បន្ទាប់ពីមានការស្នើដោយក្រុមអង្គការសង្គមស៊ីវិលជាង១០០ឲ្យក្រសួងចំនួនបីលុបចោលប្រកាសដែលរងការរិះគន់ពីអ្នកប្រើប្រាស់អ៊ីនធើណិតថា បានរឹតបន្តឹងខ្លាំងលើសិទិ្ធសេរីភាពបញ្ចេញមិតិតាមប្រព័ន្ធអ៊ីនធើណិត ពិសេសគឺបណ្តាញសង្គមហ្វេសប៊ុកនោះ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងការពាររក្សាទុកប្រកាសនេះដដែល។
កាលពីថ្ងៃសុក្រ អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្សលីកាដូ រួមជាមួយសហគមន៍ សមាគម និងអង្គការក្រៅរដ្ឋាភិបាលជាង១០០បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបាន«សម្តែងក្តីកង្វល់ជាខ្លាំងពាក់ព័ន្ធនឹងការចេញប្រកាសរបស់រាជរដ្ឋាភិបាលចុងក្រោយដើម្បីបង្កើនការឃ្លាំមើល ការត្រួតពិនិត្យ និងការផ្តន្ទាទោសព្រហ្មទណ្ឌដោយអាជ្ញាធររដ្ឋ ទៅលើការសម្តែងមតិតាមប្រព័ន្ធអ៊ីនធើណិតនៅកម្ពុជា ដែលជាការរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ប្រកាសនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងល្អ ហើយថា មកដល់ពេលនេះមិនមានជនណាម្នាក់បានរងហានិភ័យពីប្រកាសនេះនៅឡើយទេ។
«ចំពោះការនិរាករណ៍គឺនែ៎ ដូចជា ខ្ញុំគិតថា វាមិនទាន់មានហានិភ័យអីចំពោះការប្រើប្រាស់ សង្គម បណ្តាញសង្គមយើងទេ ព្រោះថា ចាប់តាំងពីប្រកាសហ្នឹងចេញទៅ ដូចជាបណ្តាញសង្គមនៅតែដំណើរការធម្មតា។ ហើយព័ត៌មានខ្លះដែលថា ប្រុងនឹងកើតឡើង ដែលថាជាព័ត៌មានអកុសល ឬក៏ព័ត៌មានក្លែងក្លាយអីហ្នឹង ក៏ដូចជាមិនសូវមានឃើញដែរ។ ដូច្នេះ ខ្ញុំគិតថា ប្រកាសហ្នឹងមានប្រសិទ្ធភាពល្អសម្រាប់បម្រើសង្គម»។
ប្រកាសអន្តរក្រសួងរបស់ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ ចេញ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ហើយដែលទើបត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា ប្រកាសនេះមានគោលបំណងគ្រប់គ្រងការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់ផ្សេងៗទៀត តាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ឲ្យស្របតាមអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាន។
ប្រការ៤នៃប្រកាសអន្តរក្រសួងដែលមាន១០ប្រការនោះបន្ថែមថា ដើម្បីធានាការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ត្រូវចាត់តាំងជំនាញជាសេនាធិការ ដើម្បីងាយស្រួលក្នុងកិច្ចសហការធ្វើការតាមដាន សិក្សា ស្រាវជ្រាវ ស្វែងរក ការធ្វើអាជីវកម្ម និងការផ្សព្វផ្សាយល្មើសច្បាប់តាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដើម្បីចាត់វិធានការតាមនីតិវិធី។
ប្រកាសអន្តរក្រសួងត្រង់ប្រការ៥សរសេរក្នុងន័យដើមថា៖
«ស្ថាប័ន អង្គភាពជំនាញនីមួយៗត្រូវបំពេញកាតព្វកិច្ច តាមភារកិច្ចរៀងៗខ្លួន និងត្រូវសហការគ្នា និង/ឬ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីចាត់វិធានការប្រឆាំង ទប់ស្កាត់ការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មាន ឬសារ ជាអក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់ផ្សេងៗទៀត ដែលមានចេតនាបង្កភាពចលាចល ដែលអាចបណ្ដាលឲ្យអន្ដរាយដល់វិស័យការពារជាតិ សន្ដិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណីជាតិ»។
ប្រកាសរបស់អន្តរក្រសួងដដែលក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលតម្រូវឲ្យក្រុមហ៊ុនអ៊ីនធឺណិតទាំងអស់បំពាក់ឧបករណ៍គ្រប់គ្រងទិន្នន័យ «ដើម្បីសម្រួលក្នុងការច្រោះ ឬរាំងខ្ទប់ចំពោះគេហទំព័រ គណនី ឬទំព័របណ្តាញទំនាក់ទំនងសង្គមដែលធ្វើអាជីវកម្ម និង/ឬការផ្សព្វផ្សាយខុសច្បាប់»។ លើសពីនេះទៀត ក្រសួងមហាផ្ទៃមានសិទ្ធិក្នុងការស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ចំពោះអ្វីដែលសមត្ថកិច្ចយល់ថា ជាអំពើល្មើស។
ដោយមានក្តីបារម្ភថា ប្រកាសនេះនឹងធ្វើឲ្យបាត់បង់សិទ្ធិនៃការបញ្ចេញមតិក្នុងវិសាលភាពធំធេងតាមប្រព័ន្ធអ៊ីនធើណិតនោះ អង្គការលីកាដូ ព្រមជាមួយក្រុមសង្គមស៊ីវិលជាង១០០ផ្សេងទៀតបានចាត់ទុកថា ប្រកាសអន្តរក្រសួងនេះបង្ហាញពីផលប៉ះពាល់ជាខ្លាំងដល់សិទ្ធិផ្ទាល់ខ្លួន និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
អង្គការលីកាដូ ព្រមជាមួយក្រុមសង្គមស៊ីវិលទាំងនោះបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា សេរីភាពដែលធានាដោយរដ្ឋធម្មនុញ្ញនេះអាចត្រូវបានកម្រិត ដោយកត្តាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ប៉ុន្តែករណីនេះអាចធ្វើទៅបានតែនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ចាំបាច់ និងសមហេតុផលតែប៉ុណ្ណោះ។
អង្គការលីកាដូ ព្រមជាមួយក្រុមសង្គមស៊ីវិលដដែលនោះបានថ្លែងបញ្ជាក់ក្នុងន័យដើមថា៖
«ប្រកាសនេះបង្ហាញពីការរឹតត្បិតហួសហេតុ ដោយមិនសមហេតុផល ទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា។ ដូច្នេះ យើងខ្ញុំជាអង្គការសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមសំណូមពរដោយទទូចឲ្យអាជ្ញាធររដ្ឋធ្វើនិរាករណ៍ប្រកាសនេះវិញ»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ និងសង្គម មានប្រសាសន៍ថា ក្រសួងទាំងបីរបស់រដ្ឋាភិបាលគួរពិចារណាលើប្រតិកម្មរបស់ក្រុមសង្គមស៊ីវិល ដើម្បីរក្សាបាននូវការគាំទ្ររបស់ពលរដ្ឋចំពោះដំណើរការរបស់រដ្ឋាភិបាលសព្វថ្ងៃនេះ។
«ខ្ញុំ ខ្ញុំគិតថា នៅប្រកាសអន្តរក្រសួងនេះ វាប្រឈមដែរ សម្រាប់ពលរដ្ឋដែលហ៊ានបញ្ចេញទសន្សៈរបស់ខ្លួន នៅលើទំព័របណ្តាញសង្គមនានា ហើយប្រសិនបើរដ្ឋាភិបាលមិនគិតអំពីសេរីភាពនេះទេ ខ្ញុំគិតថា នឹងមានការរិះគន់ ឬការណ៍មានការ មិនពេញចិត្តពីប្រជាពលរដ្ឋ ហើយនិងវាបាត់...រដ្ឋាភិបាលគាត់បាត់ការគាំទ្រពីប្រជាពលរដ្ឋដែរទៅលើសេចក្តីស្នើច្បាប់ក្នុងការគាំទ្រ អន្តរាគមន៍ អន្តរក្រសួងទាំងបីបានចេញ កាលពីថ្មីៗនេះ ហើយវាអត់មាន ខ្ញុំគិតថា វាអត់មានផលចំណេញច្រើនសម្រាប់រដ្ឋាភិបាលទេ»។
នាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ យល់ថា រាល់មតិនានារបស់សង្គមស៊ីវិលគ្រាន់តែជាឥរិយាបទនៃការរិះគន់ ដែលធ្លាប់មានមកលើរដ្ឋាភិបាល។ លោកមានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលពិបាកផ្គាប់ចិត្តក្រុមជំទាស់។
«បាទហ្នឹងគិតថា អាហ្នឹងហើយវា យើងវាធ្វើអីទៅ តែងតែប៉ះដល់គាត់ហើយ ប៉ុន្តែមិនដែលឮគាត់ប្រឆាំង ឬក៏ជំទាស់ទៅហ្នឹងអ្នកណា ដែលប្រើប្រាស់បណ្តាញសង្គម ហើយក្លែងក្លាយព័ត៌មាន។ ឧទាហរណ៍ ចំពេលដែលសម រង្ស៊ីប្រមាថព្រះមហាក្សត្រ គាត់អត់មានទៅនែ៎ គាត់អត់មានទៅប្រឆាំង សម រង្ស៊ីឯណា? គាត់នៅស្ងៀម។ បានសេចក្តីថា ដូច្នេះអ្វីដែលគាត់លើកឡើងនោះគ្រាន់តែជាតួនាទី និងភារកិច្ចរបស់គាត់ ក្នុងនាមគាត់ដែលទទួលការបីបាច់ថែរក្សាពីបរទេសប៉ុណ្ណឹងឯងទេ»។
យ៉ាងណាក៏ដោយ អង្គការលីកាដូ ព្រមជាមួយក្រុមសង្គមស៊ីវិលជាង១០០ នៅតែមើលឃើញថា បទបញ្ញត្តិនេះត្រូវប្រើប្រាស់ដើម្បីបំបិទសំឡេង និងដាក់ទោសអ្នកបង្ហោះព័ត៌មាន ឬចែកចាយព័ត៌មានបន្តលើប្រព័ន្ធអ៊ីនធើណិត ដែលមានការរិះគន់រាជរដ្ឋាភិបាល ឧទាហរណ៍ដូចជា ផលប៉ះពាល់សង្គម និងបរិស្ថាននៃហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មរ៉ែ ការសាងសង់ និងគម្រោងពាណិជ្ជកម្មផ្សេងទៀត ជាដើម។ អាជ្ញាធរបានបញ្ជាក់ច្បាស់ហើយថា ពួកគេអាចនឹងដាក់ទោសលើការបញ្ចេញមតិជាសាធារណៈរបស់បុគ្គលនានា។ ប៉ុន្តែប្រកាសនេះអាចត្រូវបានបកស្រាយក្នុងន័យទូលាយផ្សេងទៀត ហើយក៏អាចប៉ះពាល់ដល់ទំនាក់ទំនងជាលក្ខណៈឯកជននៅលើប្រព័ន្ធអ៊ីនធើណិតផងដែរ៕