រដ្ឋមន្រ្តី​មហាផ្ទៃ​បញ្ជា​ឱ្យ​អភិបាល​ខេត្ត​បន្ត​បង្រ្កាប​ការ​បង្ខាំង​មនុស្ស​ និង​ត្រូវ​មាន​ឆន្ទៈ​ពិត​ប្រាកដ

រូបឯកសារ៖ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ឡើងថ្លែងសុន្ទរកថានៅសាលាខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុកលោក ស ខេង)

លោក ​ស ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​កាល​ពី​ថ្ងៃ​ពុធ ​បាន​បញ្ជា​ទៅ​អភិបាល​ខេត្តពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​បន្ត​ចាត់​វិធាន​ការ​លើ​ការ​ជួញដូរ​មនុស្ស ​ការ​បង្ខាំង​មនុស្ស ​ហើយ​ត្រូវ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​បង្រ្កាប។​

មួយ​រយៈ​ចុង​ក្រោយ​នេះ​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Scam)​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួក​គេ​មិន​ឱ្យ​មាន​សេរី​ភាព ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។​ ឧក្រិដ្ឋជន ​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស ​បាន​ជួល​អគារ ​ឬ​ទីតាំង​ពី​អ្នក​ជំនួញ​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដើម្បី​ប្រព្រឹត្ត​អំពើ​ទាំង​នោះ។​

ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អគារ​សិក្សា​ក្នុង​ឃុំ​ភ្នំ​សំពៅ ​ស្រុក​បាណន់ ​ខេត្ត​បាត់ដំបង ​កាល​ពី​ថ្ងៃ​ពុធ ​លោក ស ខេង ​បាន​ថ្លែង​ថា​ កម្ពុជា​ត្រូវ​បាន​ពួក​ឧក្រិដ្ឋ​ជន​យក​ជា​កន្លែង​ប្រព្រឹត្ត​អំពើ​ឆបោក​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពលកម្មធ្វើ​ការងារ​ដោយ​មិន​ឱ្យ​ឈប់​សម្រាក​ និង​មិន​ឱ្យ​មាន​សេរី​ភាព។ ​លោក​បន្ត​ថា​ អាជ្ញាធរ​បាន​បង្រ្កាប​ករណី​នេះ​ជា​បន្ត​បន្ទាប់ ​ហើយ​ទទួល​បាន​ជោគ​ជ័យ​មួយ​ផ្នែក​ធំ ​ ប៉ុន្តែ​លោក​ថា​ ការ​បង្រ្កាប​នេះ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ។​

លោក ​ស ខេង ​ថ្លែង​ថា៖​ «ឥឡូវ​ធ្វើ​បាន​ប៉ុណ្ណឹង​ហ្នឹង។ ​បើ​យ៉ាង​ហោច​ណាស់​កុំ​ឱ្យ​វា​រាល​ត្រឡប់​ទៅ​វិញ។ ​បាន​ន័យ​ថា​ កុំ​ឱ្យ​វា​ថយ​ក្រោយ​ត្រឡប់​ទៅ​វិញ។ ​តិច​ថា​ កើត​រាល​ដាល​ត្រឡប់​ម្តង​ទៀត​គឺ​ខេត្ត​ហ្នឹង​ទទួល​ខុស​ត្រូវ​ ​ហើយ​ចៅហ្វាយ​ទទួល​ខុស​ត្រូវ​មុន​គេ។ ​ហើយ​ត្រូវ​តែ​មាន​ឆន្ទៈ​ធ្វើ​ឱ្យ​បាន​ហ្មត់​ចត់ ​ពិត​ប្រាកដ ​មិន​មែន​គ្រាន់​តែ​លំៗ ​សើរៗ​ទេ»។​

បើ​តាម​លោក​ ស ខេង​ អាជ្ញាធរ​កម្ពុជា​បាន​ជួយ​សង្រ្គោះ​មនុស្ស​រាប់​រយ​នាក់ ​ហើយ​ក៏​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ប្រមាណ​១០០​នាក់។​ លោក​បន្ថែម​ថា​ អាជ្ញាធរ​បាន​បិទ​ក្រុមហ៊ុន​មួយ​ចំនួន ​ហើយ​ឧក្រិដ្ឋ​ជន​មួយ​ចំនួនបាន​រត់​ទៅ​កន្លែង​ផ្សេងៗ ​ដូច​ជា​នៅ​ខេត្ត​ព្រះ​សីហនុ ​ពោធិ៍សាត់ ​កោះកុង ​បន្ទាយ​មានជ័យ ​ឧត្តរ​មាន​ជ័យ ​ស្វាយ​រៀង កណ្តាល ​សៀមរាប ​និង​ភ្នំពេញ។ ​លោក​ ស ខេង ​បន្ត​អំពាវនាវ​ដល់​អ្នក​ដែល​ត្រូវ​ជួញដូរ​ ត្រូវ​ប្តឹង ​ហើយ​ផ្តល់​ព័ត៌មាន​ជាក់​លាក់​ដើម្បី​ឱ្យ​អាជ្ញាធរ​អាច​ចុះ​ទៅ​ស៊ើប​អង្កេត ​និង​ទៅ​ជួយ​សង្គ្រោះ។ ​លោក​បន្ថែម​ថា ​អាជ្ញាធរ​ត្រូវ​បន្ត​ធ្វើ​ការងារ​នេះ ​មិន​អាច​បន្ធូរ​ដៃ​បាន​ទេ​ដើម្បី​កុំ​ឱ្យ​កម្ពុជា​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ពួក​ម៉ាហ្វីយ៉ា (Mafia)។​

លោក ​ស ខេង ​បញ្ជាក់​ថា៖ ​«ហើយ​ក៏​សុំ​ឱ្យ​អាជ្ញាធរ​ដែល​មាន​ការ​ពាក់​ព័ន្ធ ​ជា​ពិសេស​ខេត្ត​ព្រះសីហនុ ​មក​ដល់​ពេល​នេះ ​មិន​ទាន់​ចប់​ទេ។ ​មិន​ត្រូវ​ចាត់​ទុក​ថា ​មក​ដល់​ពេល​នេះ​ អញ​ចប់​ហើយ​ ភារកិច្ច​អញ។ ​មិន​មែន​ទេ។ ខេត្ត​ព្រះសីហនុ​នៅ​មាន​កាតព្វ​កិច្ច ​នៅ​មាន​កិច្ច​ការ​ច្រើន​ដែល​ត្រូវ​ធ្វើ»។​

លោក ​ស៊ឹង សែន​ករុណា ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ថ្លែង​ថា​ អាជ្ញាធរ​មិន​ត្រូវ​បន្ធូរ​ដៃ​ឡើយ ​ហើយ​ត្រូវ​ពង្រឹង​ការ​ការពារ ​និង​ទប់ស្កាត់​កុំ​ឱ្យ​អំពើ​បែប​ហ្នឹង​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា។ ​លោក​ជំរុញ​ឱ្យ​ចាត់​វិធានការ​ខ្លាំង​ក្លា ​ប្រសិន​បើ​រក​ឃើញ​ថា​ មន្រ្តី​អនុវត្ត​ច្បាប់ ​ឬ​មាន​អ្នក​មាន​អំណាច​ពាក់ព័ន្ធ​នឹង​ការ​អនុញ្ញាត​ឱ្យ​មាន​អំពើ​ឆបោក​ និង​ការ​ជួញដូរ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​យល់​ថា ​អាច​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​មន្រ្តី​ដែល​មាន​តួនាទី​អនុវត្ត​ច្បាប់ ​ដែល​នៅ​មាន​ភាព​ធូរ​រលុង ​ហើយ​សមត្ថភាព​នៃ​ការ​បង្រ្កាប​ហ្នឹង​មិន​ទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ចាត់​វិធាន​ការ​ទៅ​លើ​ជន​ប្រព្រឹត្ត ​ដែល​មាន​ភាព​ពាក់​ព័ន្ធ​ហ្នឹង។​ ហើយ​មួយ​ទៀត​នោះ​ គួរ​តែ​មាន​ការ​ពិនិត្យ​មើល​វិញ​ដែរ​ទៅ​លើ​ហេតុ​ការណ៍​នីមួយៗ ​តើ​មាន​ទំនាក់​ទំនង ​និង​ពាក់​ព័ន្ធ​ជាមួយ​នឹង​មន្រ្តី​ជាន់​ខ្ពស់ ​ឬ​ក៏​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​មួយ»។​

លោក​បន្ថែម​ថា៖ ​«យើង​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​ទៅ​លើ​ទីតាំង​ដែល​ប្រព្រឹត្ត​ហ្នឹង ​កុំ​ថា​ ឡើយ​ទីតាំង​ដែល​ជន​ជាតិ​ចិន​ហ្នឹង​គាត់​ជួល។​ សូម្បី​តែ​ទីតាំង​ដែល​អ្នក​មាន​អំណាច​ដែល​រស់​នៅ ​ហើយ​ទៅ​ប្រព្រឹត្ត​បទ​ល្មើស​ហ្នឹង​ក៏​ត្រូវ​តែ​ផ្តន្ទា​ទោស​តាម​ច្បាប់​ដែរ»។​

គួរ​បញ្ជាក់​ថា របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ស្តី​អំពី​ការ​ជួញ​ដូរ​មនុស្ស ​ចេញ​ផ្សាយ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២២​ បង្ហាញ​ថា ​កម្ពុជា​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ពី​កម្រិត​ពីរ ​(Tier 2)​ មក​កម្រិត​បី​ (Tier 3)​ ដែល​ជា​ចំណាត់​ថ្នាក់​ទាប​បំផុត​មួយ ​និង​មាន​ន័យ​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ខិត​ខំ​ធ្វើ​អ្វី​ជា​ដុំ​កំភួន​ដើម្បី​កែ​លម្អ ​ហើយ​មិន​បាន​បំពេញ​តាម​បទដ្ឋាន​អប្បបរមា​ ដូច​ដែល​បាន​កំណត់។ ​របាយការណ៍​នេះ​ក៏​បាន​លើក​ឡើង​អំពី​ការ​កេង​ប្រវ័ញ្ច​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​ឬ​ហៅថា ​Scam ​ផង​ដែរ៕ ​