លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃចន្ទ បានចេញបញ្ជាឱ្យអាជ្ញាធរខេត្តពោធិ៍សាត់ចាត់វិធានការ ដោយមិនឱ្យមានការរីករាលដាលកាន់តែខ្លាំងនៃអំពើជួញដូរមនុស្សនៅក្នុងតំបន់ថ្មដា ក្នុងស្រុកវាលវែង ជាប់ព្រំដែនថៃ។
តំបន់ថ្មដាត្រូវបានគេស្គាល់ថា ជាទីតាំងគ្រប់គ្រងដោយឧកញ៉ា ទ្រី ភាព ដែលនៅទីនោះជាតំបន់សេដ្ឋកិច្ចពិសេសដែលមានអគារជាច្រើនជួលសម្រាប់ជនជាតិចិន។ ថ្មដាដែលស្ថិតនៅក្បែរភ្នំ និងជាតំបន់ដាច់ស្រយាល ធ្លាប់ត្រូវបានរាយការណ៍ដោយសារព័ត៌មានក្នុងស្រុក និងក្រៅប្រទេស ដូចជាAl Jazeera ថា មានការជួញដូរមនុស្សនៅទីនោះ តាមរយៈអំពើបោកបញ្ឆោតតាមបច្ចេកវិទ្យា ឬហៅថា Scam។
នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលថ្មីនៃខេត្តពោធិ៍សាត់ កាលពីថ្ងៃចន្ទ លោក ស ខេង បានបញ្ជាឱ្យអាជ្ញាធរចាត់វិធានការកុំឱ្យតំបន់ថ្មដាក្លាយជាកន្លែងជួញដូរមនុស្ស ដូចនៅក្នុងខេត្តព្រះសីហនុ។
លោក ស ខេង ថ្លែងថា៖ «អានេះជាពិសោធន៍ទេ មិនថា ពិសោធន៍នេះ វាគ្រប់ជ្រុងជ្រោយទេ ព្រោះយើងនៅបន្តធ្វើទៀត។ ប៉ុន្តែគ្រាន់តែចង់និយាយថា រំឭកដល់ពោធិ៍សាត់របស់យើង ថ្មដា [ក្នុងស្រុកវាលវែង]នេះកុំឱ្យវាហៅថា សកម្មភាពខុសច្បាប់នៅកន្លែងហ្នឹងវាកើតមានកាន់តែរីកធំទៅ»។
លោក ស ខេង អះអាងបន្ថែមថា ខេត្តព្រះសីហនុជាកន្លែងមួយដែលរដ្ឋាភិបាលបានចំណាយថវិកាច្រើនសម្រាប់ការវិនិយោគ ក៏ដូចជាការអភិវឌ្ឍ។ ប៉ុន្តែខេត្តមួយនេះក្លាយជាកន្លែងដែលសម្បូរទៅដោយអំពើឧក្រិដ្ឋកម្ម និងការជួញដូរមនុស្ស។
លោក ស ខេង បន្ថែមថា សមត្ថភាពរបស់មន្ត្រីនៅខ្សោយ ក៏ជាឱកាសសម្រាប់ជនខិលខូលប្រព្រឹត្តអំពើខុសច្បាប់ផងដែរ។ ដូច្នេះលោកជំរុញឱ្យមានការសហការគ្នាដើម្បីកម្ចាត់នូវអំពើជួញដូរខុសច្បាប់ទាំងនោះ។
លោកថ្លែងថា៖ «រឿងដូរមនុស្សក្តី បទល្មើសផ្សេងក្តី បើមន្ត្រីយើងមិនពាក់ព័ន្ធទេ ស្រួលនោះស្រួល មហាស្រួលក្នុងការដោះស្រាយ។ ខ្ញុំជឿអ៊ីចឹង។ និយាយអ៊ីចឹងមិនមែនមានន័យថា យើងមិនហ៊ានទេ ប៉ុន្តែគ្រាន់ថា វាពិបាកស្រាវជ្រាវ ...តែមន្ត្រីយើងពាក់ព័ន្ធហើយ ពិបាកស្រាវជ្រាវណាស់។ អាហ្នឹងសូមមេត្តាអំពាវនាវថា កុំពាក់ព័ន្ធ។ តែកុំពាក់ព័ន្ធ យើងស្រួលហ្មង ...ដោះស្រាយស្រួលហ្មង។ យកគោលការណ៍មកដោះស្រាយ»។
មួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេសធ្វើការនៅតាមអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេមិនឱ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ ឧក្រិដ្ឋជន ដែលភាគច្រើនជាជនបរទេស បានជួលអគារ ឬទីតាំងពីអ្នកជំនួញដែលជាជនជាតិខ្មែរដើម្បីប្រព្រឹត្តអំពើទាំងនោះ។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោកឧកញ៉ា ទ្រី ភាព បាននៅឡើយទេ។
នៅពេលវីអូអេទាក់ទងទៅ លោក ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានលើកទូរស័ព្ទ ប៉ុន្តែលោកមិនឆ្លើយតបនឹងការស្នើសុំសម្ភាសឡើយ។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រាប់វីអូអេថាអង្គការសង្គមស៊ីវិលនៅតែមានការព្រួយបារម្ភពាក់ព័ន្ធជាមួយការជួញដូរមនុស្សនៅកម្ពុជា ខណៈកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទាបនៅឡើយក្នុងការបង្រ្កាបការជួញដូរមនុស្ស។
លោកបន្ថែមថា រដ្ឋាភិបាលត្រូវតែមានឆន្ទៈពិតប្រាកដ និងការតាំងចិត្តខ្ពស់នៅក្នុងការដោះបញ្ហានេះ តាមរយៈការពង្រឹងការធ្វើកិច្ចសហប្រតិបត្តិការចុះបង្ក្រាប លុបបំបាត់អំពើពុករលួយ ពង្រឹងគុណភាពមន្ត្រី និងជាពិសេសសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធ។
លោកថ្លែងថា៖ «គឺសហការជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ ហើយនឹងអន្តរជាតិ ដើម្បីកំណត់នូវមុខសញ្ញានៃឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស»។
កាលពីដើមខែវិច្ឆិកា លោក ស ខេង បានអះអាងថា អាជ្ញាធរកម្ពុជាបានជួយសង្រ្គោះមនុស្សរាប់រយនាក់ ហើយក៏បានចាប់ខ្លួនជនសង្ស័យប្រមាណ១០០នាក់ក្នុងករណីជួញដូរមនុស្ស។ លោកបន្ថែមថា អាជ្ញាធរបានបិទក្រុមហ៊ុនមួយចំនួន ហើយឧក្រិដ្ឋជនមួយចំនួនបានរត់ទៅកន្លែងផ្សេងៗ ដូចជានៅខេត្តព្រះសីហនុ ពោធិ៍សាត់ កោះកុង បន្ទាយមានជ័យ ឧត្តរមានជ័យ ស្វាយរៀង កណ្តាល សៀមរាប និងភ្នំពេញ៕