ក្រសួង​មហា​ផ្ទៃ​យល់​ព្រម​ឲ្យ​គណបក្ស​ភ្លើង​ទៀន​រំលាយ​ខ្លួន​តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ​បន្ថែម

រូបភាព​ឯកសារ៖ ក្រសួង​មហាផ្ទៃ​ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (VOA)

«គណបក្ស​ភ្លើង​ទៀន»​ អតីត​គណបក្ស​ សម រង្ស៊ី​របស់​លោក​​សម រង្ស៊ី​ អាច​រំលាយ​ខ្លួន​ឯង​បាន​ ក្រោយពី​បាន​ធ្វើ​សមាជ​គណបក្ស។

រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​ «គណបក្ស​ភ្លើង​ទៀន»​ អតីត​គណបក្ស​ សម រង្ស៊ី​របស់​លោកសម រង្ស៊ី​ អតីត​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ រំលាយ​ខ្លួន​ទៅ​តាម​សមាជ​វិសាមញ្ញ​របស់​គណបក្ស​នេះ ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៨។ ​នេះ​បើតាម​លិខិត​របស់​ក្រសួង​មហាផ្ទៃ​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅថ្ងៃ​សុក្រ​នេះ។​

លិខិត​របស់​ក្រសួង​មហា​ផ្ទៃ​ ដែល​ចុះ​ហត្ថលេខា​ដោយ​ លោក​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​នៅថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០១៨ ​សរសេរ​ថា​ ក្រសួង​មហា​ផ្ទៃ​បាន​ទទួល​ស្គាល់​លទ្ធផល​នៃ​សមាជ​វិសា​មញ្ញ​របស់​គណបក្ស​ភ្លើង​ទៀន​ ដែល​បាន​ធ្វើ​ឡើង​នៅថ្ងៃ​ទី​២៦ ​ខែ​កុម្ភៈ​ ឆ្នាំ២០១៨​ ដោយ​បាន​អនុម័ត​ធ្វើ​វិសោធន​កម្ម​លក្ខន្តិកៈ​ និង​បាន​បោះឆ្នោត​គាំទ្រ ​លោក​ទាវ វណ្ណុល​ជា​ប្រធាន​គណបក្ស​ និង​លោក​ ចេប គីមអ៊ាង​ ជា​អនុប្រធាន​គណបក្ស​ ដោយ​មាន​ការ​បោះឆ្នោត​គាំទ្រ​ពី​សមាជិក​គណៈ​កម្មាធិការ​នាយក​ និង​គណៈកម្មការ​អចិន្ត្រៃយ៍។​

ក៏ប៉ុន្តែ​ លោកស ខេង​ បាន​តម្រូវ​ឲ្យ​គណបក្ស​នេះ​ បំពេញ​លក្ខខណ្ឌ​បន្ថែម។ ​លិខិត​របស់​លោក ​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ ​«ទន្ទឹម​នេះ​ ក្រសួង​ស្នើ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​បំពេញ​នូវ​លក្ខខណ្ឌ​នានា​ ដែល​បាន​កំណត់​ក្នុង​មាត្រា​២៦​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ»។​

លោក​ទាវ វណ្ណុល​ ដែល​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ គឺ​ជា​អតីត​សមាជិក​ព្រឹទ្ធ​សភារបស់​គណបក្ស​សម រង្ស៊ី។ ​VOA ​មិនទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ទាវ វណ្ណុល​បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។

កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០១៨​ គណបក្ស​ភ្លើងទៀន​បាន​រៀបចំ​សមាជ​វិសាមញ្ញ​ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជា​៦០​នាក់​ ដើម្បី​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​មួយ​ចំនួន ​និង​ប្តូរ​លក្ខន្តិកៈ​ដើម្បី​អាច​ឲ្យ​គណបក្ស​នេះ​រំលាយ​ខ្លួន​ឯង​បាន​ ដោយ​ត្រឹម​តែ​មាន​ការ​សម្រេច​ពី​គណៈ​កម្មការ​នាយក។​

ភ្លាមៗ​ ក្រោយ​ការ​ធ្វើ​សមាជវិសាញ្ញ​នាពេល​នោះ ​លោក​ ទាវ​ វណ្ណុល​ ​បាន​ប្រាប់​ VOA ​ថា ​ការ​ប្តូរ​លក្ខន្តិកៈ​នេះ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​គណបក្ស​ភ្លើងទៀន​មាន​ភាព​ងាយ​ស្រួល​នៅ​ពេល​ដែល​ចង់​រំលាយ​ខ្លួន​ឯង។ ​ប៉ុន្តែ​លោក​បញ្ជាក់​ថា​ នេះ​មិន​មែន​មាន​ន័យ​ថា ​គណបក្ស​ភ្លើង​ទៀន​នឹង​រំលាយ​ខ្លួន​ឯង​ដូច​គណបក្ស​សិទ្ធិ​មនុស្ស​នោះ​ទេ។​

លោក​ក៏មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ គណបក្ស​ភ្លើង​ទៀន​នឹង​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស់​នៅ​ក្នុងខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ​ឬយ៉ាង​ណានោះទេ​ ដោយសារ​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បានរំលាយ​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​កាលពី​ចុង​ឆ្នាំ​២០១៧។​

ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ឆ្នាំ​២០០៨ ​គណបក្ស ​សម រង្ស៊ី ​ដែល​ជា​អតីត​គណបក្ស​ជាតិ​ខ្មែរ​ឈ្នះ​បាន​អាសនៈ​ចំនួន​១១​ក្នុង​ចំណោម​អាសនៈ​ព្រឹទ្ធ​សភា​សរុប​ចំនួន​៦១។​ នៅ​ឆ្នាំ​២០១៧​ គណបក្ស​សម រង្ស៊ី​បាន​សម្រេច​ប្តូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​ភ្លើង​ទៀន​វិញ​ ក្រោយ​មាន​វិសោធន​កម្ម​ច្បាប់​គណបក្ស​នយោបាយ​ដែល​ហាម​មិន​ឲ្យ​ប្រើ​ឈ្មោះ​បុគ្គល​ធ្វើ​ជា​ឈ្មោះ​គណបក្ស។

កាល​ពី​ឆ្នាំ​២០១២​ លោក ​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស ​សម រង្ស៊ី ​និង​លោក ​កឹម សុខា ​អតីត​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ​បាន​សម្រេច​ចាប់​ដៃ​គ្នា​បង្កើត​បាន​ជា​គណបក្ស​សង្រ្គោះ​ជាតិ ​ដើម្បី​អាច​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រីកម្ពុជា​ដែល​បាន​កាន់អំណាច​ជាង​បីទស​វត្សរ៍។ ​បន្ទាប់​ពី​ការ​ច្របាច់​បញ្ចូល​គ្នានៃ​គណបក្ស​ទាំង​ពីរនោះ​មក គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួលសំឡេង​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ​រហូត​ដល់​ទៅ​ជាង​៤០​ភាគ​រយ​ កាលពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣ ​និង​ការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០១៧៕