ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រលក​នៃ​ការ​«ចុះ​ចូល»​បក្ស​កាន់​អំណាច​កក្រើក​មុន​​បោះឆ្នោត​ឃុំ​សង្កាត់​ ចំ​ពេល​បក្ស​ផ្សេង​បរិហារ​ការ​«គំរាម​កំហែង»​លើ​សកម្ម​ជន​នៅ​មូលដ្ឋាន


រូបឯកសារ៖ ឧទ្ធម្ភាចក្រ​ពណ៍ក្រហម​មួយ​គ្រឿង​​ ដែល​មាន​បិទ​ស្លាក​សញ្ញា​របស់​គណបក្សប្រជាជន​កម្ពុជា​ ហោះឆ្វែល​ ជុំវិញក្បួន​ដង្ហែ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ថត​យក​រូបភាព​នៃក្បួនដង្ហែនេះ​ នៅ​ភ្នំពេញ​ថ្ងៃ​ទី​ ០២ ខែ​មិថុនា ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ ឧទ្ធម្ភាចក្រ​ពណ៍ក្រហម​មួយ​គ្រឿង​​ ដែល​មាន​បិទ​ស្លាក​សញ្ញា​របស់​គណបក្សប្រជាជន​កម្ពុជា​ ហោះឆ្វែល​ ជុំវិញក្បួន​ដង្ហែ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ថត​យក​រូបភាព​នៃក្បួនដង្ហែនេះ​ នៅ​ភ្នំពេញ​ថ្ងៃ​ទី​ ០២ ខែ​មិថុនា ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ/វីអូអេ)

នៅ​សល់រ​យៈ​ពេល​ប្រមាណ​៣​ខែ​ទៀត​ដល់​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់ ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហាញ​សកម្មភាព​យ៉ាង​ច្រើន​ពី​ការ​បញ្ចូល​សមាជិកថ្មី​របស់​ខ្លួន ដែល​អះអាង​ថាមក​ពីគណបក្ស​ប្រឆាំង និ​ងគណបក្ស​ផ្សេង​ៗទៀត​។ ​ព្រម​ពេលជាមួយ​គ្នា​ដែរ​ គណ​បក្ស​មួយចំ​នួន ដែល​បាន​ចូល​រួម​ដាក់​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​ បាន​អះ​អាង​ថា​សកម្ម​ជន​របស់​ខ្លួន បានរង​នូវ​ការ​យាយី និង​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​មូល​ដ្ឋាន។

គណ​បក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​ បាន​ឃោសនា​ផ្សព្វផ្សាយ​យ៉ាង​សកម្ម​នូវ​ការ​បញ្ចូល​សមាជិក​ថ្មី​របស់​ខ្លួន​ មុន​ពេល​បោះឆ្នោត​ឃុំ​សង្កាត់ដែល​កំណត់​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ទី៥​ខែ​មិថុនា​ខាង​មុខនេះ​។ ​

បើ​គិត​ត្រឹម​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ​នេះ សមាជិក​ថ្មី ​ដែល​មក​ពី​គណ​បក្ស​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គណ​បក្ស​កាន់អំណាច ​រាប់​ពាន់​នាក់​បាន​ចុះ​ចូល រួម​ជីវភាព​នយោបាយជា​មួយ​គណបក្ស​ប្រជាជន​ ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្សមួយ​នេះ។

ដោយ​ឡែក ​គណបក្ស​ដែល​មាន​និន្នាការ​ផ្ទុយ​ថា​ ប្រជា​ពល​រដ្ឋ​ចូលរួម​ជាមួយ​គណ​បក្ស​ណា​មួយ​ គឺជា​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ ​តែ​ពួកគេថា ​សកម្មជន​របស់​ខ្លួន​នៅ​តាម​មូល​ដ្ឋាន ​ជាពិសេស​បេក្ខភាព​ឈរ​ឈ្មោះ​មេឃុំ​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​នេះ ​បាន​រង​នូវ​ការ​យាយី ​ការ​សម្លុត​ ការ​គំរាម​កំហែង​គ្រប់​ទម្រង់ ​ជា​ពិសេស​ព្រមាន​ថានឹង​មិនផ្តល់​សេវា​រដ្ឋបាល​នានា ពេល​ដែល​ពួកគេ​មាន​តម្រូវ​ការ​ថែម​ទៀត​ផង​។ នេះ​បើ​តាម​គណបក្ស​មួយ​ចំនួន​ ដែល​បាន​ប្រាប់​វីអូអេ​។

អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា​ ដែល​ជា​អតីត​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ការ​ចេញ​ចូល​ ឬគាំទ្រគណបក្ស​ណា​មួយ​ គឺ​ជា​រឿង​ធម្មតា និង​ជា​សិទ្ធិ​ប្រជា​ពល​រដ្ឋ​តែប៉ុណ្ណោះ ប៉ុន្តែ​លោក​កត់​សម្គាល់​ថា ការ​បង្ហាញ​អំពី​សកម្ម​ភាព​ចុះចូល​ថា​ជា​រឿង​ចាស់​គំរិល និង​គ្រាន់តែចិត្ត​សាស្រ្ត​តែ​ប៉ុណ្ណោះ ខណៈ​គណ​បក្ស​ភ្លើង​ទៀន​នៅតែ​អាច​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​បាន​។

រូបឯកសារ៖ អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា ផ្តល់​បទសម្ភាសន៍​ជាមួយវីអូអេ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
រូបឯកសារ៖ អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា ផ្តល់​បទសម្ភាសន៍​ជាមួយវីអូអេ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

​ដោយ​ឡែក​លោក​ថាសមាជិក​របស់​គណបក្ស​ភ្លើង​ទៀន និង​បេក្ខជន​ឈរ​ឈ្មោះ​ បោះ​ឆ្នោ​តរបស់​គណ​បក្ស​ តែង​តែ​ត្រូវ​បាន​រង​ការ​យាយី ការ​គំរាម​កំហែង សម្លុត​គ្រប់រូប​ភាព ពី​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ធ្វើ​ឲ្យ​សមាជិក​របស់​ខ្លួន​មួយ​ចំនួន​ភិត​ភ័យពី​សុវត្ថិ​ភាព និង​ភ័យ​ខ្លាច​ថា​នឹង​មិន​ទទួល​បាន​សេវា​រដ្ឋ​បាល និង​សេវា​សាធារណៈ​តាម​មូលដ្ឋាន និង​ភ័យ​ខ្លាច​ការ​គំរាម​ដក​បណ្ណក្រីក្រ​វិញជា​ដើម។ ​

លោក​ថ្លែង​ថា៖​

«ការ​គំរាម​កំហែង​វា​មាន​គ្រប់រូប​ភាព​ គេធ្វើ​គ្រប់​មធ្យោបាយ​យ៉ាង​ណា​ក៏​សកម្មជន​យើង​មិន​ហ៊ាន​ឈរ​ឈ្មោះ ឬ​ក៏​ដក​ឈ្មោះ​ចេញ​ពី​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់»។

លោក​បញ្ជាក់​ថា គណ​បក្ស​កំពុង​ដោះ​ស្រាយ​បញ្ហា​ដែល​សកម្មជនមួយ​ចំនួន​កំពុង​ប្រឈម​នេះ​ ហើយ​គណបក្ស​ក៏​កំពុង​តែប្រមូល​ទិន្នន័យ​ពី​ការ​គំរាម​កំហែង​ទាំង​អស់​នោះ​ ដើម្បី​ដាក់​ទៅ​ក្រសួង​មហា​ផ្ទៃ ឱ្យ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ជា​ការ​តស៊ូ​មតិ​ធានា​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​ការ​បោះ​ឆ្នោត។

លោក​ ថាច់ សេដ្ឋា ស្នើ​ឲ្យ​អាជ្ញាធ​រមូល​ដ្ឋាន​រក្សា​នូវ​អព្យា​ក្រិត​ភាព ​និង​ការ​អនុវត្ត​ការ​ងារ​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​តាម​ច្បាប់​ ដោយ​មិន​ត្រូវ​យក​អំណាច​មក​ប្រើ​ប្រាស់​ដើម្បី​គំរាម​កំហែង​លើ​ប្រជា​ពលរដ្ឋ ​ឬ​សកម្មជន​នយោបាយ​ណា​មួយ​ ក្នុង​ដំណើរ​ការ​បោះឆ្នោត​នោះ​ទេ។

​លោក ​ឡឹក សុធារ ​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ក៏​បាន​លើក​ឡើង​ដែរ​ថា បេក្ខជន​ឈរ​ឈ្មោះ​ជា​តំណែង​មេឃុំ​របស់​គណបក្ស​លោក ​ក៏​ទទួល​រង​ការ​គំរាម​កំហែង​ពី​សំណាក​អាជ្ញាធរ​ផង​ដែរ ​ជាពិសេស​ការ​គំរាម​ដក​ហូត​នូវ​បណ្ណ​ក្រីក្រ​តែ​ម្តង ដែល​ក្នុង​រូប​ភាព​ជា​ច្រើន រួម​មានអាជ្ញាធរ​មូលដ្ឋាន​បោះ​ពាក្យ​សម្តី​ទៅ​សាច់ញាតិ ឬ​អ្នក​ជិត​ខាង​ពីផល​អវិជ្ជ​មាន​នានា​ដើម្បី​ឲ្យ​ឮ​ដល់​សាម៉ីខ្លួន​ដែល​ឈរ​ឈ្មោះ​របស់​គណបក្ស​ឲ្យ​មានភ័យខ្លាច​ និង​ធ្វើ​ឲ្យ​សមាជិក​មួយ​ចំនួន​តូច​ ​សម្រេចដក​បេក្ខភាព​ឈរ​ឈ្មោះ​នេះវិញ។

​លោក ឡឹក សុធារ ប្រាប់​វីអូអេ​ដូច្នេះ​ថា៖

​«អាជ្ញាធរ​មូល​ដ្ឋាន គួរ​តែ​បើក​ចិត្ត​ឲ្យ​ទូលា​យជា​ង​នេះ​បន្តិច​ ពីព្រោះ​ការ​ចូលរួម​របស់​គណបក្ស​នយោ​បា​យក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នេះ អាច​ថា​ជា​ការ​ទៅ​ដណ្តើម​តំណែង​របស់​ពួក​គាត់​ពិតមែន ក៏​ប៉ុន្តែ​វាជាការ​ចូលរួម​ប្រកប​ដោយ​ច្បាប់​ បាន​ន័យ​ថា​ជា​ការ​ចូលរួមក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន។ ហើយ​ការ​ចូលរួម​របស់​គណបក្ស​នយោបាយ​ទៀតសោត មិនមែន​ទៅគំរាម​កំហែង​ផ្តួល​រលំ​រដ្ឋាភិបាល​នោះ​ទេ។ គឺ​ជា​ការ​ចូលរួម​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ជាពិសេស​ការ​អភិវឌ្ឍ​មូល​ដ្ឋាន»។

លោក​បន្ត​ថា ប្រជា​ពល​រដ្ឋ​មួយចំនួន​ស្រលាញ់​គាំទ្រ​ គណបក្ស​ប្រជាធិបតេយ្យ​មូ​លដ្ឋាន ​ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​ចេញ​មុខ​បង្ហាញការ​គាំទ្រ​ដោយ​ផ្ទាល់​ ឬ​ឈរ​ឈ្មោះជា​បេក្ខជន​មេឃុំ​ ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច​នូវ​ការ​ប្រឈម​បញ្ហានានា​។

ចំណែក​លោក​ គង់ មុនីកា​ ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​នេះ​ថា សកម្ម​ជន​គណបក្ស​ឆន្ទៈ​ខ្មែរ ​ក៏​មិន​ខុស​ពី​គណបក្ស​ដទៃ​ទេ ដែល​តែង​តែ​ប្រឈម​គ្រប់​រូប​ភាព​នៃ​ការ​យាយី​ពី​សំណាក់​អាជ្ញាធរ​មូល​ដ្ឋាន​។ លោក​ថា​ ការ​កៀង​គរ​ប្រជាពលរដ្ឋឲ្យ​មក​គាំទ្រ​គណបក្ស​ ក៏​មាន​ការ​លំបាក​ផង​ដែរ​ ដោយ​សារ​ពលរដ្ឋ​មាន​ការ​ភ័យខ្លាច​អាជ្ញាធរ​ ហើយ​ម្យ៉ាង​ទៀត​គណ​បក្ស​កើត​ច្រើន​ក៏​ជា​កត្តា​ពិបាក​ក្នុង​ការ​កៀង​គរ​រក​សមា​ជិកផង​ដែរ​។ ​

លោក គង់ មុនីកា ​ថ្លែង​ថា៖

«​បេក្ខ​ជន​របស់​យើង​ត្រូវ​បាន​អាជ្ញាធរ ​ជាពិសេស​មេភូមិ ​គឺ​បាន​ទៅបង្ហាញវត្ត​មាន​ បាន​ទៅ​និយាយបំភិត​បំភ័យ​ថាបើ​ចូល​ជាមួយ​គណបក្ស​ឆន្ទៈខ្មែរ​ ឈរ​ឈ្មោះឲ្យ​គណបក្ស​ឆន្ទៈខ្មែរ​ហើយគេ​នឹង​ដកបណ្ណក្រីក្រ​ ឬក៏សេវាផ្សេង​ៗ​ទៀត​ដែលគាត់​ធ្លាប់​មា​នកន្លង​មកហ្នឹង ឈប់​ឲ្យមាន​ ហើយ​ការ​ទៅស្នើ​សុំជំនួយ​ពីអាជ្ញាធរ​ខាង​មុខ​គេនឹង​មិន​ជួយ​សម្រប​សម្រួល​ផ្តល់ឲ្យទេ។ ​នេះគឺជារូប​ភាព​នៃការ​គំរាម​កំហែង​ ហើយគេ​តម្រូវ​ឲ្យបេក្ខជន​របស់​យើង​ដក​ឈ្មោះ​ចេញ​ពីបេក្ខជន​គណបក្ស​ឆន្ទៈខ្មែរ»។

ចំណែក​ឯ​ការ​ចុះ​ឈ្មោះ​បេក្ខ​ជន​ឈរជា​មេឃុំ​វិញ លោកកត់​សម្គាល់​ឃើញ​ថា​មន្ត្រី​គ.ជ.ប. ​តាម​ឃុំ​សង្កាត់​មួយ​ចំនួន​មិនសូវ​យល់​ច្បាស់​ពី​នីតិវិធី​របស់​ខ្លួន​ទេ ដែល​បង្ក​ជា​ភាព​ស្មុគ​ស្មាញ ​ដូច​ជា​ការ​រៀប​ចំ និង​ការ​ដាក់​បញ្ជី​បេក្ខ​ជន​ជាដើម​។ ហើយ​ការ​ធ្វើ​លិខិត​បញ្ជាក់​ពី​ចៅ​សង្កាត់ ឬ​មេឃុំ ស្រប​ពេល​ចុង​សប្តាហ៍ ឬ​ថ្ងៃ​ឈប់​សម្រាក់ ក៏​ជា​ការ​លំបាក​ខ្លាំងក្នុង​ការ​សុំ​ចុះ​បញ្ជី​របស់​គណ​បក្ស​នយោបាយ​ផង​ដែរ​។

ដូច្នេះ​លោក​ យល់​ថា​នីតិវិធី​នៃការ​ចុះបញ្ជី​បេក្ខ​ជន​តាម​ឃុំសង្កាត់ នៅពេល​បោះឆ្នោត​ឃុំសង្កាត់​ខាង​មុខ មិនគួរ​មាន​នោះទេ ដើម្បីកុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋានស្គាល់​បេក្ខ​ជន និង​ទៅបំភិត​បំភ័យ​ជាដើម ពី​ព្រោះ​គ.ជ.ប ​មាន​គល់​បញ្ជី​បោះ​ឆ្នោតរួច​ទៅ​ហើយ​។

​លោក សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យដឹង​ថា​ក្នុង​អំឡុង​ពេល​១​ខែ​ចុង​ក្រោយ​នេះ ​សកម្ម​ជន​គណ​បក្ស​នយោ​បាយ​ដែល​ប្រឆាំង ឬ​មាន​និន្នាការ​ផ្ទុយ​ពី​គណ​បក្ស​កាន់អំណាច​ បា​ន​សុំ​ចូល​រួម​ជីវ​ភាព​នយោ​បាយ​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ រាប់​ពាន់​នាក់​។

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/វីអូអេ)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/វីអូអេ)

ដោយ​ឡែកលោក​ច្រាន​ចោល​ការ​លើក​ឡើង​របស់​គណបក្ស​ផ្សេង​ថា​មាន​ការ​គំរាម​កំហែង​ ដោយចាត់​ទុក​ថា​ជាការ​ឃោស​នា​ មូល​បង្កាច់ ​សភាព​ការ​ណ៍និ​ង​បរិយា​កាស​នយោបាយ ​ថា​មិន​ល្អ​តែ​ប៉ុណ្ណោះ​។ លោក​ថា ប្រសិន​បើមាន​ករណី​គំរាម​កំហែង​ណាមួយ​មែន​នោះ គួរ​តែ​ទៅ​ប្តឹង​ស្ថាប័ន​ជំនាញ និង​តាម​នីតិវិធី​គ.ជ.ប ​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះ​។ ​

​លោក សុខ ឥសាន បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ ​

«ការ​ស្រែក​ពីបាតុភាព​អសកម្មផ្សេង​ៗ​ពាក់ព័ន្ធ​រឿង​នយោបាយ​ ឆ្ពោះទៅរក​ការ​បោះឆ្នោត​ដែល​មិនមាន​ភស្តុតាង​មិនមាន​ហេតុ​ផលមិន​មាន​បាតុភាព​ជាក់ស្តែង​នេះ ខ្ញុំ​យល់ថា​វាជា​ការ​ឃោសនា​នយោ​បាយ​ដើម្បី​ បំពុល​បរិយា​កាស​ទេ»។

លោក ​សោម សូរីដា អគ្គ​លេខា​ធិការ​រង​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បាន​ប្រាប់​ វីអូអេ ថា គ.ជ.ប. ​ទើប​តែទទួល​បា​នបណ្តឹង​តែមួយ​ប៉ុណ្ណោះ​នៅ​ខេត្ត​ប៉ៃលិន អំពី​ភាព​មិន​រលូន​នៃ​ការ​រៀប​ចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។ លោក​បន្ត​ថា គណបក្ស​នយោបាយ​ដែល​មាន​បញ្ហា​ប្រឈម ឬ មាន​ការ​គំរាម​កំហែង​ពី​បុគ្គល​ដែល​មិនមែន​ជា​មន្ត្រី​បោះឆ្នោត​ គឺ​មាន​សិទ្ធិ​ប្តឹង​តាម​នីតិវិធី​របស់​គ.ជ.ប. ​ក្នុងរយៈ​ពេល​៣​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃកើត​ហេតុ ដើម្បី​ឲ្យ​ គ.ជ.ប. ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នោះ។

លោកថ្លែង​ថា៖ ​

«​ប្រសិន​បើ​បុគ្គល​ដែល​ប្រព្រឹត្ត​ល្មើស មិនមែន​ជា​មន្ត្រី​បោះឆ្នោត​ អ៊ីចឹង​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ប្តឹង​ដោយ​ចាប់​ផ្តើ​ម​ពី​ថ្នាក់​គណៈ​កម្មការ​ឃុំ​សង្កាត់​រៀប​ចំ​ការ​បោះឆ្នោត ហើយ​ប្រសិនបើ​គាត់មិនពេញចិត្ត​សេចក្តី​សម្រេច​របស់​គណៈ​កម្មការ​ឃុំ​សង្កាត់​រៀប​ចំការ​បោះឆ្នោត​ គាត់​មាន​សិទ្ធិ​ប្តឹង​ទៅ​គណៈ​កម្មការ​រាជ​ធានី​ខេត្ត​រៀប​ចំ​ការ​បោះឆ្នោត​។ ហើយ​បើ​គាត់​មិន​ពេញ​ចិត្ត​ការ​សម្រេច​របស់​គណៈ​កម្មការ​រាជធានី​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត គាត់​មាន​សិទ្ធិ​ប្តឹង​ទៅ​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​»។

ដោយ​ឡែក​ ​ក្នុ​ងករណី​គណបក្ស​នយោបាយ​រង​ការ​កៀប​សង្កត់ ឬ​ការ​ប្រព្រឹត្ត​ល្មើស​របស់​មន្ត្រីបោះឆ្នោត​ នោះ​ត្រូវ​ប្តឹង​ទៅ​ថ្នាក់​លើ​មួយ​ថ្នាក់ ដូច​ជា​ប្រសិន​បើ​គណៈ​កម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ល្មើស​ ដូច្នេះគ​ណបក្ស​ប្តឹង​គណៈកម្មាធិការ​រាជធានីខេត្ត​រៀប​ចំការ​បោះឆ្នោត ហើយ​ប្រសិន​បើ​នៅតែ​មិន​ពេញ​ចិត្ត​អាច​ប្តឹង​ទៅ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អាត្ថា​ធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក ខៀវ សុភ័គ ​បាន​នៅ​ឡើយ​ទេ ​ថាតើ​ក្រសួង​នឹង​មាន​ចំណាត់​ការ​ ឬការ​អប់​រំដល់​មន្ត្រី​មូល​ដ្ឋាន ​ទាំង​មេឃុំ ​មេភូមិ ​និង​ប៉ូលិស​តាម​មូល​ដ្ឋាន​ ចំពោះ​ការ​សម្រួល​លើ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​។

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល ​ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ លោក ​ កន សាវាង្ស​ មើល​ឃើញ​ថា ការ​កៀង​គរ​សមាជិក​ និ​ងការចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណ​បក្ស​ណាមួយ ​គឺ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ ប៉ុន្តែ​លោក​ថាប្រសិ​ន​បើ​ការ​ចូលរួម​សកម្ម​ភាព​នយោបាយ​ ដោយការ​បង្ខិត​បង្ខំ​ ឬរង​ការ​គំរាម​កំហែង​ក្នុង​ប្រការ​ណា​មួយ ​ទើប​ជា​បញ្ហា។

លោក​បន្ត​ថា គណ​បក្ស​នយោបាយ​ដែល​មាន​សមាជិករង​ការ​គំរាម​កំហែង​ ឬ​ការ​យាយី​ណា​មួយ ​ត្រូវ​តែ​ហ៊ានតស៊ូមតិ​ និង​ជជែក​អំពីបញ្ហា​ទាំង​អស់ ហើយត្រូវ​រៀបចំ​ឯកសារ​បណ្តឹង​តាម​នីតិវិធី​ និង​តាមផ្លូវ​ច្បាប់​។

លោក​បញ្ជាក់​ថា៖ ​«​រឿង​សំខាន់ជាង​គេ គឺ​គណបក្ស​នយោបាយ​ហ្នឹង​ គឺថាលោកត្រូវ​តែ​ធ្វើការ​កំណ​ត់​សម្គាល់​ឲ្យបាន​ច្បាស់​លាស់​នូវ​ក្នុង​ដំណាក់កាល​នៃការ​រំលោភ​បំពាន ​ពីព្រោះ​ខ្លួនគឺជា​អ្នក​ចូលរួម​ផ្នែក​នយោបាយ​ អ៊ីចឹង​កិច្ច​ការ​ងារ​ច្រើន​ណាស់ ​ដែល​គណបក្ស​នយោបាយ​ខ្លួន​ត្រូវ​ធ្វើ​កា​រតស៊ូមតិ​ ត្រូវ​ជម្នះ​ឧបសគ្គ​ផ្សេង​ៗ»​។

បើតាម​គេហទំព័រ​របស់​គណបក្ស​ប្រជា​ជន​ស្នាក់ការ​កណ្តាល ​បាន​ឲ្យដឹង​ថា ​នៅថ្ងៃទី​០៦ ​ខែមីនា​ ឆ្នាំ​២០២២​ នេះ​ គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ ​បា​នបញ្ចូល​សមាជិក​ថ្មី​ជិត​២​ពាន់នាក់ ដែល​ជាអតីត​សមាជិក​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ហើយ​នៅថ្ងៃ​ដូច​គ្នា​នេះ​ គណ​បក្ស​ប្រជាជន​សង្កាត់​បាក់​ខែង​ ក៏​បាន​បញ្ចូលសមាជិកថ្មី​ចំនួន​៥១៧នាក់ ​ផង​ដែរ​ ដើម្បី​ចូលរួម​ជីវភាព​នយោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

គិត​ត្រឹម​ថ្ងៃ​បិទ​បញ្ចប់​ការ​ចុះ​បញ្ជី​ឈ្មោះ​បេក្ខជន​កាល​ពី​ថ្ងៃ​អាទិត្យ​ គ.ជ.ប. បាន​ប្រកាស​ថា​មាន​គណ​បក្ស​ចំនួន​១៧​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ តែ​មាន​តែ​បក្ស​ពីរ​ប៉ុណ្ណោះ​ដែល​បាន​ដាក់ឈ្មោះ​បេក្ខ​ជន​ច្រើន​ជាង​គេ​ និង​ប្រកួត​នៅ​ច្រើន​ឃុំ​សង្កាត់​ជាង​គេ​ គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​ភ្លើង​ទៀន៕

XS
SM
MD
LG