កំណត់និពន្ធ៖ នៅប្រទេសកម្ពុជា ជម្រើសការងារសម្រាប់ស្ត្រីមានចំនួនតិចតួច លើកលែងតែក្នុងវិស័យកាត់ដេរ និងការរកស៊ីជួញដូរផ្លូវភេទ។ បញ្ហានេះអាចជំរុញឲ្យមានការយល់ឃើញថា ដើម្បីស្ថានភាពសេដ្ឋកិច្ច ស្ត្រីមួយចំនួនធំជៀសមិនរួចពីការធ្វើការរោងចក្រ ហើយក្នុងករណីខ្លះធ្វើការជាអ្នករកស៊ីផ្លូវភេទ។ នេះបើយោងតាមការលើកឡើងរបស់អ្នកស្រី Anne Elizabeth Moore អ្នកសិល្បៈ អ្នកនិពន្ធ និងអ្នកយកព័តមាន សញ្ជាតិអាមេរិកដ៏ល្បីល្បាញម្នាក់។ អ្នកស្រី Anne Elizabeth Moore បានទៅកាន់ប្រទេសកម្ពុជាជាច្រើនដង ហើយថ្មីៗនេះនៅដើមឆ្នាំ២០១៤។ អ្នកស្រីក៏ជាអ្នកនិពន្ធសៀវភៅ New Girl Law: Drafting a Future for Cambodia។
ទែន សុខស្រីនិត នៃ VOA បានសម្ភាសន៍អ្នកស្រី Anne Elizabeth Moore តាម Skype ជុំវិញបញ្ហានេះ។
Your browser doesn’t support HTML5
VOA៖ ខ្ញុំបានអានអត្ថបទរបស់អ្នកដែលបានបោះពុម្ពផ្សាយនៅលើគេហទំព័រ opendemocarcy.net ហើយខ្ញុំគិតថា នេះគឺជាឱកាសមួយ ដែល VOA Khmer ចង់សន្ទនាជាមួយនឹងអ្នកស្រីម្តងទៀតជុំវិញបញ្ហា ដែលអ្នកស្រីបានលើកឡើងនៅក្នុងអត្ថបទនោះ។ តើអ្នកស្រីបានទៅកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៤មែនទេ?
Anne Elizabeth Moore៖ ច៎ាស គឺនៅដើមខែកុម្ភៈ ឆ្នាំ២០១៤។
VOA៖ តើដំណើរវិលត្រឡប់ទៅកាន់កម្ពុជាលើកនោះមានរយៈពេលប៉ុន្មានដែរ?
Anne Elizabeth Moore៖ សម្រាប់ការធ្វើដំណើររបស់ខ្ញុំទៅកាន់ប្រទេសកម្ពុជាលើកនោះគឺមានរយៈពេលមួយខែ ហើយវាមានរយៈពេលខ្លីបំផុត ដែលខ្ញុំធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាពីមុនៗ។
VOA៖ តើអ្នកស្រីទៅកាន់ប្រទេសកម្ពុជាលើកនេះក្នុងគោលបំណងអ្វីដែរ? ហើយតើអ្នកស្រីបានធ្វើកិច្ចការអ្វីខ្លះនៅទីនោះ?
Anne Elizabeth Moore៖ ខ្ញុំតែងតែចង់ទៅប្រទេសកម្ពុជា។ ហើយសម្រាប់លើកនេះ ខ្ញុំទទួលបានមូលនិធិរបស់កម្មវិធី Fulbright របស់រដ្ឋាភិបាលអាមេរិក ដើម្បីទៅបង្រៀន និងធ្វើការជាមួយនឹងនិស្សិតសកលវិទ្យាល័យមួយទាក់ទងនឹងប្រព័ន្ធសារព័ត៌មាន។ ដូច្នេះ ខ្ញុំមិនរំពឹងថា ខ្ញុំនឹងមានពេលដើម្បីតាមដានមើលកិច្ចការរបស់អង្គការប្រឆាំងនឹងការជួញដូរមនុស្សនៅកម្ពុជាប៉ុន្មានទេ។ ក្នុងចន្លោះខែមករា និងខែកុម្ភៈឆ្នាំ២០១៤ហ្នឹង មានចលាចលខាងនយោបាយច្រើន ហើយខ្ញុំមិនសូវបានទៅបង្រៀនប៉ុន្មានទេ។ តែខ្ញុំមានសំណាង ដែលបានទៅមើលអង្គការប្រឆាំងនឹងការជួញដូរមនុស្សមួយចំនួនដែរ។
VOA៖ តើអ្នកនាងយល់ឃើញយ៉ាងដូចម្តេចខ្លះលើបញ្ហាការងាររបស់កម្មកររោងចក្រនៅកម្ពុជា ជាពិសេសគឺស្ត្រីតែម្តង?
Anne Elizabeth Moore៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានរាយការណ៍ច្រើនអំពីវិស័យកាត់ដេរនេះ។ ហើយខ្ញុំយល់ឃើញថា ជម្រើសការងារមានតិចតួចណាស់សម្រាប់ស្ត្រីខ្មែរ។ ហើយបញ្ហានេះបណ្តាលឲ្យពួកគេយល់ថា ដើម្បីស្ថានភាពសេដ្ឋកិច្ចប្រចាំថ្ងៃ ពួកគេជៀសមិនរួចពីការធ្វើជាកម្មកររោងចក្រ។ ក៏ប៉ុន្តែ វាមិនចាំបាច់ក្នុងការធ្វើដូច្នេះទេ។ ខ្ញុំយល់ថា ខ្ញុំចាំបាច់ត្រូវរំឭកអ្នកគ្រប់គ្នាអំពីការងារជាកម្មកររោងចក្រនេះ។ មូលហេតុដែលការងារជាកម្មកររោងចក្រនេះបានក្លាយជាជម្រើសការងារដ៏ចាំបាច់សម្រាប់ស្ត្រីខ្មែរ នោះគឺដោយសារតែរដ្ឋាភិបាលកម្ពុជាមិនចង់ពង្រីក និងបង្កើតជម្រើសការងារផ្នែកផ្សេងៗទៀតឲ្យបានច្រើនដល់ស្ត្រី។
ក្នុងករណីនេះ មានការយល់ឃើញថា ការធ្វើការងារឲ្យរោងចក្រកាត់ដេរគឺជាការងារបែបបង្ខំ។ ក៏ប៉ុន្តែ សម្រាប់អ្នកសារព័ត៌មានជាអន្តរជាតិដូចជារូបខ្ញុំ នៅពេលយើងសង្កេតមើលការធ្វើការងារបែបបង្ខំ យើងពិនិត្យមើលការជួញដូរផ្លូវភេទ និងទាសភាពខាងផ្លូវភេទជាពិសេស។ ហើយនៅសហរដ្ឋអាមេរិកវិញ យើងនិយាយច្រើនអំពីស្ថានភាពដ៏វេទនា ដែលស្ត្រីខ្មែរក្នុងឧស្សាហកម្មពេស្យាចារនៅកម្ពុជាជួបប្រទះ និងពីមូលហេតុដែលពួកគេត្រូវបានជួញដូរ។ ភាគច្រើនរបាយការណ៍ស្តីអំពីបញ្ហានេះតែងតែដកស្រង់ការលើកឡើងរបស់អ្នកស្រី ម៉ម សូម៉ាលី ដែលបច្ចុប្បន្ននេះមិនសូវមានកត្តិយស និងកេរ្តិ៍ឈ្មោះល្អប៉ុន្មានទេ។
ហើយលើសពីនេះ អង្គការជាច្រើនដែលបង្កើតឡើងក្រោយពីពេលដែលអ្នកស្រី ម៉ម សូម៉ាលី និយាយអំពីបញ្ហាការជួញដូរផ្លូវភេទនេះ ហាក់បីដូចជាបង្ហាញថា កម្ពុជាជាប្រទេសដ៏អាក្រក់បំផុតនៅក្នុងពិភពលោកសម្រាប់ស្ត្រី ពីព្រោះថា បើស្ត្រីមិនធ្វើការជាកម្មកររោងចក្រទេ នោះពួកគេជៀសមិនរួចពីការធ្វើការជាអ្នករកស៊ីផ្លូវភេទ។ ហើយបើគេមិនស្ម័គ្រចិត្តធ្វើការងារនេះទេ នោះទីបំផុតពួកគេនឹងត្រូវជួញដូរឲ្យក្លាយជាអ្នករកស៊ីផ្លូវភេទ។ ការលើកឡើងទាំងអស់នេះ វាវិលចុះវិលឡើង។ ក៏ប៉ុន្តែ ទាំងអស់នេះមិនមែនជាអ្វី ដែលខ្ញុំបានឃើញ តាមរយៈការងាររបស់ខ្ញុំទេ។
VOA៖ តើយើងអាចដោះស្រាយបញ្ហាការជួញដូរផ្លូវភេទ ការងាររកស៊ីផ្លូវភេទ និងការងារជាកម្មកររោងចក្រ ដែលវិលចុះវិលឡើងនេះបានដោយរបៀបណាទៅ?
Anne Elizabeth Moore៖ ខ្ញុំគិតថា ខ្ញុំមិនអាចឆ្លើយតបនឹងសំណួរនេះដោយពេញលេញបានទេ។ តែខ្ញុំបានគំនិតមួយចំនួន។ ទីមួយ គឺថា បើទោះបីជាអ្នកស្រី ម៉ម សូម៉ាលី បានចំណាយពេលច្រើននិយាយថា រាល់ស្រ្តីដែលរស់នៅ និងទទួលបានជំនួយពីមូលនិធិរបស់គាត់សុទ្ធតែជាជនរងគ្រោះនៃការជួញដូរផ្លូវភេទក៏ដោយ ក៏តាមរយៈការសាកសួរជាមួយនឹងអ្នកដែលរស់នៅក្នុងមូលនិធិ និងទទួលជំនួយពីមូលនិធិរបស់គាត់ និងជាមួយអ្នកដែលបម្រើឲ្យអង្គការប្រឆាំងនឹងការជួញដូរមនុស្សផ្សេងៗ ខ្ញុំបានរកឃើញថា ស្ត្រីទាំងនោះមិនមែនជាជនរងគ្រោះនៃការជួញដូរផ្លូវភេទទេ។ ភាគច្រើន ពួកគេនិយាយថាជាអ្នកធ្វើការរកស៊ីផ្លូវភេទ ហើយនិងអ្នកខ្លះថាជាអ្នកធ្វើការងារផ្សេងៗទៀតដែលទទួលបានប្រាក់កម្រៃទាប។ មូលហេតុគឺដោយសារតែ ឱកាសដែលពួកគេទទួលបានពីអង្គការ និងមូលនិធិប្រឆាំងនឹងការជួញដូរមនុស្សទាំងអស់នេះមានស្ថានភាពប្រសើរជាងស្ថានភាពការងារ ដែលស្ត្រីទាំងនោះកំពុងតែប្រឈមមុខ។
ដូច្នេះ ការយល់ឃើញថា ស្ត្រីទាំងនោះត្រូវតែបានបង្ខំឲ្យធ្វើការជាអ្នករកស៊ីផ្លូវភេទនោះមិនមែនពិតទាំងស្រុងទេ។ អ្វីដែលខ្ញុំបានរកឃើញ នៅពេលដែលខ្ញុំនៅប្រទេសកម្ពុជាកាលពីឆ្នាំមុនគឺថា បញ្ហាការបង្ខំឲ្យធ្វើការជាអ្នករកស៊ីផ្លូវភេទគឺជាបញ្ហាដ៏ស្មុគស្មាញណាស់ ដោយសារតែនៅតាមអង្គការប្រឆាំងជួញដូរមនុស្ស យើងឃើញមានស្ត្រីខ្លះទទួលបានកាងារដែលមិនពាក់ព័ន្ធនឹងការងាររកស៊ីផ្លូវភេទទេ។ ក៏ប៉ុន្តែ ស្ត្រីទាំងនោះមិនទទួលបានជម្រើសការងារអ្វីផ្សេងក្រៅពីការងារជាកម្មកររោងចក្រទេ។ ដូច្នេះ ស្ថានភាពជាក់ស្តែងគឺថា ស្ត្រីខែ្មរទទួលបានប្រាក់បៀរវត្សរ៍ទាបជាងប្រាក់បៀរវត្សរ៍អប្បបរិមាសម្រាប់ការងារជាកម្មកររោងចក្រកាត់ដេរ។ ហើយបញ្ហាប្រាក់បៀរវត្សរ៍ទាបនេះបានធ្វើឲ្យស្ត្រីពិបាកចិត្ត ហើយបោះបង់ចោលការងារជាកម្មករកាត់ដេរ។ ដូច្នេះ យើងឃើញថា ស្ត្រីខ្មែរទទួលបានប្រាក់បៀរវត្សរ៍ទាប ហើយធ្វើការប្រើកម្លាំងដូចគ្នានឹងការងារដែលប្រើកម្លាំងផ្សេងៗទៀត។ ហើយនេះគឺជាបញ្ហាដ៏ធំមួយជុំវិញសំណួរថាតើ អ្វីទៅជាការងារបែបបង្ខំ និងមិនបង្ខំ?
VOA៖ នៅក្នុងអត្ថបទដែលអ្នកស្រីបានសរសេរនោះ អ្នកស្រីបានលើកឡើងថា អ្នកដែលទទួលផលចំណេញពីកម្មកររោងចក្រកាត់ដេរគឺក្រុមហ៊ុនរោងចក្រ និងក្រុមហ៊ុនទិញសម្លៀកបំពាក់ ដែលមួយភាគធំមានទីតាំងនៅសហរដ្ឋអាមេរិក។ នាងខ្ញុំចង់ដឹងថា តើរដ្ឋាភិបាលអាមេរិកអាចធ្វើអ្វីខ្លះ ដើម្បីជួយឲ្យកម្មករកាត់ដេរនៅកម្ពុជា ដែលភាគច្រើនជាស្ត្រីទទួលបានប្រាក់បៀរវត្សរ៍មួយដ៏សមរម្យសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ?
Anne Elizabeth Moore៖ ពិតណាស់ កម្មកររោងចក្រកាត់ដេរទទួលបានប្រាក់បៀរវត្សរ៍ទាប ហើយរាប់ទាំងស្ត្រីរកស៊ីផ្លូវភេទផងដែរ។ លើសពីនេះ មុខតំណែងរបស់ស្រ្តីខ្មែរភាគច្រើនតែងតែមានប្រាក់បៀរវត្សរ៍ទាប។ ក៏ប៉ុន្តែ បញ្ហាទាំងអស់នេះមិនមែនជាបញ្ហាមួយ ដែលពាក់ព័ន្ធទាំងស្រុងនឹងក្រុមហ៊ុនទិញសម្លៀកបំពាក់ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនោះទេ។ ហើយសូមបញ្ជាក់ថា ក្រុមហ៊ុនផ្សេងៗទៀតមានទីតាំងនៅអ៊ឺរ៉ុបដែរ។ តាមពិត បញ្ហាគឺថា ទីមួយ ស្ត្រីទទួលបានជម្រើសការងារតិចតួចក្នុងឧស្សាហកម្មមួយចំនួនតូច។ វិស័យការងារដែលស្ត្រីខ្មែរភាគច្រើនកំពុងប្រឡូក គឺពាក់ព័ន្ធនឹងសារាពាង្គកាយរបស់ស្ត្រី។ ដូចដែលយើងបានឃើញ ការរកស៊ីជួញដូរផ្លូវភេទពាក់ព័ន្ធនឹងរូបរាងកាយស្ត្រី ហើយការងារជាកម្មកររោងចក្រកាត់ដេរក៏ពាក់ព័ន្ធផ្ទាល់នឹងរូបរាងកាយដែរ ដូចជាប្រភេទសម្លៀកបំពាក់ដែលមនុស្សនិយមពាក់ និងនិយមផលិត។
ក៏ប៉ុន្តែ បញ្ហាទាំងអស់នេះអាចផ្លាស់ប្តូរបានភ្លាមៗ។ ការពឹងផ្អែកលើពលកម្មរបស់ស្ត្រីក្នុងវិស័យរោងចក្រកាត់ដេរ និងការរកស៊ីជួញដូរផ្លូវភេទអាចផ្លាស់ប្តូរភ្លាមៗ ប្រសិនបើប្រទេសជាតិមួយ ដូចជាកម្ពុជាខិតខំបង្កើតឱកាសការងារឲ្យច្រើនគ្រប់វិស័យទាំងអស់ដល់ស្ត្រី។ បើសិនជាមានជម្រើសការងារច្រើនឲ្យស្ត្រី ដែលរដ្ឋាភិបាលកម្ពុជាពិតជាគាំទ្រមែននោះ ស្ថានភាពការងារកម្លាំងពលកម្មរបស់ស្ត្រីអាចខុសពីស្ថានភាពបច្ចុប្បន្ននេះ។
ដូច្នេះ ខ្ញុំគិតថា វាមិនមែនជាបញ្ហាការទិញដូរ និងអតិថិជនទេ។ យើងមិនអាចធ្វើអ្វី ដើម្បីឲ្យក្រុមហ៊ុនទិញទំនិញបានយល់ដឹង និងទទួលខុសត្រូវលើបញ្ហាទាំងនេះបានទេ ទោះបីជាខ្ញុំទទួលស្គាល់ថា ការធ្វើដូចនេះពិតជាអាចជួយក៏ដោយ។ ទាំងអស់នេះគឺជាបញ្ហាគោលនយោបាយ។ ដូច្នេះ ទាក់ទិននឹងសំណួរថាតើសហរដ្ឋអាមេរិកអាចធ្វើយ៉ាងដូចម្តេចខ្លះចំពោះបញ្ហាកម្លាំងពលកម្មនេះ ខ្ញុំគិតថា សហរដ្ឋអាមេរិកត្រូវតែស្វែងរកវិធីសាស្ត្រថ្មី ដើម្បីគាំទ្រគោលនយោបាយលុបបំបាត់ភាពក្រីក្រជុំវិញពិភពលោក ហើយជាពិសេស គឺរកវិធីសាស្ត្រគាំទ្រ និងបង្កើតឱកាសការងារដល់ស្ត្រីនៅកម្ពុជាឲ្យបានច្រើន។
VOA៖ ក្នុងសៀវភៅ «ច្បាប់ស្រីថ្មី» របស់អ្នកស្រី យើងបានស្តាប់ឮសម្លេង និងការយល់ឃើញរបស់ស្ត្រីខ្មែរវ័យក្មេង ដែលខិតខំស្វែងរកចំណេះដឹងសម្រាប់អនាគតរបស់គេ ក្រៅពីគោរពតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។ តែ នៅកម្ពុជា ដូចដែលយើងបានពិភាក្សាគ្នាមុននេះ មានស្ត្រីមួយចំនួនធំកំពុងតែធ្វើការជាកម្មកររោងចក្រដែលទទួលបានប្រាក់បៀរវត្សរ៍ទាប និងប្រើកម្លាំងច្រើន។ តើអ្នកស្រីគិតថា ស្ត្រីផ្សេងៗទៀត ជាពិសេសគឺស្ត្រីខ្មែរដែលជាអ្នកតាក់តែងគោលនយោបាយអាចធ្វើអ្វីខ្លះ ដើម្បីជួយស្ត្រីមួយភាគធំនេះឲ្យទទួលបានឱកាសប្រសើរជាងនេះ?
Anne Elizabeth Moore៖ ខ្ញុំគិតថា ស្រីនិត បានដឹងថា ខ្ញុំឲ្យតម្លៃខ្ពស់លើស្ត្រីខ្មែរដែលជាអ្នកតាក់តែងគោលនយោបាយនៅកម្ពុជា។ តាមពិតទៅ ខ្ញុំមិនសូវឲ្យតម្លៃស្ត្រីអាមេរិក ដែលជាអ្នកតាក់តែងគោលនយោបាយ ដូចដែលខ្ញុំឲ្យតម្លៃស្ត្រីនៅកម្ពុជាទេ។ សម្រាប់ខ្ញុំ អ្វីដែលខ្ញុំចង់ឲ្យស្ត្រីកម្ពុជាជួយនោះ គឺបង្រៀនស្ត្រីអាមេរិកថាតើយើងអាចធ្វើអ្វីបាន ដើម្បីកាត់បន្ថយបញ្ហាជុំវិញគម្លាតប្រាក់បៀរវត្សរ៍នៅសហរដ្ឋអាមេរិក និងដោះស្រាយបញ្ហាការខ្វះខាតតំណាងស្ត្រីនៅក្នុងប្រព័ន្ធនយោបាយអាមេរិក។
ខ្ញុំយល់ថា ស្ត្រីខ្មែរកំពុងជំរុញឲ្យមានការផ្លាស់ប្តូរជុំវិញបញ្ហាដ៏ចម្បងជាច្រើន។ ស្ត្រីទាំងអស់នេះដឹងថា ការផ្គត់ផ្គង់ និងគោរពតម្លៃគ្រួសារ សេរីភាពរូបរាងកាយ និងសេរីភាពខាងសេដ្ឋកិច្ចគឺពិតជាមានសារៈសំខាន់សម្រាប់ខ្លួនគេផ្ទាល់។ ហើយខ្ញុំយល់ថា ការបន្តជំរុញឲ្យស្ត្រីទទួលបានសិទ្ធិសម្រាប់ការងារពេញម៉ោង និងទទួលបានប្រាក់បៀរវត្សរ៍ល្អសមរម្យសម្រាប់ការងារ ដែលពួកគាត់ចាប់អារម្មណ៍ ហើយការលុបបំបាត់លម្អៀងសមភាពភេទក្នុងវិស័យអប់រំ និងការងារ អាចជួយបង្កើត និងគាំទ្រសេរីភាពខាងសេដ្ឋកិច្ចរបស់ស្ត្រីនៅកម្ពុជាបានច្រើន។ ក៏ប៉ុន្តែ ខ្ញុំក៏ដឹងថា បញ្ហាទាំងអស់នេះក៏ត្រូវតែដោះស្រាយដែរនៅសហរដ្ឋអាមេរិក។
VOA៖ សម្រាប់សំណួរចុងក្រោយ កាលពីខែមីនាកន្លងទៅនេះ លោកស្រី Michelle Obama ភរិយាលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំរបស់ក្មេងស្រី។ ជាទូទៅ ការអប់រំគឺជាគន្លឹះមួយ ដើម្បីពង្រឹងអំណាចសេដ្ឋកិច្ច និងវិជ្ជាជីវៈរបស់ស្ត្រី។ ក៏ប៉ុន្តែ សម្រាប់ស្ត្រីដែលកំពុងរស់នៅក្នុងភាពក្រីក្រ ហើយត្រូវធ្វើការទាំងបង្ខំនៅក្នុងវិស័យកាត់ដេរ និងការរកស៊ីជួញដូរផ្លូវភេទនេះ ខ្ញុំឆ្ងល់ថា តើយើងត្រូវធ្វើដូចម្តេច ដើម្បីធានាថាការអប់រំនេះអាចនាំមកនូវសេរីភាពខាងសេដ្ឋកិច្ច និងវិជ្ជាជីវៈដល់ពួកគាត់?
Anne Elizabeth Moore៖ ខ្ញុំយល់ថា យើងត្រូវតែជ្រើសរើសយកបញ្ហាម្តងមួយៗមកដោះស្រាយ។ ហើយខ្ញុំគិតថា បញ្ហាភាពក្រីក្រគឺពិតជាសំខាន់ជាងបញ្ហាសីលធម៌។ ដូច្នេះ អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតទាក់ទងនឹងបញ្ហាស្ត្រីជុំវិញពិភពលោកនោះ គឺស្វែងរកគោលនយោបាយដែលមិនគិតអំពីការងារដែលពួកគាត់ចង់ធ្វើ ឬមិនចង់ធ្វើនោះទេ តែផ្តោតទៅលើការធានាថា ស្ត្រីនឹងទទួលបានប្រាក់បៀរវត្សរ៍ដ៏សមរម្យតាមបទដ្ឋានរស់នៅ សម្រាប់រាល់ការងារដែលពួកគាត់ធ្វើ។ ខ្ញុំគិតថា គោលនយោបាយបែបនេះគឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធិភាពមួយក្នុងការលុបបំបាត់ភាពក្រីក្រ។
ក៏ប៉ុន្តែ គោលនយោបាយបែបនេះក៏មានន័យថា យើងអាចគាំទ្រសិទ្ធិរបស់ស្ត្រីខ្លះ ដែលធ្វើការជាអ្នករកស៊ីផ្លូវភេទ បើសិនជាពួកគាត់ចង់ធ្វើការនេះ។ ត្រង់ចំណុចនេះ ខ្ញុំគិតថា យើងត្រូវតែចាំបាច់ផ្តោតការយកចិត្តទុកដាក់លើការជួយស្ត្រីទាំងអស់នេះឲ្យរួចផុតពីប្រព័ន្ធនៃគំនាមសេដ្ឋកិច្ច ដែលថា ពួកគេត្រូវតែធ្វើការនេះ បើមិនដូច្នោះទេពួកគេមិនអាចមានជីវភាពរស់នៅសមរម្យបានទេ។ លុះត្រាតែយើងដោះស្រាយបញ្ហានេះបាន ទើបយើងអាចធានាបានថា មនុស្សគ្រប់រូបទទួលបានស្ថានភាពរស់នៅដ៏ល្អប្រសើរមួយ ដែលពួកគេចង់បានដើម្បីសុខភាពល្អ និងសុភមង្គល។ ខ្ញុំយល់ថា ភាពក្រីក្រគឺជាបញ្ហាដ៏ចម្បងបំផុតមួយនៅក្នុងសាកលលោក ដែលកើតឡើងជាពិសេសលើស្ត្រី ដូចនៅកម្ពុជាជាដើម។
ខ្ញុំយល់ថា នៅពេលដែលសហរដ្ឋអាមេរិកចូលរួមពាក់ព័ន្ធនឹងការតាក់តែងគោលនយោបាយនោះ អាមេរិកតែងតែរួមបញ្ចូលសំណួរពាក់ព័ន្ធនឹងឱកាសបង្កើតសេដ្ឋកិច្ចជាមួយនឹងសំណួរពាក់ព័ន្ធនឹងសីលធម៌។ ហើយអាមេរិកតែងតែយល់ថា ស្ត្រីមិនចង់ធ្វើការជាអ្នករកស៊ីផ្លូវភេទទេ។ ប៉ុន្តែ ជាក់ស្តែងទៅ មានស្ត្រីខ្លះចង់ធ្វើការងារបែបនេះ ហើយប្រាកដណាស់ ការងារបែបនេះមិនមែនជាជម្រើសល្អសម្រាប់ពួកគាត់ទេ តែ វាអាចជាឱកាសរកប្រាក់កម្រៃដ៏ប្រសើរមួយ។ ក៏ប៉ុន្តែ មានករណីខ្លះស្ត្រីគាត់ចង់ធ្វើការនេះតែម្តង បើទោះបីជាគាត់មានជម្រើសការងារអ្វីផ្សេងទៀតក៏ដោយ។ ដូច្នេះ អ្វីដែលខ្ញុំចង់និយាយនោះគឺថា យើងត្រូវតែបង្កើតឱកាស និងជម្រើសការងារដល់ស្ត្រីជុំវិញពិភពលោកឲ្យបានច្រើន។ បន្ទាប់មកទៀត យើងអាចចាប់ផ្តើមគិតអំពីមធ្យោបាយជួយរំដោះស្ត្រីឲ្យរួចផុតពីការងារបែបបង្ខំ និងពីការងារដែលមានប្រាក់បៀរវត្សរ៍ទាប។
VOA៖ សូមអរគុណច្រើន Anne ដែលបានសន្ទនាជាមួយនឹង VOA ខ្មែរម្តងទៀត។
Anne Elizabeth Moore៖ អរគុណស្រីនិត៕