ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សុរា​សម្លាប់​មនុស្ស​២លាន​៥​សែន​នាក់​ក្នុង​មួយ​ឆ្នាំៗ


បុរសជាតិរុស្ស៊ីផឹកស្រានៅហាងលក់ស្រាមួយនៅក្នុងទីក្រុងមូស្ក៊ូកាលពីឆ្នាំមុន។
បុរសជាតិរុស្ស៊ីផឹកស្រានៅហាងលក់ស្រាមួយនៅក្នុងទីក្រុងមូស្ក៊ូកាលពីឆ្នាំមុន។

អង្គការ​សុខភាព​ពិភពលោក​ អំពាវនាវ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​សេពសុរា​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ​ដែល​សម្លាប់​មនុស្ស​២​លាន​៥​សែន​នាក់​រាល់​ឆ្នាំ។​ របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​ សុខភាព​ពិភពលោក (WHO)​ កត់ត្រា​ថា នឹង​មាន​៤​ភាគរយ​នៃ​ការ​ស្លាប់​ទូទាំង​សាកល​លោក​ទាក់ទង​ទៅ​នឹង​ការ​ប្រើ​សុរាហួស​កម្រិត។

អង្គការ​សុខភាព​ពិភពលោក​ឲ្យ​ដឹង​ថា ការ​ប្រើ​សុរា​ដែល​នាំ​ឲ្យ​មាន​ទុក្ខទោស​ឥឡូវ​នេះ​ជា​កត្តា​គ្រោះថ្នាក់​នាំ​មុខ​គេ​ទី៣​ ដែល​នាំ​ឲ្យ​មាន​ជំងឺ និង​ការស្លាប់​ ដោយ​ជំងឺ​មិន​ឆ្លង និង​ជំងឺ​ឆ្លង។

អង្គការ​ WHO ​ឲ្យដឹង​ថា​ ការស្លាប់​ដែល​ទាក់ទង​នឹង​សុរា​ភាគច្រើន​បណ្តាល​មក​ពី​របួស​ដោយ​ការ​បើកបរ​ពេល​ស្រវឹង​ ជំងឺ​មហារីក​ ជំងឺ​ថ្លើម​ដែល​បណ្តាល​មក​ពី​គ្រឿង​ស្រវឹង​ ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល។​ អង្គការ​ WHO​ ឲ្យ​ដឹង​ថា​ ការ​សេព​សុរា​ច្រើន​ហួស​ហេតុ​ក៏​នាំ​ឲ្យ​មាន​ជំងឺ​២០០​មុខ​ផ្សេង​ទៀត​ដែរ។

របាយការណ៍​ រកឃើញ​ថា​ នៅ​ទូទាំង​ពិភពលោក​ ជាង​៦​ភាគរយ​នៃការ​ស្លាប់​របស់​បុរស​ទាក់ទង​ទៅ​នឹង​ការ​សេព​សុរា​ ខណៈដែល​ការ​ស្លាប់​របស់​ស្ត្រី​ដោយ​មូល​ហេតុ​ដូច​គ្នា​នេះ​ មាន​តែ​ជាង​មួយ​ភាគរយ​ប៉ុណ្ណោះ។​ អង្គការ​នោះ​ឲ្យ​ដឹង​ថា​ បុរស​ម្នាក់​ក្នុង​បុរស​៥នាក់​នៅ​ក្នុង​សហព័ន្ធ​រុស្ស៊ី​ និង​ប្រទេស​ជិត​ខាង​ ស្លាប់​ដោយ​មូលហេតុ​ទាក់ទង​នឹង​ជាតិ​ស្រា។

លោក​ ស្សេខា​ សាក្សេណា (Shekhar Saxena) នាយក​ផ្នែក​សុខភាព​ផ្លូវចិត្ត និង​ការ​ប្រើ​សារធាតុ​ហួស​កម្រិត​នៅ​អង្គការ​ WHO​ មាន​ប្រសាសន៍​ថា​ មួយ​ភាគបី​នៃ​ការ​ស្លាប់​របស់​មនុស្ស​វ័យ​ក្មេង​នៅ​ក្នុង​តំបន់​ខ្លះ​នៃ​ពិភពលោក​បណ្តាល​មក​ពី​សុរា។ លោក​សាក្សេណា​មាន​ប្រសាសន៍​ថា៖

«ផល​ប៉ះពាល់​នៃ​ការ​សេពសុរា និង​គ្រោះថ្នាក់​បណ្តាល​មក​ពី​សុរា​ កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេសកំពុង​អភិវឌ្ឍ​ ជា​ពិសេស​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក និង​អាស៊ី​ ដែល​មាន​បទ​បញ្ញត្តិ​ទន់​ខ្សោយ និង​មាន​សេវា​ថែទាំ​សុខភាព​តិច។​ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក និង​អាស៊ី​ និន្នាការ​នៃ​ការ​និយម​ផឹកស្រា​មាន​ច្រើន។ នៅ​ទី​នោះ​ ការ​សេព​សុរា​ច្រើន​ក្នុង​មនុស្ស​ម្នាក់ៗ។ នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​អាមេរិក​ កម្រិត​នៃ​ការ​សេព​សុរា​មិន​ឡើង​ចុះ»។

នៅ​ក្នុង​ឆ្នាំ​២០០៥​ របាយការណ៍​បង្ហាញ​ថា​ នៅ​ទូទាំង​ពិភពលោក​ មនុស្ស​វ័យ​ពី​១៥​ឆ្នាំ​ឡើង​ទៅ​ ក្នុង​ម្នាក់ៗ​ទទួលទាន​សុរា​សុទ្ធ​ជាមធ្យម​ចំនួន​ ៦.១៣​លីត្រ។​ ទោះជា​ការ​សេព​សុរា​បាន​រាលដាល​ក៏​ដោយ​ ក៏​អង្គការ​ WHO​ កត់​សម្គាល់​ថា​ មាន​មនុស្ស​ភាគ​ច្រើន​មិន​ផឹក​ទេ។ ​ ព័ត៌មាន​ចុង​ក្រោយ​បង្ហាញ​ថា​ ស្ទើរ​តែ​ពាក់កណ្តាល​នៃ​ចំនួន​បុរស​ទាំង​អស់​ និង​ស្ត្រី​ចំនួន​២ភាគ៣​ មិន​បាន​ប្រើ​ស្រា​ទេ​នៅ​ក្នុង​ឆ្នាំ​២០០៥។

លោក​វេជ្ជបណ្ឌិត​ សាក្សេណា មាន​ប្រសាសន៍​ថា​ មនុស្ស​ណា​ដែល​ពឹងពាក់​លើ​សុរា​ មាន​អាយុ​ជា​មធ្យម​១០ឆ្នាំ​តិចជាង​ អ្នក​ដែល​គ្មាន​បញ្ហា​ជាមួយ​ស្រា។​ លោក​មាន​ប្រសាសន៍​ថា៖

«ការស្លាប់​ និង​ពិការ​ជា​ច្រើន​ដោយសារ​ស្រា​ មាន​ជាក់​ស្តែង​នៅ​ក្នុង​ចំណោម​យុវជន​ និង​មនុស្ស​វ័យ​កណ្តាល​ ហើយ​មិន​មាន​នៅ​ក្នុង​ចំណោម​មនុស្ស​ចាស់​ទេ។​ ដូច្នេះ​ ខ្ញុំ​គិត​ថា មនុស្ស​ចំនួន​២លាន​៥សែន​នាក់​ដែល​ស្លាប់​គឺ​ស្ថិត​ក្នុង​ក្រុម​អាយុ​នៃ​មនុស្ស​ដែល​មិនគួរ​ស្លាប់​សោះ។​ ទាំង​នេះ​គឺជា​ការស្លាប់​មុន​អាយុ​...ភាគ​ច្រើន​នៃ​ការ​ស្លាប់​គឺ​អាយុ​ក្រោម​៦០​ឆ្នាំ»។

អង្គការ​ WHO​ ឲ្យ​ដឹង​ថា​ យុទ្ធសាស្ត្រ​សាកល​របស់​ខ្លួន​ដើម្បី​កាត់បន្ថយ​ការ​សេពសុរា​ហួស​កម្រិត​ រួម​មានការ​តម្លើង​ពន្ធដារ​លើ​ស្រា​ ការ​កាត់បន្ថយ​ចំនួន​ហាង​លក់​ស្រា​ ការ​តម្លើង​អាយុ​អនុញ្ញាត​ឲ្យ​ផឹក​ស្រា​ ការ​អនុម័ត​វិធានការ​តឹងរឹង​លើ​អ្នក​បើកបរ​ពេល​ស្រវឹង​ស្រា​ និង​ការ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​ខ្លះៗ។

ប្រែសម្រួល​ដោយ​ នុច សារីតា

XS
SM
MD
LG