នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងចូលមកដល់នៅខែមិថុនាខាងមុខនេះ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់កុំនិយាយបំផ្លើសការពិត និងកុំធ្វើជាអ្នកនយោបាយ«ពូកែរំអួយ»។
លោក ស ខេង បានប្រតិកម្មបែបនេះទៅនឹងការនិយាយបង្ខូចលើគណបក្សប្រជាជនកម្ពុជា ដែលលោកថា រងការចោទប្រកាន់ថាចង់បានសន្លឹកឆ្នោតដោយឲ្យសារុងក្រមាទៅប្រជាពលរដ្ឋ។
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង កាលពីព្រឹកថ្ងៃអង្គារ លោក ស ខេង បានការពារថា គណបក្សប្រជាជនកម្ពុជាធ្វើការងារ និងសកម្មភាពដូចភ្លៀងរលឹម ដែលរួមមានរក្សាសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទំនាក់ទំនងអន្តរជាតិ ការអភិវឌ្ឍមូលដ្ឋាន និងមិនដែលព្រងើយកន្តើយពីទុក្ខធុរៈរបស់ប្រជាពលរដ្ឋឡើយ។ លោកក៏បានចោទសួរថា តើគណបក្សណាអាចធ្វើបានស្មើគណបក្សប្រជាជនកម្ពុជា?
លោក ស ខេង បានប្រាប់ទៅគណបក្សនយោបាយទាំងអស់មិនត្រូវបំផ្លើស ឬនិយាយមួលបង្កាច់ពីអ្វីដែលកើតឡើងក្នុងសង្គម ដែលគ្រាន់តែរឿងតូចឲ្យទៅជារឿងធំនោះទេ។ លោកមិនបានបញ្ចេញឈ្មោះគណបក្សដែលលោកបានប្រតិកម្មនោះឡើយ។
លោកថ្លែងថា៖ «នេះខ្ញុំគ្រាន់បើកវង់ក្រចកបន្តិចដើម្បីបញ្ជាក់ និងបកស្រាយចំពោះអ្នកដែលថា យើងអត់ចេះធ្វើអ្វីទេដឹងតែពេលបោះឆ្នោតសំពះសុំសន្លឹកឆ្នោតឲ្យសារុង ឲ្យក្រមា អើ មានមាត់ចេះតែថាទៅ ហើយដល់គេថាទៅវិញទៅមិនស្រួលថាយើងហ្នឹងអត់ប្រជាធិបតេយ្យទេ ថាសំឡុត។ អាត្រង់ហ្នឹងមួយ គឺអ្នកនយោបាយយើងពូកែណាស់ ពូកែអារឿងរំអួយហ្នឹង។ អ៊ីចឹងទាំងអស់គ្នា។ ខ្ញុំនិយាយនេះ មិនបន្ទុចបង្អាក់អ្នកណាទេ»។
លោកបន្ថែមថា៖ «សម្រាប់យើងអ្នកកាន់អំណាចក៏ត្រូវឈរលើគោលការណ៍ច្បាប់ យើងបង្កលក្ខណៈសម្បត្តិឲ្យគ្រប់គណបក្សនយោបាយធ្វើសកម្មភាព ប៉ុន្តែគណបក្សនយោបាយទាំងអស់ហ្នឹងក៏ មិនត្រូវគឺថាបំផ្លើស បង្ខូច នូវអ្វីដែលមិនពិត។ គ្រាន់ខ្លួនឯងរឿងតូចមួយទេ ពង្រីកឲ្យទៅប៉ុនភ្នំក៏មាន ដល់អ៊ីចឹងទៅវានាំឲ្យបញ្ហាស្មុគស្មាញ»។
លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា សមត្ថកិច្ចមូលដ្ឋានក៏មានការយល់ដឹងច្រើនអំពីតួនាទី និងការផ្តល់អំណោយផលដល់គណបក្សនយោបាយទាំងអស់ក្នុងការឃោសនា និងធ្វើសកម្មភាពនយោបាយ។ លោកបន្តថា អាជ្ញាធរក្នុងនាមមន្ត្រីសាធារណៈមិនត្រូវកាន់ជើងគណបក្សណាមួយនោះទេ ដោយត្រូវធ្វើការងាររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងប្រកាន់អព្យាក្រឹត ប៉ុន្តែលោកថា ប្រសិនបើជាសមាជិកបក្សណា គឺត្រូវតែកាន់ជើងគណបក្សរបស់ខ្លួនហើយ។
លោកថ្លែងថា៖ «យើងជាអព្យាក្រឹត ធ្វើការប្រកបដោយវិជ្ជាជីវៈ ធ្វើតាមមុខជំនាញ ការទទួលខុសត្រូវរបស់យើង ដោយមិនកាន់ជើង។ ក្នុងនាមមន្ត្រីសាធារណៈ យើងមិនត្រូវកាន់ជើងបក្សណាមួយទេ ប៉ុន្តែក្នុងនាមយើងជាសមាជិកបក្ស យើងត្រូវតែកាន់ជើងគណបក្សយើង ដែលយើងកាន់»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា គាំទ្រចំពោះប្រសាសន៍ណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ទៅកាន់មន្ត្រី ឬអាជ្ញាធរមូលដ្ឋានក្នុងការបំពេញការងារ ឬធ្វើសកម្មភាពណាមួយដោយអព្យាក្រឹត សម្រាប់គណបក្សនយោបាយទាំងអស់។ ប៉ុន្តែលោកកត់សម្គាល់ថា ការបោះឆ្នោតឃុំសង្កាត់ គឺមេឃុំ និងអាជ្ញាធរឃុំសង្កាត់ដែលកំពុងបម្រើការងារបច្ចុប្បន្ន គឺជាអ្នកចូលរួមប្រកួតប្រជែងដោយផ្ទាល់ ដែលនេះជាហេតុបង្កឲ្យមានទំនាស់ផលប្រយោជន៍ និងបង្កជារឿងរ៉ាវច្រើន។ ដូច្នេះលោកថា ប្រសិនបើក្រសួងមហាផ្ទៃចង់ដឹងការពិតដែលបានកើតឡើងក្នុងមូលដ្ឋាន គួរតែបង្កើតគណៈកម្មការឯករាជ្យចម្រុះមួយ ដើម្បីស្រាវជ្រាវលើករណីគំរាមកំហែង ឬការទិញទឹកចិត្ត។
លោកថ្លែងថា៖ «តែចំពោះអ្វីដែលលើកឡើងពីគណបក្សខ្លះ រំអួយ ឬរឿងមិនពិត [ដែល]រឿងតូចទៅជារឿងធំ អាហ្នឹងជារឿងគណបក្សណាយើងមិនបានដឹងទេ។ ចំពោះគណបក្សភ្លើងទៀន យើងលើកឡើងវិញសុទ្ធសឹងតែការពិត។ ហើយបើចង់ដឹងថាពិតឬមិនពិត សូមឲ្យយើងបង្កើតគណៈកម្មការមួយដោយឯករាជ្យ ឬដោយចម្រុះជាមួយខាងមហាផ្ទៃ យើងអាចទៅស្រាវជ្រាវផ្ទាល់បាន[ថា] តើនៅមូលដ្ឋានមានការគំរាមកំហែងមែនឬអត់? មានការទិញទឹកចិត្តហ្នឹងមែន ឬក៏អត់? អាហ្នឹង គឺដើម្បីបង្ហាញភាពច្បាស់លាស់ទាំងអស់គ្នា»។
នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះថានិចហ្វិច លោក សំ គន្ធាមី ឲ្យដឹងថា តាមច្បាប់បោះឆ្នោត គឺជិតពេលបោះឆ្នោត គណបក្សនយោបាយទាំងអស់មិនត្រូវផ្តល់អំណោយ ដែលគេហៅថា ការទិញទឹកចិត្តរបស់ពលរដ្ឋឲ្យគាំទ្រខ្លួននោះទេ ដែលការណ៍នេះផ្ទុយនឹងច្បាប់ ហើយក្រសួងមហាផ្ទៃ និងស្ថាប័នរៀបចំការបោះឆ្នោត(គ.ជ.ប)អាចចាត់ការតាមនីតិវិធីច្បាប់បាន។
លោកថ្លែងថា៖ «សម្តេច ស ខេង លើកឡើងអ៊ីចឹង វាម្យ៉ាងហើយសម្រាប់គណបក្សនយោបាយទូទៅ ពីព្រោះច្បាប់ [ឬ]បទបញ្ជា ច្បាប់បោះឆ្នោត នីតិវិធី ក៏គេមិនឲ្យមានការទៅចែកជាអំណោយ [ឬ]ផ្តល់ជាអំណោយ អ៊ីចឹង។ អាហ្នឹងគេហៅថាទិញទឹកចិត្ត»។
លោក សំ គន្ធាមី បន្តថា ចំពោះបញ្ហាដែលគណបក្សនយោបាយជួបប្រទះ ដូចជាការយាយី ការសំឡុត និងការបំភិតបំភ័យជាដើម គឺរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃដែលជាក្រសួងសាមី ត្រូវធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាទាំងនោះឲ្យមានភាពល្អប្រសើរ និងដើម្បីស្វែងរកការពិតផងដែរ។ លោកបន្ថែមថាប្រសិនបើរកឃើញកំហុសឆ្គង ឬការប្រព្រឹត្តណាដែលដូចការលើកឡើងរបស់គណបក្សណាមួយនោះ ក្រសួងមហាផ្ទៃត្រូវតែអនុវត្តតាមច្បាប់ ឬវិធានការរដ្ឋបាលជាដើម ដើម្បីបង្កភាពល្អប្រសើរដល់ដំណើរការបោះឆ្នោត។
ចំណែកមន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស ថ្លែងថារដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវតែពិនិត្យមើលឡើងវិញនូវការបំពេញតួនាទីរបស់អាជ្ញាធរមូលដ្ឋានមួយចំនួន ចំពោះការបំពេញតួនាទី ដោយមិនត្រូវគាំទ្រ ឬមាននិន្នាការនយោបាយ លាយឡំការបំពេញតួនាទីឡើយ ដើម្បីបង្កលក្ខណៈឲ្យស្មើៗគ្នាដល់គណបក្សនយោបាយទាំងអស់ ។ លោកថា ត្រូវពិនិត្យមើលការបំពេញតួនាទីរបស់មន្ត្រីមូលដ្ឋានទាំងនោះ កុំឲ្យយាយី ធ្វើទុក្ខបុកម្នេញ និងហៅសមាជិកគណបក្សដែលមាននិន្នាការផ្ទុយ ទៅសួរនាំ ដែលជាហេតុនាំឲ្យមានការភិតភ័យ និងជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត។
គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ ធ្លាប់ប្រាប់វីអូអអេថាបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្ស តែងតែត្រូវបានរងការយាយី ការគំរាមកំហែង សម្លុតគ្រប់រូបភាពពីអាជ្ញាធរមូលដ្ឋាន ដែលធ្វើឲ្យសមាជិករបស់ខ្លួនមួយចំនួនភិតភ័យអំពីសុវត្ថិភាព និងភ័យខ្លាចថានឹងមិនទទួលបានសេវារដ្ឋបាល និងសេវាសាធារណៈតាមមូលដ្ឋាន និងភ័យខ្លាចការគំរាមដកបណ្ណក្រីក្រវិញជាដើម។
គួរបញ្ជាក់ថា គ.ជ.ប បានកំណត់ថ្ងៃបោះឆ្នោតឃុំសង្កាត់ គឺធ្វើនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ គ.ជ.ប. បានប្រកាសថា មានគណបក្សចំនួន១៧បានចុះឈ្មោះចូលរួមប្រកួតប្រជែង តែមានតែបក្សពីរប៉ុណ្ណោះដែលបានដាក់ឈ្មោះបេក្ខជនច្រើនជាងគេ និងប្រកួតនៅច្រើនឃុំសង្កាត់ជាងគេ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន៕