ភាពយន្តឯកសារថ្មីមួយអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងក្នុងប្រទេសលាវត្រូវបានចាក់បញ្ចាំងជាលើកដំបូងនៅក្នុងទីក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ។
ទំនប់ដ៏ចម្រូងចម្រាស់នេះត្រូវគេគ្រោងសាងសង់នៅលើច្រកមួយនៃទន្លេមេគង្គ ចម្ងាយប្រមាណតែ២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនខ្មែរ។
លោកសាយ មុន្នីនៃវីអូអេបានជួបសន្ទនាជាមួយផលិតករភាពយន្តឯកសារនេះគឺលោកTom Fawthrop អំពីភាពយន្តរបស់លោកដែលមានចំណងជើងថា «ល្បែងដ៏អស្ចារ្យនៅលើទន្លេមេគង្គ៖ តើយើងសម្លាប់ទន្លេមេគង្គដោយទំនប់ម្តងមួយៗឬ?»
ភាពយន្តឯកសារថ្មីនេះគឺជាការបន្តភាគពីភាពយន្តឯកសារទី១របស់លោកTom Fawthrop ដែលមានចំណងជើងថា «តើត្រីទៅណាអស់ហើយ?»។
តទៅនេះគឺជាភាគទី១នៃបទសម្ភាសន៍ដែលមាន២ភាគរវាងលោកសាយមុន្នីនិងលោក Tom Fawthrop អំពីភាពយន្តឯកសាររបស់លោកនិងបញ្ហាទំនប់ដនសាហុង ដូចតទៅ៖
សំណួរ៖ ហេតុអ្វីបានជាលោកផលិតភាពយន្តឯកសារនេះឡើង?
ចម្លើយ៖ គោលបំណងនៃការផលិតភាពយន្តឯកសារនេះគឺដើម្បីមើលឲ្យហួសពីការអះអាងថើរៗរបស់រដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលលាវ និងក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនី ដែលតែងតែប្រាប់យើងថា យើងត្រូវការថាមពលច្រើនថែមទៀត តំបន់នេះចង់បានអគ្គិសនីបន្ថែមទៀត និងថាវារីអគ្គិសនីគឺជាទម្រង់ថាមពលស្អាតជាដើម។
ជាការណ៍ពិតណាស់ ប្រទេសនានាពិតជាត្រូវការថាមពលបន្ថែមទៀតមែន ប៉ុន្តែពួកគេក៏ចាំបាច់ត្រូវការពារធនធានធម្មជាតិដ៏មានតម្លៃផងដែរ។ ឧទាហរណ៍ ធនធានជលផល ដែលផ្តល់សន្តិសុខស្បៀងដ៏អស្ចារ្យសម្រាប់តំបន់នេះ ដែលមានលក្ខណៈល្អឯកនៅលើលោក ពីព្រោះទន្លេមេគង្គគឺជាទន្លេតែមួយគត់ក្នុងពិភពលោកដែលកំពុងផ្តល់អាហារ ជីវភាពរស់នៅ និងគុណប្រយោជន៍ជាច្រើនផ្សេងទៀត ដល់ប្រជាពលរដ្ឋចន្លោះពី៦០ទៅ៦៥លាននាក់ ទូទាំងប្រទេសទាំងបួនគឺថៃ លាវ កម្ពុជានិងវៀតណាម។
សំណួរ៖ ទំនប់ដនសាហុងត្រូវគេគ្រោងសាងសង់នៅលើច្រកតែមួយប៉ុណ្ណោះក្នុងចំណោមច្រកជាច្រើនដែលទន្លេមេគង្គបែកខ្ញែកគ្នាក្នុងតំបន់កោះបួនពាន់ នាភាគខាងត្បូងប្រទេសលាវ។ ចុះហេតុអ្វីបានជាបណ្តាប្រទេសនៅខ្សែទឹកខាងលើ និងខាងក្រោមរួមមានថៃ កម្ពុជានិងវៀតណាម មានការព្រួយបារម្ភខ្លាំងម្ល៉េះអំពីគម្រោងទំនប់នេះ?
ចម្លើយ៖ មូលហេតុដែលច្រកដ៏ពិសេសដែលគេគ្រោងសាងសង់ទំនប់កាត់លើនេះគឺជាកង្វល់ដ៏ធំរបស់អន្តរជាតិ ដោយរួមមានអ្នកជំនាញខាងវិទ្យាសាស្ត្រជាង១០០នាក់មកពីសាកលវិទ្យាល័យនានាជុំវិញពិភពលោកដែលពាក់ព័ន្ធនឹងផ្នែកភូមិសាស្ត្រ ដីសើម និងផ្នែកអភិរក្ស ដែលបានចុះហត្ថលេខាលើញត្តិរួមគ្នាមួយនោះ គឺដោយសារវាជាតំបន់ ដែលមិនគួរមានទំនប់ណាមួយឡើយ។
មូលហេតុដែលពួកគេបានពន្យល់ និងមូលហេតុដែលរដ្ឋាភិបាលផ្សេងទៀតនៅតាមដងទន្លេមេគង្គផ្តល់ឲ្យចំពោះការព្រួយបារម្ភនេះគឺថា ច្រកដនសាហុងក្នុងចំណោមច្រកទាំង៧ដែលទន្លេមេគង្គបែកខ្ញែកចេញពីគ្នាក្នុងតំបន់ Siphandon ដែលមានន័យថា កោះបួនពាន់នេះគឺជាច្រកតែមួយគត់ដែលត្រីភាគច្រើនអាចហែលឆ្លងកាត់ពេញមួយឆ្នាំ ចុះឡើងជុំវិញកន្លែងដែលមានចរន្តទឹកហូរខ្លាំង និងល្បាក់ពីប្រទេសកម្ពុជា និងសូម្បីតែពីតំបន់ដីសណ្តក្នុងប្រទេសវៀតណាម ត្រីធំៗអាចហែលឆ្លងកាត់រហូតដល់ប្រទេសលាវ។ ដូច្នេះ ច្រកនេះគឺជាច្រកផ្លូវត្រីឆ្លងកាត់តែមួយគត់។
សំណួរ៖ ប៉ុន្តែ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នៅក្នុងទីក្រុងប៉ាក់សេ ប្រទេសលាវ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនសាងសង់ទំនប់នេះគឺក្រុមហ៊ុន Mega First របស់ប្រទេសម៉ាឡេស៊ី បានលើកឡើងថា ទំនប់នេះ នឹងគ្មានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើប្រទេសនៅខ្សែទឹកខាងលើ និងខាងក្រោមនោះទេ។
ចម្លើយ៖ វាងាយស្រួលណាស់ក្នុងការឆ្លើយតបទៅនឹងការលើកឡើងនោះ។ ពួកគេគ្មានតួនាទីអ្វីក្នុងការអះអាងបែបនេះទេ ព្រោះពួកគេមិនបានធ្វើការស៊ើបអង្កេត ឬស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រអំពីអ្វីដែលយើងហៅថា ផលប៉ះពាល់ឆ្លងដែននោះទេ។ អ្នកអាចធ្វើអត្ថាធិប្បាយថា វានឹងគ្មានផលប៉ះពាល់ណាមួយទេ ប៉ុន្តែឯណាទៅភស្តុតាងបែបវិទ្យាសាស្ត្រ? ពួកគេមិនបានធ្វើរបាយការណ៍ណាមួយអំពីការដែលថា តើទំនប់នោះអាចប៉ះពាល់អ្វីខ្លះដល់ប្រទេសកម្ពុជា ឬប៉ះពាល់អ្វីខ្លះដល់ភាគឦសាន្តប្រទេសថៃ ពីព្រោះខេត្តចំនួន៨របស់ប្រទេសថៃ មានព្រំប្រទល់ជាប់នឹងទន្លេមេគង្គដែរ។ ហេតុដូច្នេះហើយបានជាប្រជាជនថៃជាច្រើនបានចូលពាក់ព័ន្ធនឹងបាតុកម្មប្រឆាំងនឹងទំនប់ដនសាហុងនេះដែរ។
សំណួរ៖ ខ្ញុំបានធ្វើទស្សនកិច្ចទៅកាន់ទីតាំងគម្រោងសាងសង់ទំនប់ដនសាហុងរបស់ក្រុមហ៊ុន Mega First កាលពីពេលថ្មីៗនេះ។ សម្រាប់ខ្ញុំ វាហាក់ដូចជាក្រុមហ៊ុនបានកំពុងព្យាយាមបង្ហាញថា ពួកគេបានប្រមូលភស្តុតាងបែបវិទ្យាសាស្ត្រអំពីប្រភេទត្រី នៅក្នុងច្រកដនសាហុងនោះ ហើយបានព្យាយាមបង្ហាញភស្តុតាងថា ច្រកពីរផ្សេងទៀតនៅក្នុងតំបន់នោះ អាចជាច្រកជំនួសសម្រាប់ឲ្យត្រីឆ្លងកាត់បាន។ តើការបង្ហាញភស្តុតាងរបស់ពួកគេនោះ មិនធ្វើឲ្យលោកជឿជាក់ទេឬ?
ចម្លើយ៖ ការសិក្សាដែលពួកគេកំពុងធ្វើនោះ ទី១គឺពួកគេទើបតែធ្វើប៉ុណ្ណោះ ខណៈដែលពួកគេកំពុងនិយាយអំពីការចាប់ផ្តើមសាងសង់ទំនប់នេះនៅឆ្នាំ២០១៥។ ដោយហេតុថា ការសិក្សាយ៉ាងហ្មត់ចត់អំពីត្រី ដែលត្រូវបានធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រជុំវិញពិភពលោក តាមធម្មតាត្រូវការពេលយ៉ាងតិចបួន ឬប្រាំឆ្នាំនោះ ដូច្នេះ ក្រុមហ៊ុននេះនឹងមានការសិក្សារាក់កំភែលមួយ ដែលពួកគេនឹងមិនដាក់ឲ្យមានការត្រួតពិនិត្យពីសំណាក់អ្នកវិទ្យាសាស្រ្តដូចគ្នានោះទេ។
ប្រសិនបើអ្នកបានធ្វើការសិក្សាបែបវិទ្យាសាស្ត្រមែន អ្នកឯងត្រូវតែឲ្យអ្នកវិទ្យាសាស្ត្រផ្សេងទៀតត្រួតពិនិត្យវាសិន និងធ្វើការសាកល្បងវានៅក្នុងមន្ទីរពិសោធន៍ ក្រោមលក្ខខណ្ឌពិនិត្យពិច័យយ៉ាងល្អិតល្អន់តាមបែបវិទ្យាសាស្ត្រ មុនពេលអ្នកឯងចាប់ផ្តើមពិសោធន៍វាជាក់ស្តែងនៅលើទន្លេមេគង្គ។
អ្វីដែលច្បាស់អំពីរបៀបដែលរដ្ឋាភិបាលលាវ និងក្រុមហ៊ុនអភិវឌ្ឍទំនប់នេះកំពុងតែដើរនោះគឺថា ពួកគេបានសម្រេចចិត្តអនុវត្តគម្រោងនេះរួចទៅហើយ បើទោះបីជាមានព័ត៌មានវិទ្យាសាស្ត្រអំពីឥរិយាបទត្រីចេញមកបែបណាក៏ដោយ ហើយទោះបីជាត្រីប្រហែលជាមិនព្រមហែលឆ្លងកាត់តាមច្រកជំនួសទាំងពីរដែលពួកវាមិនស៊ាំនោះក៏ដោយ។
នេះហើយជាអ្វីដែលអ្នកជំនាញព្រួយបារម្ភអំពីអនាគតនៃទន្លេមេគង្គថា ទំនប់នេះនឹងនាំមកនូវទុក្ខសោក និងធ្វើឲ្យបាត់បង់ជលផលដ៏មហិមា ហើយសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលរស់នៅតាមដងទន្លេមេគង្គ ភាពក្រីក្ររបស់ពួកគេនឹងកើនឡើង ដោយសារតែលទ្ធផលនៃការសាងសង់ទំនប់នេះ។
ប្រសិនបើមានអ្នកទទួលផលពីទំនប់នេះនោះគឺវាមានតែអ្នកជំនួញ និងអ្នកនយោបាយដែលកំពុងរស់នៅក្នុងរដ្ឋធានីវៀងច័ន្ទតែប៉ុណ្ណោះ។
សំណួរ៖ នៅក្នុងភាពយន្តឯកសារថ្មីរបស់លោកនេះ ដែលមានរយៈពេល៣០នាទីនេះ លោកក៏បានបង្ហាញទិដ្ឋភាពនៃការសាងសង់ទំនប់វារីអគ្គិសនី សាយ៉ាបូរីនាភាគខាងជើងប្រទេសលាវផងដែរ។ បើប្រៀបធៀបនឹងទំនប់នោះ ដែលរាំងខ្ទប់ដងទន្លេមេគង្គទាំងមូល ទំនប់ដនសាហុងនេះមានទំហំតូចជាងឆ្ងាយណាស់គឺអាចផលិតថាមពលត្រឹមតែ២៦០មេហ្គាវ៉ាត់ ហើយនឹងត្រូវរាំងខ្ទប់ច្រកតែមួយនៃទន្លេមេគង្គប៉ុណ្ណោះ។ចុះហេតុអ្វីបានជាគេចាំបាច់ត្រូវព្រួយបារម្ភខ្លាំងម្ល៉េះអំពីទំនប់ដែលតូចជាងទំនប់សាយ៉ាបូរីមួយនេះ?
ចម្លើយ៖ នៅពេលអ្នកគូសបញ្ជាក់ថា ទំនប់នេះ តាមពិតតូចជាង និងមានសមត្ថភាពផលិតអគ្គិសនីតិចជាងទំនប់សាយ៉ាបូរីនោះគឺពិតជាត្រឹមត្រូវណាស់។ អញ្ចឹងហើយបានជាធ្វើឲ្យគេឆ្ងល់ថា ហេតុអ្វីបានគេកំពុងសាងសង់ទំនប់នេះឡើង។ ម្យ៉ាង វាផលិតអគ្គិសនីបានចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែអ្នកឯកទេសខាងជលសាស្ត្រទាំងឡាយ ដែលបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងច្រើននៅក្នុងតំបន់ជាក់លាក់នោះ ដែលខុសពីក្រុមហ៊ុន សុទ្ធតែបានសន្និដ្ឋានថា ទំនប់ដ៏តូចនេះអាចបង្កការខូចខាតច្រើនជាងទំនប់សាយ៉ាបូរីដែលមានទំហំធំជាងនេះទៅទៀត ពីព្រោះទី១ទំនប់សាយ៉ាបូរីគឺនៅឆ្ងាយ នៅរហូតដល់ភាគខាងជើង ចុងម្ខាងទៀតរបស់ប្រទេសលាវឯណោះ។ ចំណែកឯទំនប់ដនសាហុងនេះវិញវាប៉ះពាល់ផ្ទាល់មកលើចំនួនត្រីដ៏ច្រើនមហិមា។ យើងកំពុងនិយាយអំពីជីវចម្រុះដែលមានត្រីជាង២០០ប្រភេទផ្សេងៗគ្នា ដែលក្នុងចំណោមនោះ១០០ប្រភេទ ឬច្រើនជាងនេះគឺជាប្រភេទត្រីដែលផ្លាស់ទីចុះឡើង ហើយដែលនឹងត្រូវរាំងខ្ទប់ទាំងស្រុងដោយទំនប់លើច្រកមួយនេះ។
ដូច្នេះ ដូចដែលអ្នកជំនាញខាងជលផលម្នាក់បាននិយាយម្តងហើយម្តងទៀតថា វាគ្មានន័យសោះក្នុងការសាងសង់ទំនប់មួយដែលផលិតអគ្គិសនីបានតិចតួច ប៉ុន្តែផ្ទុយទៅវិញ វានាំមកនូវហានិភ័យដ៏ធំសម្បើមដល់អនាគតនៃទន្លេមេគង្គនិងប្រព័ន្ធអេកូឡូស៊ីទាំងមូល។ ទន្លេសាប ដែលជាបឹងដ៏ធំក្នុងប្រទេសកម្ពុជា និងតំបន់ដីសណ្តនៅក្នុងប្រទេសវៀតណាម សុទ្ធតែពឹងផ្អែកទៅលើទឹក និងត្រីដែលហូរ និងហែលដោយសេរីកាត់តាមកោះបួនពាន់នោះ។ នៅពេលដែលអ្នកដាក់របាំងនៅទីនោះ នៅពេលដែលអ្នកសង់ទំនប់នៅលើនោះ មិនថា វាតូចប៉ុណ្ណាទេ វានឹងរាំងខ្ទប់ច្រកដ៏សំខាន់បំផុតដែលជាផ្លូវត្រីឆ្លងកាត់។ ប្រសិនបើពួកគេមិនអាចរកច្រកដ៏សមស្របមកជំនួសបានទេ ហើយអ្នកជំនាញនិយាយថា គ្មានច្រកជំនួសដ៏សមស្របណាមួយឡើយ នោះពូជត្រីទាំងនោះនឹងងាប់ផុតពូជអស់ ហើយយើងកំពុងសំឡឹងមើលទៅអនាគតមួយ ដែលប្រែក្លាយពីទីដែលសម្បូរជលផលជាងគេបំផុតមួយក្នុងលោក ទៅជាទន្លេមេគង្គមួយ ឬផ្នែកជាច្រើនរបស់វាដែលលែងសូវហូរ។
វាមិនមែនត្រឹមតែទំនប់នេះមួយទេ ពីព្រោះបើសិនបើទំនប់នេះអាចដំណើរការទៅបាន នោះគេនឹងសង់ទំនប់ចំនួន៩ទៀត ហើយនេះនឹងគំរាមឲ្យមានវិបត្តិមួយសម្រាប់តំបន់មេគង្គទាំងមូល៕
សូមលោកអ្នកនាងរង់ចាំតាមដានបទសម្ភាសន៍ភាគទី២ដែលជាភាគបញ្ចប់នៃកិច្ចសម្ភាសន៍នេះទៀត។ សូមអរគុណ៕