ក្រោម​បទ​ចោទ​ប្រកាន់​ពី​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន ​អំពើ​ហិង្សា​ដោយ​ចេតនា ​បទ​បរិហារ​កេរ្តិ៍​ ផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​បទ​ញុះញង់​ជាដើម។ ​ក្នុង​នោះដែរ​មាន​ប្រជា​ពលរដ្ឋ​ចំនួន​១០៩​នាក់​ត្រូវទទួល​រង​ការចោទ​ប្រកាន់​ដោយ​តុលាការ ​នៅ​ក្នុង​នោះ៤៣​នាក់​ត្រូវចាប់ខ្លួន​និង​១៩​នាក់​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​ក្នុង​ពេល​នេះ។

ដោយឡែកចាប់​ពី​ខែ​មករា​រហូត​មក​ដល់​ដើម​ខែឧសភា​នេះ​មានអ្នក​ការ​ពារ​ដីធ្លី ​និង​អ្នក​ការពារ​ធនធាន​ធម្មជាតិ​យ៉ាង​ហោច​ណាស់​ចំនួន​ជាង​៤០​នាក់​ទទួល​រង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ ក្នុងនោះ​មាន​សកម្មជន​ការពារ​ដីធ្លី​ចំនួន​១២​នាក់​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ៕