ស្ត្រី​ឥណ្ឌូណេស៊ី​ដែល​ជាប់​សង្ស័យ​រឿង​ធ្វើ​ឃាត​បង​ប្រុស​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ត្រូវ​បាន​ដោះលែង

នាង Siti Aisyah ថត​រូប​បន្ទាប់​ពី​សន្និសីទ​កាសែត​នៅ​ស្ថានទូត​ឥណ្ឌូណេស៊ី​ក្នុង​ក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។

ស្ត្រី​ឥណ្ឌូណេស៊ី​ម្នាក់​ដែល​បាន​ជាប់​ឃុំ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​តាំង​ពី​ឆ្នាំ ២០១៧ ក្រោម​បទ​សង្ស័យ​ថា​បាន​ធ្វើ​ឃាត​លោក Kim Yong Nam ដែល​ជា​បង​ប្រុស​ឪពុក​តែ​មួយ​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ចន្ទ​នេះ។

តុលាការ​ជាន់​ខ្ពស់ Shah Alam នៅ​ក្រៅ​ទីក្រុង​កូឡាឡាំពួរ បាន​ដោះលែង​នាង Siti Aisyah ដោយសារ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​លើ​នាង ក្រោយ​ពី​រដ្ឋអាជ្ញា​ម៉ាឡេស៊ី​ដក​បទ​ចោទ​ប្រកាន់​ធ្វើ​ឃាត​ចេញ​ដោយ​មិន​ផ្ដល់​ហេតុផល​ណា​មួយ។

នៅ​ពេល​ដែល​តុលាការ​ប្រកាស​អំពី​រឿង​នេះ នាង Aisyah អាយុ ២៦ ឆ្នាំ បាន​ឱប​ចុង​ចោទ​ម្នាក់​ទៀត​គឺ​នាង Doan Thi Huong ជនជាតិ​វៀតណាម អាយុ ៣០ ឆ្នាំ និង​បាន​យំ។

បន្ទាប់ពី​នោះ​ភ្លាមៗ នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ជណ្ដើរ​យន្ត និង​អម​ដំណើរ​ទៅ​កាន់​រថយន្ត​របស់​ស្ថានទូត​ឥណ្ឌូណេស៊ី ដែល​រង់ចាំ​នៅ​ខាង​ក្រៅ​តុលាការ។ មេធាវី​របស់​នាង​បាន​និយាយ​ថា នាង​គ្រោង​នឹង​ហោះ​ទៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ចំណែក​ឯ​សវនាការ​របស់​នាង Doan Thi Huong ត្រូវ​បាន​ផ្អាក បន្ទាប់​ពី​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយ​ពី​បាន​ពន្យារពេល​អស់​ជា​ច្រើន​ខែ​មក។

ស្ត្រី​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រើ​ម្សៅ​ពុល VX ប៉ាត​លើ​មុខ​របស់​លោក Kim Yong Nam នៅ​ប្រលាន​យន្តហោះ​អន្តរជាតិ​កូឡាឡាំពួរ​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ២០១៧។

ស្ត្រី​ទាំង​ពីរ​គឺ​ជា​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ដាក់​ពន្ធនាគារ បន្ទាប់ពី​ជន​សង្ស័យ​កូរ៉េ​ខាង​ជើង ៤ នាក់​ទៀត បាន​គេច​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​នៅ​ព្រឹក​ថ្ងៃ​ដែល​លោក Kim Yong Nam ត្រូវ​បាន​ធ្វើ​ឃាត៕