មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា កិច្ចខិតខំប្រឹងប្រែងក្នុងការសើរើឡើងវិញទាំងស្រុងនូវប្រព័ន្ធគ្រប់គ្រងជនអន្តោប្រវេសន៍និងជនបរទេសនៅកម្ពុជា ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣នោះ ជាការព្យាយាមបិទបញ្ចប់នយោបាយ«ជាតិនិយម»ប្រឆាំងនឹងរដ្ឋាភិបាល។
លោក ខៀវ សុភ័គ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA ថា រដ្ឋាភិបាលកម្ពុជាមើលឃើញថា សំណុំរឿងអន្តោប្រវេសន៍ពាក់ព័ន្ធនឹងជនជាតិវៀតណាមជាពិសេស ជាសំណុំរឿងចម្បងសម្រាប់នយោបាយកម្ពុជាច្រើនរបបដឹកនាំមកហើយ រាប់តាំងពីរបបសង្គមរាស្ត្រនិយមមកដល់របបសាធារណរដ្ឋខ្មែរនិងសម័យបច្ចុប្បន្ន។
«យើងមើលសភាពការណ៍កម្ពុជាមើល អារឿង Nationalism ហ្នឹង ជាតិនិយមហ្នឹង។ វាច្រើនតែយកជាតិនិយមហ្នឹងធ្វើជាអាវុធដើម្បីផ្ដួលរំលំឬក៏ដើម្បីរដ្ឋប្រហារអីបន្ដុះបង្អាប់របបដឹកនាំនីមួយៗ»។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះបន្ថែមថា សំណុំរឿងជនជាតិវៀតណាមរស់នៅកម្ពុជានេះត្រូវបានប្រើ«គ្រាន់ជាលេសផ្ដួលរំលំឬក៏បំពានទាញចំណេញនយោបាយរបស់អ្នកនយោបាយ និងគណបក្សផ្សេងៗ» ដែលលោកមិនបញ្ជាក់ឈ្មោះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានជួបសន្ទនាតាមទូរសព្ទកាលពីព្រលប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ជាមួយប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងជាអគ្គលេខាបក្សកុម្មុយនីស្ដ ដែលក្នុងជំនួបនោះ ប្រធានរដ្ឋវៀតណាមបានទទូចម្ដងទៀតឱ្យភាគីកម្ពុជាជួយ «បង្កើតលក្ខខណ្ឌអំណោយផល» សម្រាប់ការរស់នៅរបស់ជនជាតិមានដើមកំណើតឈាមជ័រជាវៀតណាមក្នុងប្រទេសកម្ពុជា។
ត្រឹមតែមួយថ្ងៃបន្ទាប់ពីជំនួបតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងប្រធានរដ្ឋវៀតណាម នោះ ក្រសួងមហាផ្ទៃកម្ពុជាបានចេញមុខបំភ្លឺរឿងកំណែទម្រង់អន្តោប្រវេសន៍ ដែលក្រសួងនេះបានធ្វើយុទ្ធនាការសើរើទូទាំងប្រទេស ចាប់ពីក្រោយការបោះឆ្នោតឆ្នាំ ២០១៣ មក។
ក្រសួងមហាផ្ទៃកម្ពុជាបានចេញសេចក្ដីបំភ្លឺ ដោយបានបង្ហាញទិន្នន័យនៃការធ្វើកំណែទម្រង់លើបញ្ហាជនអន្តោប្រវេសន៍ ដែលក្រសួងនេះបានបរិយាយថាជា«គ្រោះហានិភ័យចំពោះសន្តិសុខជាតិ សណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គម»។
សេចក្តីបំភ្លឺរបស់ក្រសួងមហាផ្ទៃឲ្យដឹងថា កំណែទម្រង់ដែលបានបិទបញ្ជីកាលពីខែមិថុនា ឆ្នាំ២០១៩ បាននាំទៅដល់ការដកហូតឯកសាររស់នៅរបស់ជនបរទេសជិត៧ម៉ឺននាក់(៦៩ ៩៥៧នាក់) ដែលក្នុងនោះស្ទើរតែទាំងអស់ទៅហើយជាជនជាតិវៀតណាម។ក្រសួងមហាផ្ទៃបន្ថែមថា មានជនបរទេសសរុបជិត៩ម៉ឺននាក់ (៨៩ ៧៨៦នាក់) កំពុងរស់នៅកម្ពុជា ដោយមានបណ្ណស្នាក់នៅជាអចិន្រ្តៃយ៍ក្នុងនាមជាជនអន្តោប្រវេសន៍ ដែលក្នុងនោះស្ទើរតែទាំងអស់ជាជនជាតិវៀតណាម។
ត្រង់ចំណុចនេះ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នេះជាការបង្ហាញទិន្នន័យផ្លូវការមួយ។
«ឥឡូវ យើងបញ្ចេញដាក់លើតុទាំងអស់គ្នា។ មានអ្វីទៀតឥឡូវហ្នឹង!»
ខ្លឹមសារនៃសំណើនេះត្រូវបានផ្សាយដោយកាសែតប្រជាជន (Nhan Dan) ដែលជាគ្រឹះស្ថានឃោសនាផ្លូវការរបស់បក្សកុម្មុយនីស្ដវៀតណាម តែមិនត្រូវបានឃើញបង្ហាញក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ផ្សព្វផ្សាយពីជំនួបនោះឡើយ។សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាមាននិយាយអំពីការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។
លោកខៀវ សុភ័គបញ្ជាក់ថា ការចេញមុខធ្វើអន្តរាគមន៍ពីសំណាក់ក្រសួងមហាផ្ទៃ ភ្លាមៗក្រោយជំនួបតាមទូរស័ព្ទរវាងមេដឹកនាំប្រទេសទាំងពីរកម្ពុជាវៀតណាមនោះពុំមានការជាប់ទាក់ទងគ្នានោះឡើយ។
«អត់មានអីទេ! អត់មានពាក់ព័ន្ធអីទេ! គ្រាន់តែយើងUpdate(ធ្វើបច្ចុប្បន្នភាព)ព័ត៌មាន ប៉ុណ្ណោះឯង។ហើយបើគេថា ដើម្បីយ៉ាងម៉េចក៏គេថាបាន។គេចេញមកអ៊ីចឹង។ ប៉ុន្តែយើងមិនមែនគាប់ជួនអ៊ីចឹងទេ។យើងធ្វើតាំងពីមុនហ្នឹងទៅទៀត!»
គណបក្សសង្គ្រោះជាតិដែលធ្លាប់មានតំណាងរាស្ត្រ៥៥អាសនៈនៅរដ្ឋសភាកាលពីឆ្នាំ២០១៣ តទល់នឹងគណបក្សប្រជាជនកម្ពុជា ដែលយកបាន៦៨អាសនៈ ធ្លាប់បានលើកឡើងពីករណីដែលជនជាតិដើមកំណើតវៀតណាម អាចទទួលបាននូវឯកសារបញ្ជាក់អត្តសញ្ញាណពីអាជ្ញាធរមូលដ្ឋាន ហើយចូលរួមបោះឆ្នោតគាំទ្របក្សកាន់អំណាច។ បក្សប្រឆាំងក៏ធ្លាប់លើកឡើងដែរថា គណបក្សប្រជាជនកម្ពុជាត្រូវបានវៀតណាមផ្ចុងផ្ដើមកាលពីអំឡុងទសវត្សរ៍៨០ ហើយបានកាន់អំណាចរហូតមកដល់បច្ចុប្បន្ននេះ។
តុលាការកំពូលបានសម្រេចដោយរលូនរំលាយគណបក្សប្រឆាំងដ៏ធំនេះ កាលពីឆ្នាំ២០១៧។ដោយប្រតិបត្តិពីក្រៅប្រទេស ក្រុមមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិទើបបានបង្កើតគណៈកម្មការកិច្ចការព្រំដែននិងអន្តោប្រវេសន៍ ដែលបណ្ដុំដោយអ្នករិះគន់រដ្ឋាភិបាលលើបញ្ហាដោះស្រាយព្រំដែននិងអន្តោប្រវេសន៍ជាមួយវៀតណាម។
លោក ខៀវ សុភ័គ បានទទួលស្គាល់ថា គ្រាមុនយុទ្ធនាការកំណែទម្រង់អន្តោប្រវេសន៍នេះ ពិតជាមានអាជ្ញាធរ រដ្ឋបាលថ្នាក់ក្រោមជាតិ រហូតដល់អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃមួយរូបផង ជាប់ពាក់ព័ន្ធចេញផ្ដល់នូវឯកសារ«មិនប្រក្រតី»បញ្ជាក់អត្តសញ្ញាណ សញ្ជាតិនិងសិទ្ធិរស់នៅដល់ជនជាតិបរទេសនានារាប់ទាំងបណ្ដាជនវៀតណាមផង។
នៅពេលសួរថារដ្ឋអំណាចនឹងមានវិធានការអ្វីចំពោះមន្ត្រីរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធទាំងនោះ លោកខៀវ សុភ័គ បានឆ្លើយថា៖ «បើយើងមានវិធានការអ៊ីចឹង បានសេចក្ដីថា យើងត្រូវសង់គុកថែមសម្រាប់ ប្រហែលជាប៉ុន្មានម៉ឺននាក់ទៀត។ ឥឡូវកំពុងតែមានប៉ុន្មានម៉ឺននាក់ហើយ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបន្ថែមថា៖ «ដូច្នេះយើងថាឱ្យចប់មួយសាទៅចុះដូចពាក្យសាមញ្ញថាឆាចោលមួយសា !ដាក់ចូលច្បាប់ទៅ ឱ្យទៅចាប់!ចងពីណា បើមានទាំងមេឃុំ មានទាំងប៉ូលិស មានទាំងអតីតរដ្ឋលេខាធិការ។ ខ្ញុំមិនបញ្ចេញឈ្មោះទេ»។
លោក Phil Robertson អនុប្រធានផ្នែកកិច្ចការតំបន់អាស៊ីនៃក្រុមឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើងថា កំណែទម្រង់អន្តោប្រវេសន៍បានធ្វើឱ្យបណ្ដាជនដែលមានកំណើតវៀតណាមរងនូវហានិភ័យនៃការបំពានសិទ្ធិនិងងាយរងគ្រោះ។
លោកប្រាប់ VOA តាមសារអេឡិចត្រូនិកថា៖
«[រដ្ឋាភិបាល]កម្ពុជាគួរណាស់តែដោះស្រាយនូវបញ្ហាគ្មានរដ្ឋជ្រកកោន[របស់បណ្ដាជនដើមកំណើតវៀតណាមទាំងនោះ] តាមរយៈការផ្ដល់ជូននូវឯកសារដែលទទួលស្គាល់នូវវត្តមានស្របច្បាប់របស់ពួកគេនៅក្នុងប្រទេសនេះ និងផ្ដល់នូវមាគ៌ាឈានទៅទទួលបានសញ្ជាតិដែលប្រកបដោយយុត្តិធម៌និងតម្លាភាព ដើម្បីជាការទទួលស្គាល់នូវបណ្ដាជនទាំងនេះថាបានរស់នៅក្នុងប្រទេស[កម្ពុជា]អស់ជាច្រើនជំនាន់មកហើយ»។
អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សរូបនេះបន្ថែមថា ប្រទេសវៀតណាមខ្លួនឯងក៏ត្រូវផ្ដោតការយកចិត្តទុកដាក់ផងដែរលើការបញ្ចប់ការរំលោភបំពានសិទ្ធិមនុស្សក្រោមហេតុផលនយោបាយនិងសាសនា លើបណ្ដាជនខ្មែរក្រោមនិងបណ្ដាជនម៉ុងតាញ៉ា ហើយខណៈនេះ រដ្ឋាភិបាលលោកហ៊ុន សែនក៏ត្រូវផ្ដល់សញ្ជាតិឲ្យបណ្ដាជនខ្មែរក្រោម អាចទទួលសិទ្ធិជាពលរដ្ឋស្របច្បាប់នៃប្រទេសកម្ពុជាផងដែរ។
មានតែការផ្ដល់ការទទួលស្គាល់ផ្នែកផ្លូវច្បាប់និងការចាត់វិធានការបញ្ឈប់ការរើសអើងទេ ទើបអាចដោះស្រាយបន្ថយទុក្ខលំបាកនិងហានិភ័យសម្រាប់បណ្ដាជនភាគតិចវៀតណាម ខ្មែរក្រោមនិងម៉ុងតាញ៉ាបាន។ នេះជាការលើកឡើងរបស់លោក Phil Robertson៕