ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ពិចារណា​ដាក់​ពាក្យ​បណ្តឹង​​​ភ្នាក់ងារ​សន្តិសុខ​ក្រុមហ៊ុន​ឯកជន


ក្រុម​មន្ត្រី​សន្តិសុខ​ប៉ះ​ទង្គិច​ជាមួយ​បាតុករ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​​​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៤។
ក្រុម​មន្ត្រី​សន្តិសុខ​ប៉ះ​ទង្គិច​ជាមួយ​បាតុករ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​​​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៤។
មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​ដែល​ជាអង្គការ​ការពារ​សិទ្ធិ​មនុស្ស​សំខាន់​មួយ​កំពុង​ពិចារណា​ដាក់​ពាក្យ​បណ្តឹងប្រឆាំង​នឹង​ភ្នាក់ងារ​សន្តិ​សុខ​មួយ​ក្រុម​របស់​ក្រុមហ៊ុន​ឯកជន​ដែល​មិន​សូវ​ល្បី​ឈ្មោះ​មួយ​ ដោយចោទ​ប្រកាន់​ថា​ កង​សន្តិសុខ​ទាំង​នោះ​បាន​គំរាម​សម្លាប់មន្ត្រី​ស៊ើប​អង្កេត​របស់​ខ្លួន។​

កាល​ពី​រសៀល​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ លោក ​វ៉ាន់ សុផាត ​អ្នក​សម្រប​សម្រួល​គម្រោង​កែទម្រង់​ដីធ្លី​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បានចុះ​ទៅ​អង្កេត​ស្ថានភាពដី​ជម្លោះ​មួយ​រវាង​ក្រុម​ហ៊ុនឃុន ស៊ា ​និង​ប្រជា​ពលរដ្ឋ​ដែល​នៅ​សេសសល់​ចំនួន​បី​គ្រួសារ​ក្នុង​សង្កាត់​បឹងកក់​១​ ខណ្ឌ​ទួលគោក​ រាជធានី ​ភ្នំពេញ។​

លោក​វ៉ាន់ ​សុផាត​រៀបរាប់​ថា​ លោក​បាន​ថត​វីដេអូនៅ​ក្នុង​ពេល​កំពុង​ស៊ើប​អង្កេត​ ហើយ​នៅ​ពេល​នោះ​ កង​សន្តិសុខ​របស់​ក្រុម​ហ៊ុន​ប្រមាណ​ជា​ប្រាំ​មួយ​នាក់​ បាន​មក​គំរាម​រូប​លោក។​

«វា​ប្រើ​ពាក្យ​ថា​ កាប់​ក្បាល​អ្ហែង​នឹង​ពូថៅ​ឥឡូវ! ហើយ​ប្រើ​ពាក្យ​ថា​ មើ!​ អ្ហែង​ចូល​ម្តង​ទៀត​មើ! បើ​អញ​មិនកាប់​អ្ហែង​នៅ​ទី​នេះ។ ​ហើយ​ថា​ អ្ហែង​ចាំ​មើល ​អា​កញ្ចាស់!​ អញ​មិន​ឲ្យ​អ្ហែង​រួច​ខ្លួន​ទេ»។​ ​

ទំនាស់​ដីធ្លី​រវាង​ប្រជា​ពលរដ្ឋ​ខាង​លើ​នេះ​ជាមួយ​ក្រុមហ៊ុន​ឃុន ស៊ា​បាន​ចាប់​ផ្តើម​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក​ម្ល៉េះ​ ខណៈ​ដែល​គ្រួ​សារ​ទាំងនេះ​បាន​កាន់​កាប់​ដី​មាន​ទំនាស់​ចាប់​តាំង​ពី​ទសវត្ស​១៩៨០​មក​ម្ល៉េះ។​

កង​សន្តិសុខធ្លាប់​បាន​អះអាង​ថា​ ពួក​គេ​បម្រើ​ការ​ឲ្យ​លោក​យឹម ឆៃ​លាង​ កូន​ប្រុស​របស់​លោក​យឹម ឆៃលី ​ដែល​ត្រូវ​ជា​ដន្លង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

កង​សន្តិសុខ​ទាំង​នេះបានកម្ទេចដំណាំ ​ផ្តាច់​ភ្លើង​ និង​វាយ​កម្ទេចសម្ភារៈ​ និង​វាយ​ដំ​សមាជិក​គ្រួសារ​នៃ​ប្រជា​ពលរដ្ឋ ​ដែល​ស្ថិត​ក្នុង​ជម្លោះ​នេះ។​

លោកស្រី​ឈុនលី ឆៃ ​អ្នក​សម្រប​សម្រួល​គម្រោង​ការពារ​សិទ្ធិ​មនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា​ មាន​ប្រសាសន៍​ថា​ អង្គការ​របស់​លោកស្រីបាន​កំណត់​អត្ត​សញ្ញាណ​ជន​ដែល​គំរាម​សម្លាប់​មន្ត្រី​កម្ម​វិធី​ដីធ្លីហើយ​នឹង​រៀប​ចំ​បណ្តឹង​ប្រឆាំង​ពួក​គេ។​

«យើង​ដឹង​អត្ត​សញ្ញាណ​របស់​អ្នក​នោះ​ អញ្ចឹង​ហើយ​បានជា​យើង​គិត​ថា ​យើង​នឹង​ប្តឹង»។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទងសុំ​ការ​ឆ្លើយ​តប​ពី​តំណាង​ក្រុមហ៊ុន​ឃុន ស៊ា​ តែមិន​អាចទាក់​ទង​បាន​ទេនៅ​ថ្ងៃនេះ។​ ដោយឡែក​លោក​ឡុង ឌីម៉ង់ ​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ មិន​អាច​ផ្តល់​សេចក្តី​អត្ថាធិប្បាយ​ណាមួយ​ទេ​ ដោយសារ​តែ​លោក​ជាប់រវល់​ប្រជុំ។​

កាលពី​សប្តាហ៍​មុន ​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុក​ បាន​ចេញ​របាយ​ការណ៍​អំពី​ស្ថាន​ភាព​ដី​ធ្លីក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៣​ ដោយ​បង្ហាញ​ថា​ ជន​រងគ្រោះ​ដោយ​សារ​ទំនាស់​ដីធ្លី​នៅ​តែ​ប្រឈម​នឹង​បញ្ហា​អយុត្តិ​ធម៌ ​រីឯ​ប្រជា​ពេល​រដ្ឋ​ក្រីក្រកំពុង​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​នៃ​ការ​បណ្តេញចេញ​ពី​ទី​ប្រជុំ​ក្រុង​ឲ្យ​ឃ្លាត​ឆ្លាយ​ពី​ខ្សែ​ភ្នែក​របស់​អ្នក​មាន។​

របាយ​ការណ៍​របស់​សមាគម​អាដហុក​បង្ហាញ​ទៀត​ថា ​ក្នុង​អំឡុង​ឆ្នាំ​២០១៣​ សកម្ម​ជន​ដីធ្លី​ទទួល​រង​ការ​គំរាម​កំហែង​ និង​ការធ្វើ​ទុក្ខបុក​ម្នេញ​តាម​ផ្លូវ​តុលាការ​ជា​ញឹកញាប់ ​ក្រោម​បទ​ចោទ​ប្រកាន់​ពី​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន ​អំពើ​ហិង្សា​ដោយ​ចេតនា​ បទបរិហារ​កេរ្តិ៍​ ផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​បទ​ញុះញ៉ង់​ជាដើម។​ ក្នុង​នោះ​មាន ​ប្រជា​ពលរដ្ឋ​ចំនួន​១០៩​នាក់​ត្រូវ​ទទួល​រង​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ​ ក្នុង​នោះ​ដែរ​៤៣​នាក់ត្រូវ​ចាប់​ខ្លួន​និង​១៩​នាក់​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​ក្នុង​ពេល​នេះ។​

លោក​ចាន់ សូវ៉េត ​អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក​ បាន​ឲ្យ​ដឹង​ថា​ មាន​អ្នក​ការ​ពារ​ដីធ្លី ​និង​អ្នក​ការពារ​ធនធាន​ធម្មជាតិ ​យ៉ាង​ហោច​ណាស់​ចំនួន​ជាង​៤០​នាក់​ ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ខែ​មករា​ រហូត​មក​ដល់​ដើម​ខែ​ឧសភាឆ្នាំ​២០១៤​នេះ។​ ក្នុង​នោះ​មាន​សកម្មជន​ការពារ​ដីធ្លី​ចំនួន​១២​នាក់​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ៕
XS
SM
MD
LG