អង្គការ​ប៉ូលិស​អន្តរជាតិ​ជ្រើសរើស​ជនជាតិ​​កូរ៉េ​ខាង​ត្បូងជា​នាយក​ថ្មី​របស់​ខ្លួន

លោក Kim Jong Yang នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែលត្រូវបានតែងតាំងជា នាយកថ្មី​អង្គការ​ប៉ូលិស​ឧក្រិដ្ឋកម្ម​អន្តរជាតិ Interpol។

នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​លោក Kim Jong Yang រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ចំពោះ​លោក Kim Jong Yang ឲ្យ​ធ្វើ​ជា​នាយក​ថ្មី​នៃ​អង្គការ Interpol នេះ។

នៅ​ថ្ងៃ​ពុធ​នេះ មហា​សន្និបាត​អង្គការ​ប៉ូលិស​ឧក្រិដ្ឋកម្ម​អន្តរជាតិ Interpol បាន​បោះ​ឆ្នោត​ជ្រើសរើស​លោក Kim Jong Yang នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ជា​នាយក​ថ្មី​របស់​ខ្លួន។

លោក Kim Jong Yang ធ្លាប់​ធ្វើ​ជា​នាយក​ស្ដី​ទី​នៃ​អង្គការ Interpol នេះ។ អង្គការ Interpol នេះ​បាន​បញ្ជាក់​ថា លោក​នឹង​ធ្វើ​ជា​នាយក​ថ្មី​របស់​ខ្លួន​សម្រាប់​អាណត្តិ​រយៈពេល ២ ឆ្នាំ។

លោក Kim Jong Yang ជំនួស​តំណែង​លោក Meng Hongwei ដែល​មក​ពី​ប្រទេស​ចិន។ លោក Meng Hongwei បាន​បាត់​ខ្លួន​នៅ​ពេល​ដែល​លោក​ទៅ​ប្រទេស​ចិន​កាល​ពី​ចុង​ខែ​កញ្ញា ហើយ​ក្រោយ​មក​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ លោក​ត្រូវ​បាន​គេ​ដាក់​ឃុំ​ក្រោម​បទ​ចោទ​ប្រកាន់​ពុករលួយ។

នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​លោក Kim Jong Yang រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ចំពោះ​លោក Kim Jong Yang ឲ្យ​ធ្វើ​ជា​នាយក​ថ្មី​នៃ​អង្គការ Interpol នេះ។

លោក Pompeo និយាយ​ដូច្នេះ​ថា៖ «យើង​លើក​ទឹក​ចិត្ត​បណ្ដា​ប្រទេស និង​អង្គការ​ទាំង​អស់​ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការ​ប៉ូលិស​អន្តរជាតិ Interpol និង​ដែល​គោរព​នីតិរដ្ឋ​ឲ្យ​ជ្រើសរើស​មេដឹកនាំ​មួយ​រូប​ដែល​គេ​អាច​ជឿ​ទុក​ចិត្ត​បាន និង​មាន​ភាព​ទៀង​ត្រង់ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​អង្គភាព​អនុវត្ត​ច្បាប់​ដ៏​សំខាន់​បំផុត​មួយ​នៅ​លើ​ពិភពលោក»។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​នាយក​ថ្មី​នៃ​អង្គការ Interpol នេះ សម្រាប់​ករណី​ខ្លះ​គឺ​ជា​រឿង​ភ្ញាក់ផ្អើល​មួយ បន្ទាប់ពី​មនុស្ស​ភាគ​ច្រើន​បាន​ចាត់ទុក​លោក Alexander Prokopchuk នៃ​ប្រទេស​រុស្ស៊ី ដែល​ជា​នាយក​រង​មួយ​រង​នៃ​អង្គការ Interpol នេះ ថា​ជា​អ្នក​នាំ​មុខ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។

អ្នក​រិះគន់​រដ្ឋាភិបាល​រុស្ស៊ី​ថា ប្រសិនបើ​ជ្រើសរើស​លោក Alexander Prokopchuk ជា​នាយក​ថ្មី​នៃ​អង្គការ Interpol នោះ​លោក​នឹង​ធ្វើ​ឲ្យ​អង្គការ​នេះ​ពាក់ព័ន្ធ​នឹង​នយោបាយ​ជា​មិន​ខាន៕