រដ្ឋលេខាធិការក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន នៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ពីលទ្ធភាពគ្រប់គ្រងបានលើស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសនាពេលបច្ចុប្បន្ន ស្របពេលចំនួនឆ្លងប្រចាំថ្ងៃបង្ហាញកម្រិតឆ្លងស្ថិតនៅទាបមិនលើស៣០០ករណីក្នុងមួយថ្ងៃ។
អំឡុងពេលប្រជាជនកម្ពុជារៀបចំពិធីបុណ្យភ្ជុំបិណ្ឌដែលមានការឈប់សម្រាកពីការងាររយៈពេលបីថ្ងៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថារដ្ឋាភិបាលនឹងបើកដំណើរការសេដ្ឋកិច្ចប្រទេសទាំងមូលឡើងវិញប្រសិនបើការឆ្លងនៃជំងឺកូវីដ១៩មិនហក់ឡើងខ្លាំងដូចក្នុងពេលមានការធ្វើតេស្តរហស័រកជំងឺរលាកផ្លូវដង្ហើមមួយនេះ។
អ្នកស្រី ឱ វណ្ណឌីន ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាលផងនោះបានឆ្លើយតបនឹងវីអូអេនៅថ្ងៃព្រហស្បតិ៍នេះតាមប្រព័ន្ធតេឡេក្រាមក្នុងសំណេរដើមថា៖ «មកទល់ពេលនេះ ការគ្រប់គ្រងបានទាន់ពេល។ មិនទាន់មានការផ្ទុះទ្រង់ទ្រាយធំក្នុងសហគមន៍ខ្លាំងនោះឡើយ»។
នៅក្នុងសារសំឡេងដែលបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី០៦ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការខ្លួនពីការឆ្លងជំងឺកូវីដ១៩ ដើម្បីការការពារការផ្ទុះការឆ្លងជំងឺនេះ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ។ លោកបន្ថែមថា ការរក្សាកម្រិតឆ្លងជំងឺកូវីដ១៩ឲ្យនៅទាបអាចឲ្យប្រទេសបើកសកម្មភាពសង្គមនិងសេដ្ឋកិច្ចទាំងស្រុងឡើងវិញ។
យោងតាមតួលេខរបស់ពីសុខាភិបាល ចំនួនករណីឆ្លងជំងឺកូវីដ១៩ បន្តស្ថិតនៅក្រោម ៣០០ ករណីក្នុងមួយថ្ងៃ ពីចំនួនជិត ១.០០០ ករណីចាប់តាំងពីដើមខែតុលា មក។ ចំនួនធ្លាក់ចុះនេះគឺបន្ទាប់ពីមានការប្រកាសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យផ្អាកការធ្វើតេស្តរហ័សនៅតាមទីកន្លែងមិនរៀបរយហើយក្រសួងសុខាភិបាលបានដាក់ចេញចំនួនករណីឆ្លងថ្មី ដោយមានការបញ្ជាក់នៅផ្នែកខាងក្រោមតួលេខថា «លទ្ធផលបញ្ជាក់ដោយ(PCR)» ដែលជាម៉ាស៊ីនធ្វើតេស្តធំ។
ប្រធានមជ្ឈមណ្ឌលដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង បានលើកឡើងថា លោកត្រូវការពេលវេលាតាមដានបន្ថែមដើម្បីអាចវាយតម្លៃថាតើស្ថានភាពជំងឺកូវីដ១៩មានភាពប្រសើរឬយ៉ាងណា ក្រោយពីមានការផ្អាកការធ្វើតេស្តរហ័សបែបទូលំទូលាយ និងការបញ្ជាក់តែតួលេខអ្នកជំងឺកូវីដ១៩ ដោយឧបករណ៍ធ្វើតេស្តខ្នាតធំ។
លោកបានប្រាប់វីអូអេថា៖ «ខ្ញុំមិនទាន់អាចវាយតម្លៃទៅលើស្ថានភាពនេះនៅពេលបច្ចុប្បន្ននេះទេ។ ត្រូវការពេលវេលាដើម្បីតាមដានបន្តិចទៀតថាតើទំហំនៃការរីករាលដាលនោះវានៅក្នុងរង្វង់ហ្នឹង ឬក៏វាអាចច្រើនជាងនោះបាទ។យើងឃើញថា ពពួកដែលតា (Delta) ហ្នឹងគឺវាឆ្លងលឿនហើយសាហាវទៀត។ យើងឃើញថា តួលេខអ្នកស្លាប់នៅក្នុងចំនួនមួយច្រើនដដែល ដែលជាការព្រួយបារម្ភបាទ»។
ដំណាលគ្នានេះដែរ ដើម្បីចូលរួមជ្រោមជ្រែងលទ្ធភាពបើកប្រទេសឡើងវិញនោះលោក យង់ គិមអេងបានជំរុញឲ្យមានការពង្រឹងវិធានការសុខាភិបាល ចំណាត់ការលើការជួបជុំពិសារគ្រឿងស្រវឹង ការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវហានិភ័យនៃការឆ្លងជំងឺកូវីដដែលអាចផ្ទុះឡើងសារជាថ្មីបើប្រជាពលរដ្ឋមានការធ្វេសប្រហែសនិងបង្កើនការអប់រំនិងក្រើនរំឭកប្រជាពលរដ្ឋពីជំងឺកូវីដ១៩ និងការពន្លឿនការព្យាបាលអ្នកជំងឺកូវីដ១៩ ជាដើម។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុឌ្ឍី យល់ថា ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានភាពប្រសើរជាងមុន នៅចំពេលរដ្ឋាភិបាលត្រៀមបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។ យ៉ាងណាក្តីលោកបន្តជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារកុំឲ្យមានការឆ្លងរាលដាលក្នុងសហគមន៍សារជាថ្មីទៀត។
លោកបានថ្លែងថា៖ «ត្រូវឲ្យគាត់ទាំងអស់គ្នាហ្នឹងមានការប្រុងប្រយ័ត្នការពារខ្លួនជាប់ជានិច្ច។ ដោយសារអី? ការដែលរាលដាលបន្តទៀតឬក៏វាថយចុះ ឬក៏វាឡើងមកវិញ គឺយើងអត់ទាន់ដឹងច្បាស់លាស់ទាំងអស់គ្នាទេ»។
កាលពីថ្ងៃទី០៨ ខែតុលា អ្នកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកបានបង្ហោះសារនៅលើគណនី Twitter របស់អ្នកស្រីជាភាសាអង់គ្លេសនិងត្រូវបានប្រែសម្រួលក្នុងន័យដើមថា៖ «ការបើក[សេដ្ឋកិច្ច] ឡើងវិញប្រសិនបើមានការគ្រប់គ្រងត្រឹមត្រូវ។ យើងត្រូវអនុវត្តវិធានការគ្រប់គ្រងហានិភ័យឲ្យបានប្រសើរនៅក្នុងគ្រប់វិស័យ ជាពិសេសវិស័យធុរកិច្ចសម្រាប់ការបើកឡើងវិញនូវអាជីវកម្មផ្សេងៗ។ បុគ្គលគ្រប់រូបត្រូវគោរពតាមវិធានការបង្ការជំងឺកូវីដ១៩។ ការអនុវត្ត និងការតាមដានគឺជាគន្លឹះចម្បង»។
ជាផ្នែកមួយនៅក្នុងដំណើរការឈានទៅរកការបើកដំណើរការឡើងវិញ កាលពីថ្ងៃទី០៥ ខែតុលា រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំឲ្យពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅនឹងត្រូវតម្រូវឲ្យបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងចេញដោយក្រសួងសុខាភិបាលឬក្រសួងការពារជាតិរាល់ពេលចេញ-ចូលទីតាំងផ្សេងៗដូចជា គ្រឹះស្ថានសិក្សាផ្សាររដ្ឋ ផ្សារឯកជនផ្សារម៉ាត ភោជនីយដ្ឋានអាហារដ្ឋាន ហាងកាហ្វេនិងទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ។
គិតត្រឹមថ្ងៃទី១៣ខែតុលា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២៦៨ ករណីករណីស្លាប់ថ្មី ចំនួន២៥ដែលនាំឲ្យករណីស្លាប់សរុបកើនដល់២.៥៨៤ករណី និងករណីជាសះស្បើយថ្មីចំនួន៣៥៩ ករណី។ នេះមានន័យថាករណីជាសះស្បើយសរុបបានកើនដល់ជាង១សែន៩ពាន់ករណី។ នេះបើយោងតាមក្រសួងសុខាភិបាល។
បើតាមរបាយការណ៍របស់ក្រសួងមកទល់ថ្ងៃទី១៣ ខែតុលាកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យ៉ាងតិចមួយដូសជូនពលរដ្ឋបានប្រមាណ១៣,៥លាននាក់ ក្នុងនោះកុមារឬយុវជនអាយុចន្លោះ១២ទៅ១៨ឆ្នាំបានជាង១,៧លាននាក់ និងកុមារអាយុចន្លោះ៦ទៅ១២ឆ្នាំបានជាង ១,៨លាននាក់៕