វេទិកាតំបន់ដែនកោះប៉ាស៊ីហ្វិក មានរដ្ឋសមាជិកចូលរួមសរុបចំនួន១៨។ វេទិកានេះគ្របដណ្ដប់លើក្រុមវប្បធម៌និងភូមិសាស្ត្រចំនួន៣ រួមមាន មីក្រូណេស៊ី មេឡាណេស៊ី និងប៉ូលីណេស៊ី និងក៏រួមមានប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ផងដែរ។ រដ្ឋសមាជិកមួយចំនួនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ខណៈរដ្ឋខ្លះទៀតទទួលស្គាល់ចិនដីគោក។
ជាយន្តការបង្កើតឡើងក្នុងឆ្នាំ១៩៧១ វេទិកាតំបន់ដែនកោះប៉ាស៊ីហ្វិក កំពុងស្ថិតក្នុងហានិភ័យនៃការបែកបាក់ខ្វែងគំនិតគ្នាជុំវិញជម្លោះក្នុងចំណោមមេដឹកនាំរដ្ឋជាសមាជិកកាលពីឆ្នាំមុន ចំពេលដែលទាំងចិនទាំងអូស្ត្រាលីសុទ្ធតែបានឃ្មាតខ្មីសម្រុកបង្កើនវត្តមានការទូតរបស់ពួកគេរៀងខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក។
រដ្ឋសហព័ន្ធមីក្រូណេស៊ីបានខឹងសម្បាដោយសារតែបេក្ខភាពដែលខ្លួនបានឧទ្ទេសនាមសម្រាប់តំណែងអគ្គលេខាធិការរបស់អង្គការថ្នាក់តំបន់នេះ គឺលោក Gerald Zackios អតីតរដ្ឋមន្ត្រីការបរទេសកោះម៉ាសាល់និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានគេមើលរំលង ហើយជំនួសមកវិញនូវបេក្ខភាព អតីតនាយករដ្ឋមន្ត្រីកោះCook លោក Henry Puna សម្រាប់តំណែងខាងលើ។
យ៉ាងណាក៏ដោយ ភាពបដិបក្ខទាំងអម្បាលម៉ានខាងលើ ហាក់ត្រូវបានផ្សះផ្សាអំឡុងជំនួបមួយក្នុងខែនេះរវាងក្រុមមន្ត្រីមកពី ហ្វ៊ីជី សាម័រ កោះCook រដ្ឋសហព័ន្ធមីក្រូណេស៊ី ប៉ាឡៅ និងកោះម៉ាសាល់។ រដ្ឋទាំងនេះបានព្រមព្រៀងគ្នាធ្វើកំណែទម្រង់ដែលចាំបាច់ត្រូវតែទទួលការផ្ដល់សច្ចាប័នពីសំណាក់រដ្ឋជាសមាជិកទាំងអស់នៃវេទិកាតំបន់ដែនកោះប៉ាស៊ីហ្វិក អំឡុងកិច្ចប្រជុំបន្ទាប់នាថ្ងៃអនាគត។
អំឡុងដំណើរទស្សនកិច្ចក្នុងពេលថ្មីៗនេះទៅកាន់តំបន់ប៉ាស៊ីហ្វិក លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi បានបានខកខាន ក្នុងការឈានដល់ការចុះកិច្ចព្រមព្រៀងរួមមួយគ្របដណ្ដប់លើផ្នែកពាណិជ្ជកម្មនិងសន្ដិសុខជាមួយប្រទេសដែនកោះទាំង១០ ដោយសារតែមានក្ដីបារម្ភនានាថា ដំណើរការតាក់តែងកិច្ចព្រមព្រៀងនេះហាក់ត្រូវបានសម្រុកធ្វើដោយតក់ក្រហល់ពេក។ បណ្ដាមេដឹកនាំមួយចំនួនថែមទាំងបានស្នើឱ្យយកពង្រាងកិច្ចព្រមព្រៀងអន្តរជាតិខាងលើជាមួយចិន មកដាក់លើតុជជែកដេញដោលនៅវេទិកាតំបន់ដែនកោះប៉ាស៊ីហ្វិកថែមទៀតផង។
ថ្លែងប្រាប់ វិទ្យុនូវែលហ្សេឡង់ (Radio New Zealand) អ្នកស្រី Anna Powles សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកការសិក្សាកិច្ចការសន្ដិសុខ នៅសាកលវិទ្យាល័យ Massey បានលើកឡើងថា គេមិនគួរមើលស្រាលជំនាញឯកទេសការទូតរបស់បណ្ដាមេដឹកនាំតំបន់ប៉ាស៊ីហ្វិកនោះទេ។
អ្នកស្រី Anna Powles ថ្លែងថា៖ «ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Wang Yi ពិតជាបានបង្ហាញទាំងអំពីជម្រៅជ្រាលជ្រៅនៃទំនាក់ទំនងដែលចិនមានក្នុងក្របខណ្ឌទ្វេភាគី[ជាមួយរដ្ឋសមាជិកនីមួយៗ] និងក៏ដូចជាការស្រវាបោះដៃហួសកម្រិត និងការជឿជាក់ជ្រុលហួសហេតុរបស់ចិន លើសមត្ថភាពរបស់ខ្លួនក្នុងការខិតខំសម្រេចកិច្ចការលើកម្រិតពហុភាគី។ ការណ៍នេះសបញ្ជាក់អំពីភាពប៉ិនប្រសប់ផ្នែកដឹកនាំរដ្ឋក្នុងតំបន់ប៉ាស៊ីហ្វិក ពេលដែលបណ្ដាមេដឹកនាំនានានៅទីនោះបានទាញយកប្រៀបផលប្រយោជន៍នយោបាយភូមិសាស្ត្រក្នុងតំបន់នេះ»។
តែលោក Wang Yi យ៉ាងហោចបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាមួយបណ្ដាប្រទេសដែនកោះមួយចំនួន អំឡុងដំណើរទស្សនកិច្ចរបស់លោក រួមមាន គិរីបាទី និងសាម័រ ជាដើម។
នាដើមឆ្នាំនេះ ទីក្រុងប៉េកាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកសន្ដិសុខមួយជាមួយកោះ Solomons ដែលស្ថិតនៅខាងឦសានប្រទេសអូស្ត្រាលី ដើម្បីបង្កើនកម្រិតឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ផ្ទៃក្នុងប្រទេសក្នុងដែនប្រជុំកោះMelanesian មួយនេះ ដែលជាប់សាវតាកើតចលាចលហិង្សាក្នុងប្រទេស។
ប្រទេសអូស្តា្រលីនិងសម្ពន្ធមិត្តព្រួយបារម្ភថាកិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យចិនបង្កើតទីតាំងយោធាជាយុទ្ធសាស្ត្រក្នុងតំបន់។
ជាការឆ្លើយតប ភ្លាមក្រោយការបោះឆ្នោតថ្ងៃទី២១ខែឧសភាកន្លងទៅ រដ្ឋាភិបាលឆ្វេងនិយមកណ្ដាលដែលទើបជាប់ឆ្នោតថ្មីនៃទីក្រុងកង់បេរ៉ា របស់អូស្ត្រាលី បានពង្រីកកិច្ចប្រឹងប្រែងផ្នែកការទូតរបស់ខ្លួននៅក្នុងតំបន់ ជាមួយនឹងការសន្យាថានឹងនាំការអនុវត្តសកម្មភាពកាន់តែច្រើនបន្ថែមទៀតលើបញ្ហាបម្រែបម្រួលអាកាសធាតុ សន្ដិសុខ និងជំនួយ។
ក្រុមអ្នកវិភាគបានជឿជាក់ថា សតិអារម្មណ៍ដែលកំពុងមានក្នុងចំណោមរដ្ឋជាសមាជិកទាំង១៨នៃវេទិកាតំបន់ដែនកោះប៉ាស៊ីហ្វិកនោះគឺថា ការបន្ធូរបន្ថយភាពតានតឹងផ្ទៃក្នុងតំបន់នឹងនាំមកឱ្យវេទិកានេះនូវភាពខ្លាំងក្លាជាងមុន និងស្មារតីរួបរួមជាងមុន ដើម្បីពិចារណាដោយប្រុងប្រយ័ត្នលើមហិច្ឆតារបស់ប្រទេសចិន និងលើពាក្យសន្យារបស់អូស្ត្រាលីថានឹងធ្វើសកម្មភាពជាងមុនលើបញ្ហាបម្រែបម្រួលអាកាសធាតុ៕
ប្រែសម្រួលដោយ អូន ឆេងប៉រ
ក្រុង Sydney —