រដ្ឋាភិបាលកម្ពុជាបានស្នើដល់អាជ្ញាធរមូលដ្ឋានក្នុងរាជធានី ខេត្ត បង្កើនកិច្ចខិតខំ រកច្រកដែលមានប្រសិទ្ធភាពដើម្បីដោះស្រាយវិវាទដីធ្លី និងរារាំងមិនឲ្យពលរដ្ឋមកផ្តុំគ្នាតវ៉ាក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែល VOA ទទួលបាន។
លិខិតរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ឲ្យត្រៀមឆ្លើយតបនឹងការតវ៉ារបស់ពលរដ្ឋមានទំនាស់ដីធ្លីក្នុងន័យដើមថា៖
«ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី នៅតាមខេត្តនីមួយៗឲ្យបានហ្មត់ចត់ ដើម្បីចូលរួមបង្ការ ទប់ស្កាត់កុំឲ្យមាននិន្នាការឡើងមកប្រមូលផ្តុំតវ៉ាដាក់ញត្តិនៅរាជធានីភ្នំពេញ»។
លោក ស ខេង ក៏បានស្នើឲ្យរដ្ឋបាលរាជធានី ខេត្ត ណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរក្សាបាននូវភាពអត់ធ្មត់នៅក្នុងការបំពេញការងារពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី ឬការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋអំពីបញ្ហាដីធ្លី ដើម្បីបញ្ចៀសឲ្យបាននូវអំពើហិង្សាដែលអាចកើតមានឡើងជាយថាហេតុ។ រដ្ឋបាលរាជធានី ខេត្តត្រូវធ្វើការពង្រឹងអាជ្ញាធរមូលដ្ឋានក្នុងការបញ្ជាក់លើលិខិតស្នាម ឯកសារនានាពាក់ព័ន្ធដីធ្លី ឲ្យបានត្រឹមត្រូវតាមច្បាប់ បែបបទ នីតិវិធី និងការណែនាំជាធរមាន ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះបុគ្គលជាអាជ្ញាធរដែលចេញឯកសារមិនស្របច្បាប់នានាពាក់ព័ន្ធដីធ្លី។
លិខិតរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីការឆ្លើយតបរបស់អាជ្ញាធរទៅនឹងអ្នកមកប្រមូលផ្តុំ និងសុំដាក់ញត្តិនៅរាជធានីភ្នំពេញ តាមន័យដើមថា៖
«រដ្ឋបាលរាជធានីភ្នំពេញត្រូវចាត់ក្រុមការងារមួយឲ្យតាមដាន និងក្តាប់សភាពការណ៍របស់អ្នកតវ៉ាទំនាស់ដីធ្លីនៅទីតាំងដែលមានប្រជាពលរដ្ឋមកប្រមូលផ្តុំ និងទីកន្លែងស្នាក់នៅរបស់ពួកគាត់ក្នុងរាជធានីភ្នំពេញ ព្រមទាំងចាត់ចែងកងកម្លាំងមានសមត្ថកិច្ចឲ្យជួយការពារសន្តិសុខ និងសុវត្ថិភាពជូនពួកគាត់»។
លិខិតរបស់លោក ស ខេង បានបន្ថែមថា៖
«រដ្ឋបាលរាជធានីភ្នំពេញត្រូវទំនាក់ទំនងជូនព័ត៌មានភ្លាមទៅរដ្ឋបាលខេត្តពាក់ព័ន្ធ នៅពេលដែលដឹងអំពីព័ត៌មានពាក់ព័ន្ធនឹងការប្រមូលផ្តុំនៅទីតាំងណាមួយក្នុងរាជធានី ដើម្បីតវ៉ាបញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ មកពីខេត្តណាមួយ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្តត្រូវចាត់ក្រុមការងារមួយជាបន្ទាន់ ឲ្យមកជួបប្រជាពលរដ្ឋដើម្បីសម្រុះសម្រួលប្រជាពលរដ្ឋឲ្យទៅចូលរួមដោះស្រាះបញ្ហាទំនាស់ដីធ្លីនៅមូលដ្ឋានវិញ ព្រមទាំងចាត់ចែងមធ្យោបាយដឹកជញ្ជូនពួកគាត់ត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន»។
នៅមុនការចេញលិខិតណែនាំរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមប្រជាពលរដ្ឋជាច្រើនរយនាក់មកពីខេត្តនានា បានមកកាន់រាជធានីភ្នំពេញដើម្បីធ្វើការតវ៉ាជាមួយរដ្ឋាភិបាល ក្នុងគោលបំណងស្វែងរកដំណោះស្រាយទៅលើទំនាស់ដីធ្លីរបស់ពួកគេ។
កាលពីពេលថ្មីៗនេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសន្យាបញ្ចប់ទំនាស់ដីធ្លីរវាងពលរដ្ឋជាង៣០០គ្រួសារជាមួយនឹងក្រុមហ៊ុនស្ករអំពៅចំនួនពីរ ដែលលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច បានអះអាងថា មិនមែនជារបស់លោកទៀតទេ។ ការសន្យារបស់លោក ជា សុផារ៉ា បានធ្វើឡើង ក្រោយពីក្រុមប្រជាពលរដ្ឋទាំងនោះ ឡើងមកតវ៉ានៅរាជធានីភ្នំពេញជាច្រើនលើក ច្រើនសារ ហើយថែមទាំងមានការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរក្រុងទៀតផង។
លោក អន ភារៈ អភិបាលរងខេត្តកោះកុង ដែលធ្លាប់ត្រូវបានពលរដ្ឋអះអាងថា ស្កាត់មកជួបពលរដ្ឋនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងករណីទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនស្ករអំពៅនេះ បានបញ្ជាក់ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា សាលាខេត្តកោះកុងបានទទួលលិខិតរបស់លោក ស ខេង ហើយ តែលោកបានបដិសេធមិនផ្តល់ការអធិប្បាយថា តើលោកនឹងធ្វើយ៉ាងណាទៅតាមលិខិតនោះទេ ដោយលោកបានបង្វែរសំណួរទៅលោក សុខ សុទ្ធី មន្ត្រីនាំពាក្យសាលាខេត្ត។
VOA បានព្យាយាមសុំការអធិប្បាយពីលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងមន្ត្រីនាំពាក្យសាលាខេត្ត តែទូរសព្ទលោករោទិ៍គ្មានអ្នកទទួល។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្ស លីកាដូ ចាត់ទុកថា នេះជាលើកទីមួយដែលរដ្ឋាភិបាលបានចេញលិខិតអន្តរាគមន៍ជាមុន ក្នុងការទប់ស្កាត់សកម្មភាពប្រជាពលរដ្ឋឡើងមកតវ៉ានៅទីក្រុងភ្នំពេញនៅមុនអំឡុងពេលបោះឆ្នោត។
លោកថ្លែងថា៖
«ការណ៍ឡើងមកទីក្រុងភ្នំពេញរបស់ប្រជាពលរដ្ឋនេះ គឺដោយសារតែលោកបាត់បង់ជំនឿទៅលើអាជ្ញាធរមូលដ្ឋាន គឺអាជ្ញាធរខេត្ត រាជធានីដែលបញ្ហាគាត់មានយូររ៉ាំរ៉ៃ ហើយដោះមិនចេញ។ អីចឹងបានគាត់សម្រុកមករាជធានីភ្នំពេញដើម្បីសុំកិច្ចអន្តរាគមន៍ក្នុងការដោះស្រាយបញ្ហាដីធ្លីរបស់គាត់ហ្នឹង។ នេះមិនមែនជាបញ្ហាឥឡូវ កើតថ្មីទេ។ បញ្ហាដីធ្លីនេះវាជាបញ្ហាយូរហើយ ប៉ុន្តែបើសិនជាលិខិតរបស់ក្រសួងមហាផ្ទៃបានចេញ គឺជាលិខិតមួយថ្មីនៅក្នុងអាណត្តិនេះ។ ហើយយើងក៏អបអរសាទរដែរចំពោះលិខិតនេះ។ បើសិនជាអាជ្ញាធរថ្នាក់ក្រោមជាតិ ឬថ្នាក់ខេត្ត និងរាជធានីហ្នឹង គាត់ប្រឹងប្រែងធ្វើការដោះស្រាយបញ្ហាដីធ្លី ចាប់តាំងពីដំបូងមក ប្រហែលជាមិនមានរឿង បញ្ហាដីធ្លីក្តៅគគុក ឬក៏ប្រជាពលរដ្ឋឡើងមកតវ៉ានៅទីក្រុងភ្នំពេញនោះទេ បាទ»។
មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់រូបនេះថ្លែងបន្តថា មានបញ្ហាដីធ្លីជាច្រើនដែលដោះមិនចេញដែលភាគច្រើនជាប់ពាក់ព័ន្ធដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលបានផ្តល់ទៅក្រុមហ៊ុនឯកជនកាលពីពេលកន្លងមកនោះ។
«ខ្ញុំគិតថា រឿងរ៉ាវដែលរ៉ាំរ៉ៃធំៗហ្នឹង វាច្រើនតែពាក់ព័ន្ធនឹងរឿងសម្បទានដីសេដ្ឋកិច្ច ឬក៏រឿងដីដែលប្រជាពលរដ្ឋមានបញ្ហាជាមួយអ្នកដែលមានអំណាចធំៗ អីចឹង គឺអាជ្ញាធរថ្នាក់ក្រោមជាតិហ្នឹងគឺបានន័យថា អំណាចរបស់គាត់មិនអាចដោះស្រាយបានទេ។ អីចឹងទាល់តែអាជ្ញាធរថ្នាក់ជាតិ ឬក៏រាជរដ្ឋាភិបាលតែម្តងដែលសម្រេចធ្វើការដោះស្រាយ។ អាហ្នឹងហើយដែលវាកើតជាបញ្ហា ក្លាយទៅជាជំងឺរ៉ាំរ៉ៃនៃបញ្ហាដីធ្លី ដោយសារតែអាជ្ញាធរថ្នាក់ក្រោមជាតិ ឬក៏អាជ្ញាធររាជធានីខេត្តហ្នឹង គាត់មិនអាចធ្វើការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានលទ្ធផលល្អបាននោះបាទ»។
ក្នុងលិខិតដដែលរបស់លោក លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏លើឡើងពីបញ្ហាទន្ទ្រានយកដីផងដែរ។ លោកបានបញ្ជាក់ថា បញ្ហានេះតែងតែកើតឡើងមុនពេលបោះឆ្នោតម្តងៗ។
លិខិតរបស់លោក ស ខេង បានបញ្ជាក់ក្នុងន័យដើមថា៖
«ទន្ទឹមនេះ នៅមុនពេលបោះឆ្នោតម្តងៗ ក្រុមឱកាសនិយមមួយចំនួនតែងតែឆ្លៀតធ្វើសកម្មភាពរំលោភទន្រ្ទានកាន់កាប់ដីសាធារណៈ ដីព្រៃឈើ និងដីធ្លីដែលមានម្ចាស់គ្រប់គ្រងផងដែរ»។
លោក ស ខេង ក៏បានណែនាំដល់រដ្ឋបាលរាជធានី ខេត្តឲ្យទប់ស្កាត់បញ្ហានេះ ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោត ដោយអាជ្ញាធរត្រូវប្រើប្រាស់យន្តការដោះស្រាយទំនាស់ដីធ្លីដែលមានស្រាប់នៅថ្នាក់រាជធានី ខេត្ត ឲ្យបន្តខិតខំជំរុញការសម្រុះសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព សុចរិតភាព និងយុត្តិធម៌ ដោយត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីស្រាវជ្រាវ និងស្វែងយល់ឲ្យបានស៊ីជម្រៅ និងច្បាស់លាស់អំពីសាវតាដីទំនាស់ បញ្ហាទំនាស់ដីធ្លី សាវតាប្រជាពលរដ្ឋ និងការទាមទារតវ៉ារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើជាមូលដ្ឋានបង្អែកសម្រាប់ទាញហេតុផលក្នុងការសម្រុះសម្រួល និងដោះស្រាយទំនាស់ដីធ្លី៕