អង្គការ​​សារព័ត៌មាន​អន្តរជាតិ​ប្រតិកម្ម​នឹង​ការ​បាញ់​សម្លាប់​អ្នក​កាសែត​ខ្មែរ

សន្ទស្សន៍​របស់​អង្គការ Freedom House អំពី​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៤។

ក្រុម​អង្គការ​សារ​ព័ត៌មាន​ស.រ.អា.និង​អង្គការ​ធំៗ​មួយ​ចំនួន​ទៀត​បាន​ថ្លែង​ថា​ ការ​បាញ់​សម្លាប់​អ្នក​សារ​ព័ត៌មាន​ខ្មែរ​ម្នាក់​គឺ​ជា​ការ​បង្ហាញ​ថា ​កម្ពុជា​មិន​មាន​ សេរីភាព​សារ​ព័ត៌មាន​ ហើយ​ក៏​ជា​ការ​រិតត្បិត​សេរីភាព​សារ​ព័ត៌មាន​ដែល​មាន​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​រស៊ើប​មួយ​ចំនួន​ដូច​ជា​បញ្ហា​កាប់​ឈើ​ខុស​ច្បាប់​នេះ​ដែរ។​

លោក​តាំង ទ្រី​ អាយុ​៤៨​ឆ្នាំ​ ជា​អ្នក​កាសែត​មិន​ជាប់​កិច្ច​សន្យា​និង​ជា​សមាជិក​សមាគម​សារ​ព័ត៌មាន​ខ្មែរ​អ្នក​ប្រជា​ធិបតេយ្យ​ ត្រូវ​បាន​ជន​ដៃ​ដល់​មាន​គ្នា​បី​នាក់​បាញ់​ដោយ​កាំភ្លើង​ខ្លី​មួយ​គ្រាប់​ចំ​ថ្ងាស​កាលពី​ថ្ងៃ​អាទិត្យ ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ដែល​ស្ថិត​នៅ​តំបន់​ត្រពាំង​ត្រាច​ ភូមិ​ខ្សឹម​ក្រៅ​ ឃុំខ្សឹម ​ស្រុក​ស្នួល​ ខេត្តក្រចេះ។​ ជន​សង្ស័យ​ទាំងបី​ត្រូវ​បាន​ប៉ូលិស​ផ្តល់​អត្ត​សញ្ញាណ។ ​ក្នុង​នោះ​មាន​ឈ្មោះ​ឡា ណារ៉ុង​ អាយុ​៣២​ឆ្នាំ​ ជា​អតីត​មន្ត្រី​យោធា​ខេត្ត​មណ្ឌល​គីរី​ ឈ្មោះ​ខឹម ​ភក្តី ​អាយុ​២៧​ឆ្នាំជា​មន្ត្រី​កងរាជ​អាវុធហត្ថ​ក្នុង​រាជធានី​ភ្នំពេញ​ផ្នែក​អន្តរាគមន៍​ដែល​ជា​ម្ចាស់​កាំភ្លើង​ខ្លី​ និង​ឈ្មោះ​ពិន ហ៊ាង​ អាយុ​៣១ឆ្នាំ​ជាម្ចាស់​រថយន្ត​ដែល​ជិះ​ធ្វើ​សកម្មភាព​និង​ជា​មន្ត្រី​នគរបាល​ខេត្ត​រតន​គីរី។​

អ្នក​ស្រី​ការីន ​កាលិកា​ (Karin ​Deutsch ​Karlekar) ​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​និង​ជានាយិកា​ផ្នែក​ចាត់​ចែង​ព័ត៌មាន​នៃ​អង្គការ​តាក់តែង​គោល​នយោបាយ​ របស់​ស.រ.អា. ​ហៅថា ​Freedom House​ បាន​អះអាង​ថា​ ការ​បាញ់​សម្លាប់​អ្នក​កាសែត​ដែល​ស្រាវជ្រាវ​អំពី​ការ​កាប់​ឈើ​ខុសច្បាប់​នេះ​ជា​រឿង​ខកចិត្ត​ខ្លាំង​ណាស់។​

«ដូច្នេះ​ ជា​រឿង​អភ័ព្វ។ ​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រូ ដែល​ខ្ញុំ​អាច​និយាយ​បាន​ថា​នេះ​ជា​កំណើន​នៃ​ការ​យារយី ​តម្រង់​គោល​ដៅ​លើ​អ្នក​កាសែត ​ដែល​ព្យាយាម​រាយ​ការណ៍​អំពី​ប្រធាន​បទ​នេះ​ក្នុង​ប្រទេស​កម្ពុជា»។​

អ្នកស្រី​បាន​ថ្លែង​ថា ​ក្នុង​ប្រទេស​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ទើរ​តែ​ទាំង​អស់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​ គណបក្ស​គ្រប់គ្រង​ប្រទេស​ និង​រដ្ឋាភិបាល​នោះ​ គេគួរ​ស៊ើប​អង្កេត​ឲ្យ​បាន​ដិតដល់។​

«ខ្ញុំ​ចង់​និយាយ​ថា​ វា​ជារឿង​វិជ្ជមាន​ដែល​ថា​ អាជ្ញាធរ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ភ្លាមៗ។​ តែយើង​ចង់​សូម​លើក​ទឹកចិត្ត​និង​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពេញ​លេញ​ចំពោះ​ការ​សម្លាប់​នេះ​ ហើយ​ពិចារណា​ផង​ដែរ​ ដោយ​មិន​គ្រាន់តែ​ចំពោះ​អ្នក​សម្លាប់​ប៉ុណ្ណោះ​ទេ​ គឺថែម​ទាំង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ដែរ​ ​ព្រោះ​មាន​ករណី​ជា​ច្រើន​ មិនមែន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ តែ​ក្នុង​ពិភព​លោកដែល​ថា​ អ្នក​កេះ​កៃ​កាំភ្លើង​ពិតៗ​អាច​ត្រូវ​គេ​កាត់​ទោស​ តែអ្នក​បញ្ជា​ជា​រឿយៗ​តែងតែ​រួច​ខ្លួន»។​

អ្នកស្រី​បានចាត់​ទុក​ថា ​ការ​បាញ់​សម្លាប់​នេះ​គឺ​ជា​ទំរង់​នៃ​ការ​ចាប់​ពិរុទ្ធ​ដ៏​អាក្រក់​ ដោយ​អះអាង​ថា​ ការ​បាញ់​សម្លាប់​នេះ​កើត​ឡើង​មិន​គួរ​ជា​រឿង​ភ្ញាក់​ផ្អើល​ខ្លាំង​ពេក​ទេ ​ដោយសារ​ការ​បាញ់​សម្លាប់​នេះ​ធ្លាប់​កើត​ឡើង​ចំពោះ​អ្នក​កាសែត​ផ្នែក​បរិស្ថាន​ព្រៃ​ឈើ​នេះ​គឺ​លោក​ហង្ស សេរីឧត្តម​ និង​លោក​ឈុត វុទ្ធី ​សកម្មជន​ឆ្នើម​ការពារ​ព្រៃឈើ​កាលពី​ឆ្នាំ​២០១២​ដែរ។​

លោក​ប៉ប ឌីតហ្ស ​(Bob Dietz) ​អ្នក​សម្រប​សម្រួល​កម្មវិធី​កិច្ចការ​អាស៊ី​នៃ​អង្គការ​សារ​ព័ត៌មាន​មួយ​ក្នុង​ប្រទេស​អាមេរិក​ (Committee to​ Protect ​Journalists) ​បាន​អះអាង​ថា លោក​សង្កេត​ឃើញ​ថា​ មាន​អ្នក​កាសែត​ត្រូវ​គេ​សម្លាប់ ​ចាប់​ដាក់​គុក ​និង​គំរាម​កំហែង​ដោយសារ​ការ​ចុះ​យក​ព័ត៌មាន​អំពី​ការ​រុករក​រ៉ែ​និង​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ ហើយ​រឿង​នេះ​គ្រប់គ្នា​ទទួល​ស្គាល់​ថា​ ចំណុច​នេះ​ប្រទេស​កម្ពុជា​គ្មាន​សេរីភាព​សារ​ព័ត៌មាន​ប៉ុន្មាន​ទេ​ ហើយ​ថែម​ទាំង​អាក្រក់​ទៀតផង។​

«សារ​ព័ត៌មាន​សេរី​ ដែល​រាយ​ការណ៍​អំពី​ការ​កាប់​ឈើ​ខុស​ច្បាប់​ អាច​បញ្ឈប់​ការ​កាប់​ឈើខុស​ច្បាប់​ ឬ​អាច​នាំ​អ្នក​កាប់ឈើ​ទាំង​នោះ​មក​កាត់​ទោស​ ដាក់​ពិន័យ​ ឬ​ដាក់​គុក ​ឬ​ក៏យ៉ាង​ហោចណាស់​ក៏​បញ្ឈប់​ការ​កាប់​ឈើ​ដែរ។​ តែ​ប្រសិន​បើគេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​រាយ​ការណ៍​ទេ ​ពេល​នោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នឹង​បន្ត​កើត​មាន ​ហើយ​រឿង​នេះ​ក៏​វា​កើត​ឡើង​ដូច​គ្នា​ចំពោះ​សកម្មភាព​ខុស​ច្បាប់​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ដែរ»។​

លោក​ប៉ប ឌីតហ្ស​បាន​ជំរុញ​ដល់​អាជ្ញាធរ​ឲ្យ​បញ្ចប់​វប្បធម៌​គ្មាន​ទោសពៃរ៍​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បាន​ថ្កោលទោស​ការ​បាញ់​សម្លាប់​នេះ។​

«ហើយ​អ្វី​ដែល​ហៅ​ថា​ វប្បធម៌​រួចទោស​នោះ​ វា​ពិត​ជា​មាន​ទំហំ​ធំធេង​សម្រាប់​អ្នក​ដែល​ចង់​សម្លាប់អ្នក​កាសែត​ដោយសារ​របាយ​ការណ៍​របស់​គេ។​ មាន​ឃាតករ​សម្លាប់អ្នក​កាសែត​តិចតួច​ណាស់​ដែល​ត្រូវ​នាំ​យក​មក​កាត់​ទោស​ក្នុង​ប្រទេស​កម្ពុជា»។​

អ្នក​កាសែត​យ៉ាងតិច​១២​នាក់​ដែល​ត្រូវ​សម្លាប់​តាំងពី​ទស​វត្សរ៍​១៩៩០​មក​ តែ​មាន​ជន​ដៃ​ដល់​តិចតួច​ណាស់​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​មក​ផ្តន្ទាទោស​ ទោះ​ជា​មន្ត្រី​អាជ្ញាធរ​បាន​អះអាង​ថា ​គ្មាន​សំណុំ​រឿង​ណាមួយ​ត្រូវ​បាន​បិទការ​ស៊ើប​អង្កេត​ក៏​ដោយ។​

លោក​ធី គូម៉ា​ (T. Kumar) ​នាយក​ផ្នែក​តស៊ូមតិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឈ្មោះ​ ​Amnesty​ International ​ប្រចាំ​ការិយាល័យ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ថ្លែង​ថា ​ជា​អកុសល​ វប្បធម៌​គ្មានទោស​បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​ហើយ​ ដោយសារ​មាន​អ្នក​ខ្លះ​គេច​ផុតពី​ការ​កាត់ទោស​ពាក់​ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម។​

«តែ​ប្រទេស​កម្ពុជា​ត្រូវ​ដោះស្រាយ​ដើម្បី​ផ្លាស់​ប្តូរ​ពី​វប្បធម៌​រួចទោស​ដ៏​សកម្ម​ខ្លាំង​ក្លា​នេះ​ទៅ​កាន់​នីតិរដ្ឋ​ ដែល​ជាថ្មី​ម្តង​ទៀត​ សេរីភាព​សារ​ព័ត៌មាន​គឺ​ពិត​ជា​រឿង​សំខាន់​បំផុត​ដើម្បី​ឲ្យ​នីតិរដ្ឋដំណើរ​ការ​ទៅ​មុខ»។​

លោក​បាន​ចាត់​ទុក​ថា​ ការ​សម្លាប់​អ្នក​កាសែត​ជា​ទង្វើ​គ្រោះថ្នាក់ ​ដោយ​លោក​ទទូច​ឲ្យរដ្ឋាភិបាល​ស៊ើប​អង្កេត ​ហើយនឹង​ការពារ​អ្នក​កាសែត។​

«ប្រទេស​ណា​ក៏​ដោយ​ នៅ​ពេល​សារ​ព័ត៌មាន​មិន​ត្រូវ​គេ​អនុញ្ញាតឲ្យ​រាយ​ការណ៍​ដោយសេរី ​ហើយ​ពួក​គេ​ត្រូវ​គេ​បិទ​មាត់​នោះ​ រឿង​នោះ​មាន​ន័យ​ថា ​វា​ជា​រឿង​អាក្រក់​សម្រាប់អនាគត​ប្រទេស​នោះ​ ហើយ​ក្នុង​រឿង​នេះ​គឺ​កម្ពុជា។​ បញ្ហាគឺ​មិន​មែន​ជាការ​ចង្អុល​ទៅ​លើ​ប្រទេស​ណា​ទេ​ តែ​យើង​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធានា ​និង​ការពារ​អ្នក​កាសែត»។​

លោក​ថ្លែង​ថា ​ការ​សម្លាប់​នេះ​គឺ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​ពិរុទ្ធ​ដោយ​ខ្លួន​ឯង​ ហើយ​បញ្ហា​មួយ​ចំនួន​មិនត្រូវ​បាន​គេ​រាយ​ការណ៍ ​ សេរីភាព​ភាព​ផ្សេង​ទៀត​ត្រូវ​រិតត្បិត បញ្ហា​របស់​សារធារណជន​ ដែល​ជា​រឿង​ត្រូវ​ផ្សព្វផ្សាយ ​ត្រូវ​រារាំង​ផង​ដែរ។​

«ជា​ការណ៍​ពិត ​រឿង​នេះ​នឹង​បញ្ជូន​សារ​ខុស​ឆ្គង​មួយ​ទៅ​កាន់​អ្នក​កាសែត ​ដែល​ថា ​ពួក​គេ​មិន​គួរ​ផ្សព្វផ្សាយ​បញ្ហា​ជាក់លាក់​មួយ​ចំនួន​នោះ​ទេ»។​

ប្រទេស​កម្ពុជា​ត្រូវ​គេ​ចាត់​បញ្ចូលថា ​ជា​ប្រទេស​គ្មាន​សេរីភាព​សារ​ព័ត៌មាន​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា ​ដោយសារ​ការ​សម្លាប់​អ្នក​កាសែត​និង​សកម្មជន ​ឬ​ការ​ចាប់​ដាក់​គុក​ជា​ដើម​នោះ។​

លោក​ប៊េនយ៉ាមីន​ អ៊ីស្មាអ៊ីល ​(Benjamin Ismail) ​នាយក​ការិយាល័យ​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​នៅ​ក្នុង​ប្រទេស​បារាំង ​បាន​ថ្លែង​ថា ​ការ​សម្លាប់​អ្នក​កាសែត​នេះ​គឺ​ជា​រឿង​ព្រួយ​បារម្ភ។​

«ការ​សម្លាប់​នេះ​ជា​និន្នាការ​បារម្ភ​មួយ​ ហើយ​វាពិត​ជា​បង្ហាញ​ថា​ បញ្ហា​បរិស្ថាននិង​ការ​រត់​ពន្ធ​ឈើខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​រឿង​រស៊ើប​នៅ​ពេល​នេះ​ ដែល​រឿងនេះ​ជា​រឿង​ធ្វើឲ្យ​មាន​វប្បធម៌​រួចទោស​ចំពោះ​អ្នក​សម្លាប់​អ្នក​កាសែត ​និង​សកម្ម​ជន​ផង​ដែរ»។​

លោក​បាន​ទទូច​មិន​ឲ្យមាន​ការ​រារាំង​ណាមួយ​ក្នុង​ដំណើរ​ការ​នីតិវិធី​ទេ​ហើយ​លោក​បញ្ជាក់​ពី​ស្ថាន​ការណ៍​សេរីភាព​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ថា៖​

«ជាក់​ស្តែង ​ស្ថាន​ការណ៍​ក្នុង​ប្រទេស​កម្ពុជា​គ្មាន​ការ​រីក​ចម្រើនទេ។​ ​ករណី​នេះ​ពិត​ជា​បាន​ រំឭក​យើង​អំពី​ករណី​សម្លាប់​លោក​ហង្ស សេរីឧត្តម​ ដែល​ជា​អ្នក​យក​ព័ត៌មាន​ផ្នែក​ស៊ើប​អង្កេត​ផង​ដែរ​ ដែលត្រូវ​គេ​បាញ់​សម្លាប់​ក្នុង​ពេល​ចុះ​យក​ ព័ត៌មាន​អំពី​ការ​កាប់​ឈើ​ខុសច្បាប់ ​និង​បញ្ហា​បរិស្ថាននោះ»។

កញ្ញា​ ម៉ម កល្យាណនី​ អ្នក​និពន្ធ​ភាព​យន្ត​ឯកសារ​អំពី​បរិស្ថានតំបន់​អារ៉ែង​ ដែល​មាន​ក្តី​អាណិត​អាសូរ​ដល់​ជនជាតិ​ដើម​ភាគ​តិច«ជុង»​ (Chong)​ក្នុង​ខេត្ត​កោះកុង​បាន​ថ្លែង​ថា ​នាង​មាន​ភាព​ក្តុកក្តួល​ខ្លាំង​ណាស់​នៅ​ពេល​ដែល​អ្នក​កាសែត​ការពារ​បរិស្ថានម្នាក់​ត្រូវ​គេ​បាញ់​សម្លាប់​ដោយសារ​ការ​ស្រាវជ្រាវ​រក​ការណ៍​ពិត​ដែល​គេត្រូវ​ការ​នោះ។​

«ខ្ញុំ​នៅ​ពេល​ដែល​បាន​ឮ​ថា​ គេ​បាន​សម្លាប់​លោក​ តាំង ទ្រី ​ខ្ញុំមាន​ការ​សោក​ស្តាយ​មែន​ទែន ​ព្រោះខ្ញុំ​មិនមែន​ត្រឹមតែ​គិត​អំពី​គាត់​ទេ ​តែ​បាន​គិត​ពី​ប្រទេស​ជាតិ​យើង​ទាំងអស់​គ្នា​ ហើយ​បាន​គិតពី​លោក​ឈុត វុទ្ធី​ដែរ​ ​ហើយ​គិត​ពី​ទាំង​អស់​គ្នា​ដែល​បាន​ធ្វើ​បាតុកម្ម​ទៅ​ជួយ​បរិស្ថាននៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ ហើយ​ខ្ញុំ​បាន​គិត​ពី​ប្រជា​ជន​ក្នុង​តំបន់​អារ៉ែង​ដែរ។​ កន្លែង​ខ្ញុំ​បាន​ទៅ​ថត»។​

កញ្ញា​បាន​សួរ​ថា ​តើ​កម្ពុជា​គួរតែ​គិត​ពី​លុយ​ ពី​អំណាច​ និង​ពី​ទ្រព្យ​សម្បត្តិ​តែ ប៉ុណ្ណឹង​ឬ​ក៏​គិត​អំពី​សេចក្តី​ស្រឡាញ់​ សេចក្តី​មេត្តា​ចំពោះ​ជន​រួមជាតិ ​និង ​ជីវភាព​រស់​នៅ​ក្នុង​សន្តិភាព​ និង​សុខដុមរមនា​ជាមួយ​នឹង​ធម្មជាតិ?​

នាង​បាន​បន្ត​ថា ​នៅ​ពេល​សួរ​សំណួរ​ទៅ​កាន់​ជនរងគ្រោះ​ដោយសារ​ដីធ្លី​នៅ​អារ៉ែង​ដែល​គេ​ផ្តល់​អាជ្ញា​បណ្ណ​ទៅ​ដល់​ក្រុមហ៊ុន​ចិន​ដើម្បី​ធ្វើ​វារី​អគ្គិសនី​នោះ​ ពួកគេ​បាន​និយាយ​ថា ​ពួក​គេ​មិន​ចង់​បានអ្វី​ក្រៅពី​ធម្មជាតិ​ ដីធ្លី ​ព្រៃ​ព្រឹក្សា​ បរិស្ថាននោះ​ឡើយ។​

«អញ្ចឹង​គាត់អត់​ចង់​បាន​លុយ។ ​គាត់​ចង់​បានដី។ ​គាត់ចង់​បាន​ធម្មជាតិ​របស់​គាត់។ ហើយ​ខ្ញុំ​គិត​ថា ​ប្រជាជន​ទាំងអស់​គ្នា​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​មាន​គំនិត​អញ្ចឹង​ដែរ ​មាន​គំនិត​ថា​ ធម្មជាតិ​សំខាន់​ជាង​អ្វីៗ​ទាំង​អស់»។​

ប្រទេស​កម្ពុជា​ត្រូវ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ដាក់​ចំណាត់​ថ្នាក់​ទី​១៤៤​ ក្នុង​ចំណោម​១៨០​ប្រទេស​នៃ​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​ក្នុង​ឆ្នាំ​២០១៤។ ​ហើយ​ត្រូវ​អង្គការ ​Freedom House​ របស់​ស.រ.អា.បាន​ចាត់​បញ្ចូល​ទៅ​ក្នុង​ប្រទេស​ដែល​គ្មាន​សេរីភាព​សារ​ព័ត៌មាន៕