ក្រសួង​ព័ត៌មាន ហាមប្រាម​ការ​ផ្សាយ​វីដេអូ ឬ ចម្រៀង​ដែល​យក​គ្រឿង​ស្រវឹង​បំបាត់​ទុក្ខ

រូបឯកសារ៖ លោក ​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​កម្ពុជា នៅថ្ងៃទី​២៤​ ខែ​សីហា​ ឆ្នាំ២០១៧។​ (VOA)

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​លោក​ ​ខៀវ កាញារីទ្ធ​ ​បាន​ណែ​នាំ​ម្ចាស់​ស្ថានីយ៍​វិទ្យុ​ ​ទូរទស្សន៍​ ​និង​ម្ចាស់​ផលិតកម្ម​ភាពយន្ត​ ​វីដេអូ​ ​ឲ្យ​បញ្ឈប់​ការ​ផលិត និង​ចាក់​ផ្សាយ​វីដេអូ ឬ​ចម្រៀង​ដែល​យក​គ្រឿង​​ស្រវឹង​ធ្វើ​ជា​ការ​ដោះ​ស្រាយ​វិបត្តិ។​ ​នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​​ក្រសួង​ព័ត៌មាន​ដែល​ ​VOA​ ​បាន​ទទួល។​

​ក្រសួង​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ហាម​អ្នក​ពាក់​ព័ន្ធ​មិន​ឲ្យ​ផលិត​ ​និង​ចាក់​ផ្សាយ​វីដេអូ​ដែល​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​គ្រឿងស្រវឹងដើម្បី​បំបាត់​ទុក្ខ​ ​ដោយ​ថា​ ​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌​ ​និង​សណ្ដាប់ធ្នាប់​សង្គម។​ ​ប្រធាន​សមាគម​ភាពយន្ត​លើក​ឡើង​ថា​ ​ក្រសួង​គួរ​ពិភាក្សា​ជា​មួយ​អ្នក​ផលិត​ ​ដើម្បី​ស្វែង​យល់​ពី​បញ្ហា​ ​និង​ផល​ប៉ះពាល់​ជា​មុន​ ​ជៀសវាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​មួយ​នេះ។​

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​លោក​ ​ខៀវ កាញារីទ្ធ​ ​បាន​ណែ​នាំ​ម្ចាស់​ស្ថានីយ៍​វិទ្យុ​ ​ទូរទស្សន៍​ ​និង​ម្ចាស់​ផលិតកម្ម​ភាពយន្ត​ ​វីដេអូ​ ​ឲ្យ​បញ្ឈប់​ការ​ផលិត និង​ចាក់​ផ្សាយ​វីដេអូ ឬ​ចម្រៀង​ដែល​យក​គ្រឿងស្រវឹង​ធ្វើ​ជា​ការ​ដោះ​ស្រាយ​វិបត្តិ។​ ​នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់ក្រសួង​ព័ត៌មាន​ដែល​ ​VOA​ ​បាន​ទទួល។​

សេចក្ដី​ជូន​ដំណឹង ដែលចេញ​ដោយ​លោក​ ​ខៀវ កាញារីទ្ធ​ ​កាលពី​ថ្ងៃ​ចន្ទ​ ​បញ្ជាក់​ថា​ ​ការ​ផលិត​ខ្សែ​ភាពយន្ត ឬ​វីដេអូ​ខារ៉ាអូខេ​ដែល​ជ្រើស​យក​គ្រឿងស្រវឹង​ជា​គុណ​សម្បត្តិ​ក្នុង​ការ​ដោះ​ស្រាយបញ្ហា​វិបត្តិ​ស្នេហា​ ​ឬ​ទុក្ខ​កង្វល់​ផ្សេងៗ​ ​បាន​នាំ​ឲ្យ​យុវជន​ដែល​ពុំ​ទាន់​មាន​មូលដ្ឋាន​ក្នុង​ការ​ពិចារណា​ មាន​ការ​ភាន់​ច្រឡំ និង​យក​តម្រាប់​តាម។​ ​

លោក​បន្ថែម​ក្នុង​លិខិត​នោះ​ថា​ ​ការ​យល់​ច្រឡំ​ ​និង​យក​តម្រាប់​តាម​របស់​យុវជន​ ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ប្រើ​ប្រាស់​គ្រឿងស្រវឹង​រហូត​បាត់​បង់​សតិ ឈាន​ទៅ​រក​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ​និង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដី​ថ្លៃ​ថ្នូរ និង​សណ្ដាប់​ធ្នាប់​សង្គម។​

លោក​ ​ខៀវ កាញារីទ្ធ​ ​បាន​សរសេរ​បន្ថែម​ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​តាម​សម្រង់​ន័យ​ដើម​ថា៖​

«ដើម្បីជៀស​វាង​ផល​អវិជ្ជមាន​ខាង​លើ​ ​ក្រសួង​ព័ត៌មាន​សូម​ធ្វើ​ការ​ណែ​នាំដល់​ម្ចាស់​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​ ​និង​ម្ចាស់​ផលិត​កម្ម​ភាពយន្ត​ ​វីដេអូ​ ​ដែល​តែង​និពន្ធ​បទ​ចម្រៀង ឬ​ភាពយន្ត វីដេអូ សាច់​រឿង​តួអង្គ​មាន​វិបត្តិ​ផ្លូវ​ចិត្ត សូម​បង្ហាញ​នូវ​វិធី​ដោះ​ស្រាយ​សមស្រប ឬ​ការ​អប់រំ​ផ្លូវ​ចិត្ត ឬ​ការ​តាំង​សមាធិ​ធ្វើ​ជា​មធ្យោបាយ​ដោះ​ស្រាយបញ្ហា ​ប្រសើរ​ជាង​ការ​បង្ហាញ​រូបភាព​ប្រើ​ប្រាស់​គ្រឿងស្រវឹង ​ដើម្បីដោះ​ស្រាយបញ្ហា​បំបាត់​ទុក្ខសោក​របស់​តួអង្គ»។​

លោក​ ​ខៀវ កាញារីទ្ធ​ ​បាន​បន្ថែម​ក្នុង​លិខិត​នោះ​ដោយ​ព្រមាន​បញ្ឈប់​ឲ្យ​ចាក់​ផ្សាយ​បទ​ចម្រៀង ឬ​សាច់​រឿង​ដែល​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​គ្រឿងស្រវឹង​បែប​នោះ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ប្រសិន​បើ​ម្ចាស់​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ ឬ​ម្ចាស់​ផលិត​កម្ម​ណា​មិន​អនុ​វត្ត​តាម។​

លោក​ ​ឆាយ បូរ៉ា​ ​ប្រធាន​សមាគម​ភាពយន្ត​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ព័ត៌មាន​ក្នុង​គោល​បំណង​ទប់ស្កាត់យុវជន​មិន​ឲ្យ​ប្រើ​ប្រាស់​គ្រឿងស្រវឹង​ ​គឺជា​គំនិត​ល្អ ប៉ុន្តែ ​លោក​ថា​ ​ការ​ផលិត​ភាពយន្ត​ ​ឬ​វីដេអូ​ ​តែង​ឆ្លុះបញ្ចាំង​ពី​តថភាព​ជាក់ស្ដែង​ក្នុង​សង្គម​ ​ដូច្នេះលោក​ថា​ ​ការ​ជូន​ដំណឹង​ឲ្យ​បញ្ឈប់​ដោយ​មិន​យល់​ពី​យន្តការ​នៃ​ការ​ផលិត នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ឧទាហរណ៍​ថា​យើង​ចង់​អប់រំ​យុវជន​ពី​រឿង​អ្វី​មួយ ប៉ុន្តែ​យុវជន​ហ្នឹង​គាត់​ដើរ​ផ្លូវ​ខុស ដើរ​ផ្លូវ​ខុស​របស់​យុវជន​វា​មាន​អី​ខ្លះ? គឺ​សេព​គ្រឿងស្រវឹង សេព​គ្រឿង​ញៀន ដើរ​ដេក​ផ្ទះ​សំណាក់ គេច​សាលា​រៀន វាយ​តប់ ​ក្រុម​បង​ធំ​បង​តូច។ អា​ហ្នឹង​យើង​ត្រូវ​ឆ្លុះបញ្ចាំង​ហើយ នៅ​ក្នុង​វគ្គ​មួយ ប៉ុន្តែ​គុណធម៌​របស់​វា​មាន​នៅ​ចុង​បញ្ចប់​តើ​វា​ស្អី​គេ? ដល់​ពេល​គាត់​មើល​សេចក្ដី​រឿង​អត់​អស់ ហើយ​គ្រាន់​តែ​ឃើញ​ឈុត​ស្រវឹង​មក​ភ្លាម គាត់​ថា​អា​ហ្នឹង​ក្រសួង​ហាម​ហើយ អត់​ឲ្យ​បញ្ចាំង​ទេ។ ចុះ​អា​ខ្លឹមសារ​ដែល​គេ​បក​ស្រាយ​ទៅ​ខាង​ក្រោយ​ហ្នឹង​យ៉ាង​ម៉េច?»។

លោក​ ​ឆាយ បូរ៉ា​ ​បន្ថែម​ថា​ ​ក្រសួង​ព័ត៌មាន​គួរ​មាន​វិធានការ​ឲ្យ​បាន​ស្មើ​ភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ ​ដែល​តែង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​គ្រឿងស្រវឹង​នៅ​គ្រប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ពេល​បច្ចុប្បន្ន។​ លោក​ថា​ ​ក្រសួង​គួរ​មាន​ការ​ជួប​ពិភាក្សា​ជា​មួយ​ភាគី​ពាក់​ព័ន្ធដើម្បី​ស្វែង​យល់​ពី​បញ្ហា និង​ផល​ប៉ះពាល់​ជា​មុន។​

លោក​បញ្ជាក់​ថា៖​

«មុន​នឹង​ចេញ​អ្វី​មួយ​អញ្ចឹង​គួរ​តែ​ហៅ​វិស័យ​ឯកជន​ទៅ​អង្គុយ​ជជែក​ពិភាក្សា​ ​តើ​លិខិត​ហាមប្រាម​ហ្នឹង​មួយ​វា​ប៉ះពាល់​អ្វី​ខ្លះ​ដល់​អ្នក​ផលិត?​ ​តើ​ខ្លឹមសារ​របស់​ក្រសួង​ដែល​ចេញ​មក​ហ្នឹង​ ​សេចក្ដី​ហាមប្រាម​ហ្នឹង​វា​មាន​ព្រំដែន​កំណត់​ប៉ុណ្ណា?​ ​ខ្ញុំ​បារម្ភ​ខ្លាច​ដល់​ពេល​យើង​ផលិត​ទៅ​ ​ស្រាប់​ហើយ​គេ​យក​តែ​សេចក្ដី​ប្រកាស​មួយ​ហ្នឹង​មក​ ​មក​វិនិច្ឆ័យ​ការ​ងារ​យើង​ហើយ​ស្រាប់តែ​បិទ​ការ​ផ្សាយ​របស់​យើង ឬ​ស្នា​ដៃ​របស់​យើង វា​នាំ​ឲ្យ​ផលិត​ករ​ក្នុង​វិស័យ​ឯកជន​ហ្នឹង​ គាត់​ខាតបង់»។​

លោក​ ​សន ជ័យ​ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លើក​ឡើង​ថា ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់ ​សុទ្ធ​តែ​មាន​តួ​នាទីក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​គ្រឿងស្រវឹង។​ ​ទោះ​យ៉ាង​ណា ​លោក​ថា ក្រសួង​ព័ត៌មាន​ គួរ​តែ​ហាមឃាត់​សកម្មភាព​នៃ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​គ្រប់​ប្រភេទ ឲ្យ​បាន​តឹងរ៉ឹង​ជា​មុន។

លោក​បញ្ជាក់​ថា៖​

«កន្លង​មក​យើង​ឃើញ​ហើយ​ថា​វិធានការ​របស់​ក្រសួង​ព័ត៌មាន​ហាក់​បី​ដូចជា​ពុំសូវ​មាន​ប្រសិទ្ធភាព ហើយ​រហូត​មក​ដល់​ពេល​នេះ​ការ​ផ្សព្វ​ផ្សាយ​គ្រឿងស្រវឹង ក្នុង​ហ្នឹង​មាន​ស្រាបៀ​ ​មាន​ស្រា​អី​ហ្នឹង ប្រហែល​ជា​ការ​ផ្សព្វ​ផ្សាយ​មួយ​បែបទាក់​ទាញ ហើយ​មាន​ការ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ ​ក្នុង​ហ្នឹង​មាន​ទូរទស្សន៍​ខ្សែកាប​ដែរ ដែល​ជា​របៀប​នៃ​ការ​ទាក់​ទាញខ្លាំង។ អញ្ចឹង​សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ថា ការ​ចាប់​ផ្ដើម​មុន​គេ​គឺ​ការ​រឹតត្បិត​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​មាន​ទម្រង់ទាក់​ទាញខ្លាំង»។

លោក​ ​សន ជ័យ​ ​បន្ថែម​ថា ការ​ហាមប្រាម ឬ​ការ​ព្រមាន​របស់​ក្រសួង​ព័ត៌មាន​នា​ពេល​កន្លង​មក ​តែង​ទទួល​បាន​ប្រសិទ្ធភាព​តិច​តួច​ប៉ុណ្ណោះ ដោយ​លោក​ថា ក្រសួង​ព័ត៌មាន​គួរ​តែ​សហការ​ជា​មួយ​ក្រសួង​មហា​ផ្ទៃ ដើម្បី​អនុ​វត្ត​ផ្លូវ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង។​

កន្លង​មក​ ​ក្រសួង​ព័ត៌មាន ​បាន​ហាម​មិន​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​គ្រឿងស្រវឹង​តាម​កញ្ចក់​ទូរទស្សន៍​ចាប់​ពី​ម៉ោង​៦ល្ងាច​ ​ដល់​ម៉ោង​៨យប់។​ ​ក្រសួងក៏​បាន​ហាម​គ្រប់​សា្ថនីយ៍​វិទ្យុ​ ​និង​ទូរទស្សន៍​ទាំង​អស់​ ​មិន​ឲ្យ​ផ្សាយ​ពាណិជ្ជកម្ម​ទាក់​ទង​នឹង​គ្រឿងស្រវឹង​ ​ដោយ​ភ្ជាប់​នឹង​ការ​ប្រឡង​ប្រជែង​ ​ឬ​ប្រកាស​ផ្ដល់​រង្វាន់​ជូន​ដល់​អតិថិជន​ជាដើម៕