ជំនួស​ឱ្យ​អនុសាសន៍​ គណ​បក្ស​មួយ​ចំនួន​ស្នើ​ឱ្យ​​ក្រសួង​មហាផ្ទៃ​ចាត់ការ​តាម​ច្បាប់​លើ​បុគ្គល​បង្ក​ការ​គំរាម​កំហែង​នយោបាយ​

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ស៊ុយអែត លោក Anders Ygeman នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។ (Reuters)

គណ​បក្ស​នយោបាយ​តូច​ធំ​មួយ​ចំនួន​ដែល​ចូល​រួម​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នា​ដើមខែ​មិថុនា​ខាង​មុខ​នេះ​ ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​អប់រំ​មន្ត្រី​ថ្នាក់​ក្រោម​អំពី​ការ​អនុវត្ត​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅតាម​តួនាទី​និង​សិទ្ធិ​អំណាច​របស់​ផង​ខ្លួន ជាពិសេស​ត្រូវតែ​ចាត់​វិធាន​ច្បាប់​ឱ្យ​បាន​តឹង​រ៉ឹង​ដល់​បុគ្គល​ណា​ ឬ​មន្ត្រី​មូលដ្ឋាន​រូប​ណា ​ដែល​នៅ​តែបន្ត​ធ្វើ​សកម្មភាព​រារាំង​ និង​បំភិត​បំភ័យ​សកម្ម​ជន​គណ​បក្ស​របស់​ពួក​គេ​ ជា​ជាង​ត្រឹម​តែ​ចេញ​អនុសាសន៍។​

ប្រទេស​កម្ពុជា​កំពុង​ឆ្ពោះ​ទៅរក​ការ​រៀបចំ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​ខែ​មិថុនា​ ឆ្នាំ​២០២២​ខាង​មុខ ដោយ​មាន​គណបក្ស​បង្កើត​ថ្មី​យ៉ាង​ហោច​ណាស់​១៧​គណបក្ស​ត្រៀម​ប្រជែង​ជា​មួយ​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

ខណៈ​ការ​បោះឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​កំពុង​ខិត​ជិត​ចូល​មក​ដល់​នោះ​ មេ​ដឹកនាំ​ឬ​តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន​ បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​ជាច្រើន​របស់​សកម្មជន​នយោបាយ​ រួម​មាន​ការ​រារាំង​ ការ​បំភិត​បំភ័យ​នៅ​តាម​មូលដ្ឋាន​ និង​ការ​បង្ក​ការ​រំខាន​របស់​អាជ្ញាធរ​មូលដ្ឋាន​មិន​ឱ្យ​លើក​ស្លាក​គណ​បក្ស​ជាដើម។​

បញ្ហា​ប្រឈម​ទាំងអស់​នេះ​កើត​ឡើង​ស្រប​ពេល​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក​ ស ខេង​ បន្ត​ជំរុញ​ឱ្យ​អាជ្ញាធរ​ និង​កង​កម្លាំង​ការពារ​សន្តិសុខ​គ្រប់​ខេត្ត​ទាំង​អស់​ រក្សា​ជំហរ​អព្យាក្រឹត​ ដោយ​ត្រូវ​អនុវត្ត​ការងារ​មិន​លម្អៀង​ទៅ​គណ​បក្ស​នយោបាយ​ណា​មួយ ​ដើម្បី​ធានា​ឱ្យ​បាន​ដាច់​ខាត​នូវ​ស្ថិរ​ភាពសន្តិសុខ​ សម្រាប់​ដំណើរ​ការ​បោះ​ឆ្នោត​ នា​ខែ​មិថុនា​ខាង​មុខ​ ដោយ​គ្មាន​ការ​គំរាម​កំហែង​ និង​គ្មាន​អំពើ​ហិង្សា។​

នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អន្តរ​ស្ថាប័ន ​ស្តីពី​កិច្ចការ​ការពារ​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រចាំ​ឆ្នាំ ​និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ​ថ្នាក់​ក្រោម​ជាតិ ​ចាប់​ពី​ឆ្នាំ​២០២២-២០២៤ ​នៅ​សណ្ឋាគារ​សុខា ​ភ្នំពេញ ​កាលពី​សប្តាហ៍​មុន​ លោក ​ស​ ខេង ​ដែល​ជា​អនុ​ប្រធាន​គណបក្ស​កាន់​អំណាច​ផង​នោះ​ ​បាន​ណែនាំ​មន្រ្តី​ និង​គណៈ​បញ្ជាការអចិន្ត្រៃយ៍​សន្តិ​សុខ​រាជធានី​ខេត្ត ​ឱ្យ​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការ​បោះឆ្នោត​ បន្ទាប់​ពី​លោក​កត់​សម្គាល់​ថា​ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ នា​ខែ​មិថុនា​ខាង​មុខ​ គឺ​ជា​ការ​ប្រកួត​ប្រជែង​យ៉ាង​តឹង​តែង​ និង​ក្តៅ​គគុក​របស់​គណបក្ស​នយោបាយ​ទាំងអស់​ ដែល​អាច​នឹង​ងាយ​កើត​ទំនាស់​ ឬ​បទ​ល្មើស​ផ្សេងៗ។​

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា​ គណៈ​បញ្ជាការ​រដ្ឋបាល​រាជធានី​ខេត្ត ​ដែល​ជា​គណៈ​បញ្ជា​ការ​អចិន្ត្រៃយ៍​សន្តិ​សុខ​រាជធានី​ខេត្ត​ត្រូវ​ដឹក​នាំ​ដោយ​ផ្ទាល់​ក្នុង​កិច្ច​ការ​ធានា​ដឹកនាំ​សន្តិ​សុខ​សាធារណៈ ​និង​សុវត្ថិ​ភាព​សង្គម​ក្នុង​ភូមិ​សាស្រ្ត​របស់​ខ្លួន​ និង​ធានា​ឱ្យ​បាន​ដាច់​ខាត​នូវ​ស្ថិរភាព​សន្តិសុខ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ។​

បើតាម​លោក​ ស​ ខេង​ ការ​បោះឆ្នោត​ក្នុង​ខែ​មិថុនា​ ត្រូវតែ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ប្រកប​ដោយ​ភាព​ស្ងប់​ស្ងាត់​ គ្មាន​ការ​គំរាម​កំហែង​ គ្មាន​អំពើ​ហិង្សា ​និង​ប្រកប​ដោយ​តម្លា​ភាព។

លោក ​ស ខេង​ បាន​ដាក់​បទ​បញ្ជា​ទៅ​ដល់​គណៈ​បញ្ជា​ការ​រដ្ឋបាល​រាជធានី​ខេត្ត ​ដែល​ជា​គណៈ​បញ្ជា​ការ​អចិន្ត្រៃយ៍​សន្តិ​សុខ​រាជធានី​ខេត្ត ​ថា៖​ «ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​លើ​ការងារ​មួយ​ចំនួន​ដូច​ជា ត្រូវ​ពង្រឹង​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​ជាមួយ​ថ្នាក់​ជាតិ​ និង​ជាមួយ​យន្តការ​រចនា​សម្ព័ន្ធ​ចំណុះ​របស់​ខ្លួន​ សំដៅ​ក្តាប់​បាន​គោល​ការណ៍​យក​ទៅ​បន្ត​ផ្សព្វ​ផ្សាយ​ និង​ប្រមូល​បាន​នូវ​សភាព​ការណ៍​ ឬ​ហេតុ​ការណ៍​នានា​ ដើម្បី​វិភាគ​ វាយ​តម្លៃ ​ធ្វើការ​សន្និដ្ឋាន​ និង​ចង្អុល​ដឹកនាំ​ដោះស្រាយ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធ​ភាព»។​

លោក​ ស ខេង​ បន្ថែម​ថា៖​«កង​កម្លាំង​មាន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ ជា​ពិសេស​ភ្នាក់​ងារ​សន្តិ​សុខ​ បោះឆ្នោត​ទាំង​អស់​ ត្រូវ​មាន​ជំហរ​អព្យាក្រឹត​ភាព​ និង​គោរព​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ ស្តីពី​ការ​បោះឆ្នោត​ បទ​បញ្ជា​ នីតិ​វិធី​សម្រាប់​ការ​បោះឆ្នោត​ និង​ក្រម​សីលធម៌​ភ្នាក់ងារ​សន្តិសុខ​បោះ​ឆ្នោត​ ដោយ​ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ នឹង​ផ្តល់​សេវា​សន្តិសុខ​ដល់​គ្រប់​គណបក្ស​នយោបាយ​ បេក្ខជន​ទាំង​អស់​ តំណាង​គណបក្ស​នយោបាយ​ វាគ្មិន ​អ្នក​សង្កេត​ការណ៍​ជាតិ​ អន្តរជាតិ​ និង​ប្រជា​ពលរដ្ឋ​គ្រប់រូប​ ប្រកប​ដោយ​តម្លាភាព​ និង​ដោយ​គ្មាន​ការ​រើស​អើង»។​

លោក ​ស ខេង​ ក៏​ជំរុញ​អាជ្ញាធរ ​ថាត្រូវតែ​ខិតខំ​ដោះ​ស្រាយ​បញ្ហា​នានា​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ចាប់​តាំង​ពី​ពេល​មាន​ហេតុ​ការណ៍​កើត​ឡើង​ដំបូង​ ដើម្បី​កុំ​ឱ្យ​ក្លាយ​ទៅ​ជា​ទំនាស់​រ៉ាំរ៉ៃ​ ដែល​អាច​បង្ក​ឱ្យ​មាន​ចលាចល​សង្គម​ និង​ក្លាយ​ជា​ឧបករណ៍​ នៃ​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ។​

យ៉ាងណា​ក៏ដោយ​ អ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន ​លោក ​ថាច់ សេដ្ឋា ​ប្រាប់​វីអូអេ​ថា​ ​ការ​គំរាម​កំហែង​ និង​ ការ​រារាំង​សកម្ម​ជន​គណ​បក្ស​ភ្លើង​ទៀន ​នៅតែ​បន្ត​កើត​មាន​ បើ​ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​ចេញ​អនុសាសន៍​ណែនាំ​ដល់​ មន្ត្រី​មូលដ្ឋាន​ជា​បន្ត​បន្ទាប់​ ឱ្យ​បង្ក​បរិយាកាស​ដែល​ឥត​មាន​ការ​គំរាម​កំហែង​ ដល់​គ្រប់​ភាគី​គណបក្ស​នយោបាយ​ឱ្យ​ធ្វើ​សកម្ម​ភាព​យ៉ាង​ណា​ក្តី។ ​

លោក ​យល់​ថា​ដើម្បី​ធានា​បរិយាកាស ​និង​ដំណើរ​ការ​បោះឆ្នោត​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ​ ក្រសួង​មហាផ្ទៃ ​និង​អាជ្ញាធរ​ ត្រូវ​ស្វែង​រក​មុខជន​បង្ក​ ដែល​ដើរ​គំរាម​កំហែង​ និង​វាយ​ស្លាក​គណបក្ស​របស់​គណបក្ស​ដទៃ ​ដើម្បី​យក​មក​ដាក់​ទោស ​ឬ​ចាត់​វិធាន​ការ​ជាក់ស្តែង​តាម​ច្បាប់​ ហើយ​មន្ត្រី​មូល​ដ្ឋាន ​និង​រាជធានី​ខេត្ត​នីមួយ​ ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ផង​ដែរ។​

បើ​តាម​លោក ​ថាច់ សេដ្ឋា​ ប្រសិន​បើ​ក្រសួង​មហាផ្ទៃ ​និង​អាជ្ញាធរ​ពាក់​ព័ន្ធ ​មិន​អនុវត្ត​វិធាន​ការ​ឱ្យ​បាន​តឹង​រ៉ឹង​ទេ​ នោះ​អនុសាសន៍​នាយករដ្ឋ​មន្រ្តី ​និង​រដ្ឋមន្ត្រី​នឹង​មិន​មាន​ប្រសិទ្ធ​ភាព​នោះ​ឡើយ។​

លោក​ ថ្លែង​ថា៖​« នៅ​ត្រង់​ចំណុច​នេះ​ យើង​មិន​ដឹង​ថា​ទឹក​មាត់​នាយក​រដ្ឋ​មន្ត្រី ​ទឹក​មាត់​រដ្ឋ​មន្ត្រី​មហាផ្ទៃ​សាប ​ឬ​មួយ​ថ្នាក់​ក្រោម​គេ​ឈប់​ស្តាប់​បង្គាប់​បញ្ជា​អី​ យើង​គួរ​ឱ្យ​ឆ្ងល់​ដែរ​ ឬ​មួយ​គ្រាន់តែ​ជា​ការ​ថ្លែង​ដើម្បី​ឱ្យ​ពីរោះ​ស្តាប់ ​បំភាន់​សាធារណៈ​មតិជាតិ​ អន្តរ​ជាតិ​ ហើយ​បើក​ដៃ​ឱ្យ​ខាង​ក្រោម​ធ្វើ​ អាហ្នឹង​ក៏​ជា​រឿង​មួយ​ដែរ ​ពីព្រោះ​ឃើញ​ថា​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​អី​សោះ»។​

លោក​បន្ថែម​ថា៖ ​«នៅ​ក្នុង​ឃុំ​សង្កាត់​ណា​ ស្រុក​ ខណ្ឌ​ ខេត្ត​ណា​ ដែល​បំផ្លាញ​ស្លាក​គណ​បក្ស​ មាន​ការ​គំរាម​កំហែង​ ​ ចៅហ្វាយ​ខេត្ត​ ចៅហ្វាយ​ស្រុក​ មេឃុំ​ហ្នឹង​ ត្រូវ​ទទួល​រង​ទណ្ឌកម្ម​ ឬ ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ឱ្យ​តឹង​រ៉ឹង​បែប​ហ្នឹង​ តើ​ខ្លាច​ដែរ​អត់?​ ហើយ​បើ​យើង​គ្មាន​វិធាន​ការ​ជាក់​ស្តែង​បែប​ហ្នឹង​ទេ​ គឺ​គ្រាន់តែ​ធ្វើ​ឱ្យ​ពីរោះ​ស្តាប់​ទេ។​ ហាក់​ដូច​ជា​ខាង​លើ​គ្រាន់​និយាយ​ ..​បើក​ដៃ​ឱ្យ​ខាង​ក្រោម​ធ្វើ​ប៉ុណ្ណឹង​ឯង»។​

ស្រដៀង​គ្នា​នេះ​ដែរ​ មន្ត្រី​ទទួល​កិច្ចការ​បោះ​ឆ្នោត​និង​ជា​ស្ថាបនិក​ម្នាក់​នៃ​គណបក្ស​កម្ពុជា​និយម​ លោក​ យី សីហា ​និយាយ​ថា​ ការ​ចេញ​អនុសាសន៍​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​មិន​មាន​ឥទ្ធិពល​ណា​មួយ​លើ​អាជ្ញាធរ​មូល​ដ្ឋាន​ទេ។​

លោក​ថា សកម្ម​ជន​ និង​អ្នក​គាំទ្រ​គណ​បក្ស​កម្ពុជា​និយម​តាម​មូល​ដ្ឋាន​ នៅតែ​ទទួល​រង​ការ​គំរាម​កំហែង​ និង​ការ​រារាំង​ការ​លើក​ស្លាក​គណបក្ស​ ជាពិសេស​ពី​សំណាក់​មន្រ្តី​មូលដ្ឋាន ​មេភូមិ​ មេឃុំ ​ដោយ​ពួកគេ​មិន​បាន​យក​អនុសាសន៍​ ឬ​ការ​ណែនាំ​ទាំង​នោះ​ទៅ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទេ។​

លោក​បញ្ជាក់​ថា៖​ «ជា​ការ​សំណូម​ពរ​របស់​ខ្ញុំ ​សូម​ឱ្យ​ឧប​នាយក​រដ្ឋ​មន្ត្រី ​ស ខេង​ គឺ​តាមដាន​ការ​អនុវត្ត​មន្ត្រី​របស់​ខ្លួន​ក្រោម​ឱវាទ​របស់​ខ្លួន​ មាន​ដូច​ជា​គណៈ​អភិបាល​រាជធានី​ខេត្ត​ គណៈ​អភិបាល​ស្រុក​ ក្រុង​ ហើយ​មេឃុំ ​ចៅ​សង្កាត់​ មេ​ភូមិ ​ឱ្យ​គាត់​យល់​ឱ្យ​បាន​ច្បាស់​អំពី​អ្វី​ដែល​ជា​សេចក្តី​ណែនាំ​របស់​ក្រសួង។​ បើ​មិន​ដូច្នេះ​ទេ​ វា​ធ្វើ​ឱ្យ​មាន​ការ​រឹតត្បិត​ សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ដែល​គាំទ្រ​គណ​បក្ស​ក្រៅ​រដ្ឋាភិបាល ជាពិសេស​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​បេក្ខជន​ បេក្ខភាព​របស់​គណ​បក្ស​កម្ពុជា​និយម​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី៥​ ខែ​មិថុនា ​ឆ្នាំ​២០២២​ខាង​មុខ​នេះ»។​

អ្នក​នយោបាយ​រូបនេះ​ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ត្រូវ​អប់រំ​មន្ត្រី​មូលដ្ឋាន​បន្ថែម​ទៀត​ បូករួម​ដាក់​ទណ្ឌ​កម្ម ​ ប្រសិន​បើមន្ត្រី​ទាំង​នោះ​នៅ​តែ​មក​រារាំង​ និង​គំរាម​កំហែង​ដល់​សកម្ម​ជន​ និង​អ្នក​គាំទ្រ​របស់​គណ​បក្ស​កម្ពុជា​និយម​របស់​លោក។ លោក​បន្ថែម​ថា​ ប្រជា​ពល​រដ្ឋ​ បង្ហាញ​ការ​ភ័យខ្លាច​ផង​ដែរ​ នៅ​ពេល​គណបក្ស​កម្ពុជា​និយម​ សុំ​លើក​ស្លាក​គណបក្ស​នៅ​តាម​ទី​សាធារណៈ ​ខាង​មុខ​ផ្ទះ​របស់​ពួក​គាត់។​

លោក​និយាយ​ថា៖ ​«ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​យើង​សុំ​កន្លែង​គាត់​លើក​ស្លាក​នៅ​តាម​មុខ​ផ្ទះ​ហ្នឹង​ជាក់​ស្តែង​បង​ខ្លួន​ឯង​ ចុះ​មក​ផ្ទាល់​តែ​ម្តង​ យើង​ទៅ​សុំ​គាត់​ដោយ​ផ្ទាល់ៗ​តែ​ម្តង។​ គាត់​អត់​ឱ្យ​យើង​ទេ។​ គាត់​ថា​ បើសិន​ជាឱ្យ​ គាត់​ខ្លាច​អាជ្ញាធរ​មូលដ្ឋាន​គំរាម​កំហែង​គាត់​ ឬ​ហៅ​ថា​រឹត​ត្បិត​សិទ្ធិ​សេរីភាព ​របស់​គាត់​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខ​របរ​រកស៊ី​របស់​គាត់​ ធ្វើ​ឱ្យប៉ះ​ពាល់​ទៅ​ដល់​ការ​ទទួល​បណ្ណ​ក្រីក្រ​ពី​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង»។​

វីអូអេ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពីអ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​នាយ​ឧត្តមនីយ៍ ​ខៀវ សុភ័គ​ បាន​ទេ។​ ​

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​ដែល​ឃ្លាំ​មើល​កិច្ចការ​បោះឆ្នោត​ លោក ​កន សាវាង្ស​រំពឹង​ថា​ អនុសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នេះ​ អាច​ធ្វើ​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​យក​ទៅ​អនុវត្ត​តាម​ ដើម្បី​ធានា​អព្យា​ក្រឹត​ភាព​របស់​អាជ្ញាធរ​តាម​មូលដ្ឋាន។​

ប៉ុន្តែ​លោក ​ចង់​ឱ្យមាន​ការ​កំណត់​ការ​អនុវត្ត​ការងារ​របស់​មន្រ្តី​មូល​ដ្ឋាន​ឱ្យបាន​ត្រឹមត្រូវ​ ដើម្បី​ធានា​ដល់​ការ​បំពេញ​ការងារ​ និង​កុំ​ឱ្យ​មន្ត្រី​អនុវត្ត​ការងារ​ខុស​ពី​អនុសាសន៍ ​និង​ច្បាប់​ដែល​មាន​ជាធរមាន។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​អ្វីជា​ការ​បារម្ភ​ គឺ​ត្រង់​ថា​ ការ​កំណត់​ភាព​មិន​ច្បាស់​លាស់​នៅ​ក្នុង​បញ្ហា​នៃ​ការ​កើត​ឡើង​ ភាព​មិន​ប្រក្រតី​ហ្នឹង​ ពីព្រោះ​កាល​ណា​យើង​បង្ហាញ​ភាព​មិន​ច្បាស់​លាស់​ធ្វើ​ឱ្យ​ថ្នាក់​ក្រោម​មិន​បាន​បំពេញ​តួនាទី​ក្នុង​នាម​គាត់​ជា​ អាជ្ញាធរ​អាច​បង្កើន​ការ​គំរាម​កំហែង​ដល់​ប្រជា​ពលរដ្ឋ​ថែម​ទៀត ​បើ​សិន​ជា​ការ​កំណត់​ភាព​មិន​ប្រក្រតី ​មិន​ច្បាស់​លាស់​នោះ»។​

គួរ​រំឭក​ឡើង​វិញ​ផង​ដែរ​ថា​ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ ​នឹង​ជ្រើស​រើស​ក្រុម​ប្រឹក្សា​សរុប​ទាំងអស់​ជាង​១១.០០០​នាក់ ​នៅ​ក្នុង​ឃុំ​សង្កាត់​សរុប​ចំនួន​១.៦៥២៕