ដោយមានក្ដីរំពឹងថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា របាយការណ៍របស់យោធាមីយ៉ាន់ម៉ាដែលបានចេញផ្សាយ បានបញ្ជាក់ថា ការស៊ើបអង្កេតផ្ទៃក្នុងមួយមិនបានរកឃើញភស្តុតាងណាមួយដែលទាហានរបស់ខ្លួនប្រព្រឹត្តការរំលោភសិទ្ធិមនុស្សទៅលើជនអំបូរ Rohingya កាន់សាសនាឥស្លាមនោះទេ។
អង្គការសិទ្ធិមនុស្សអន្តរជាតិនានាបានបដិសេធនូវរបាយការណ៍នោះភ្លាមៗ។ អង្គការ Human Rights Watch ដែលមានមូលដ្ឋាននៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក បានថ្កោលទោសរបាយការណ៍នេះថាជាការប៉ុនប៉ងរបស់យោធាមីយ៉ាន់ម៉ាក្នុងការលាក់បាំងទង្វើរបស់ខ្លួន ដែលអង្គការសិទ្ធិមនុស្សនានាបានបញ្ជាក់ថាជាស្ថានការណ៍នៃការសម្លាប់រង្គាល អំពើហិង្សាផ្លូវភេទ ការលួចប្លន់ និងការបំផ្លិចបំផ្លាញ។
ពួកយោធាត្រូវបានគេចោទប្រកាន់ថាបានអនុវត្តនូវយុទ្ធនាការសម្លាប់រង្គាលសំដៅទៅលើភូមិនានារបស់ជនអំបូរ Rohingya ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធ Rohingya ទៅលើប៉ុស្តិ៍ប៉ូលិសមីយ៉ាន់ម៉ានៅភាគពាយព្យនៃរដ្ឋ Rakhine កាលពីខែសីហាកន្លងទៅនេះ។
យុទ្ធនាការសម្លាប់រង្គាលនេះបានបណ្ដាលឲ្យជនអំបូរ Rohingya ប្រហែល ៦ សែននាក់ ភៀសខ្លួនចូលទៅកាន់ប្រទេសបង់ក្លាដេសដែលនៅក្បែរខាង ដែលអ្នកទាំងនោះបានប្រាប់អង្គការសិទ្ធិមនុស្សនានាអំពីភាពសាហាវឃោរឃៅដែលប្រព្រឹត្តិឡើយដោយកងកម្លាំងសន្តិសុខរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលក្នុងនោះមានទាំងការបាញ់រះមិនរើសមុខ ការចាប់រំលោភ និងការដុតភូមិជាដើម។
អង្គការសហប្រជាជាតិបានហៅសកម្មភាពរបស់យោធាមីយ៉ាន់ម៉ាទាំងនេះថាជា «ឧទាហរណ៍ដ៏ជាក់ច្បាស់បំផុតនៃការបោសសម្អាតជាតិសាសន៍»។
នៅក្នុងរបាយការណ៍នោះ យោធាមីយ៉ាន់ម៉ាអះអាងថា ពួកគេបានសម្លាប់ «ពួកភេរវជន» Rohingya តែ ៣៧៦ នាក់ប៉ុណ្ណោះ ដោយបដិសេធនូវការចោទប្រកាន់ដែលធ្វើឡើងដោយជនភៀសខ្លួន Rohingya ដែលគេចខ្លួនទៅកាន់ប្រទេសបង់ក្លាដែស៕
របាយការណ៍នេះត្រូវបានចេញផ្សាយមួយថ្ងៃមុនមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi គ្រោងនឹងជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson នៅក្នុងទីក្រុងម៉ានីល នៅក្នុងជំនួបក្រៅផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ាន៕