ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ឆ្លើយតប​ចំពោះ​ការ​គំរាមកំហែង​ដល់​មន្រ្តី​ប្រឆាំង​អំពើ​ពុករលួយ

អ្នក​តវ៉ា​ជាច្រើន​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Joko Widodo តែងតាំង​ឧត្តមសេនីយ៍​ Budi Gunawan ដែល​ត្រូវ​បាន​សង្ស័យ​ពី​អំពើ​ពុករលួយ​កាល​ពី​ខែ​មុន​ ឲ្យ​ធ្វើ​ជា​ស្នងការ​ប៉ូលីស​ជាតិ​កំឡុង​ពេល​ដើរ​ក្បួន​នៅ​ក្នុង​ទីក្រុង​ហ្សាការតា (Jakarta) កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥។

ប្រធានាធិបតី Joko Widodo នៃ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បញ្ជា​ប៉ូលិស​ឲ្យ​ស៊ើបអង្កេតការ​គំរាមកំហែង​សម្លាប់​ក្រុម​សមាជិក​នៃ​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​បាន​ធ្វើ​ឲ្យមាន​ទំនាក់ទំនង​តានតឹង​ជាមួយ​អង្គភាព​ប្រតិបត្តិ​ច្បាប់។

លោក​ប្រធានាធិបតីដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា Jokowi បាន​និយាយ​ថា ​លោក​បាន​ពិភាក្សាបញ្ហា​នេះ​នៅ​សប្តាហ៍​នេះ​ជាមួយ​ប៉ូលិស​ហើយ​និង​សមាជិក​គណៈកម្មការ​ដែល​គេ​ស្គាល់​ដោយ​អក្សរ​កាត់​ថា KPK។

លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ថា ​វា​ជា​ការ​ពិបាក​ដើម្បី​តាម​ដាន​ឧក្រិដ្ឋ​ជន ​ក៏ប៉ុន្តែ ​ប្រសិនបើ​ដឹង​ច្បាស់​ថា​តើ​នរណា​ជា​ឧក្រិដ្ឋ​ជន​នោះ​សូម​ចាប់ខ្លួន​ពួកគេ។ លោក​និយាយ​ទៀត​ថា «ខ្ញុំ​បាន​អញ្ជើញ​ប៉ូលិស​មក​ពិភាក្សា​ហើយ​ប្រាប់​ពួកគាត់​ថា ​ប្រសិនបើ​រក​ឃើញ​ក្រុមឧក្រិដ្ឋ​ជន​ ត្រូវ​តែ​ចាប់​ពួកគេ​ភ្លាម‍»។

កាល​ពី​ថ្ងៃ​ពុធ ​លោក Bambang Widjojanto ​អនុប្រ​ធាន​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មានថា ​សារសំឡេង​និង​សារ​សរសេរ​តាម​ទូរស័ព្ទ​ទៅ​កាន់​បុគ្គលិក KPK និង​ក្រុម​គ្រួសារ​របស់​ពួកគេ​មាន​ការ​គំរាមកំហែង​សម្លាប់។

លោក Jimly Asshiddiqie អនុប្រធាន​នៃ​ក្រុម​មួយ​បាន​ត្រូវ​បង្កើត​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ប៉ូលិស​និង​គណៈ​កម្មការ​ប្រឆាំង​អំពើ​ពុករលួយ (KPK) ដោយ​និយាយ​ថា ​ការ​គំរាមកំហែង​ប្រឆាំង KPK ​អាច​ពន្យាពេល​នៃ​ដំណើរ​ការ​ដោះស្រាយជម្លោះ​រវាង​ភាគី​ទាំង​២។

​លោក​និយាយ​ថា «ដូច្នេះ ​យើង​ជម្រុញ​ឲ្យ​ភាគីទាំងអស់​ធ្វើ​ទៅ​តាម​ការ​ណែនាំ​របស់​ប្រធានាធិបតីដើម្បី​កាត់​បន្ថយ​ភាព​តានតឹងរវាង​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ (KPK) ​និង​ប៉ូលីស។

ការ​គំរាមកំហែង​កើត​មាន​ឡើង​បន្ទាប់​ពី​ភាព​តានតឹង​ទៅ​លើ​បញ្ហា​ឧត្តមសេនីយ៍ Budi Gunawan ដែល​ជា​អ្នក​ទទួល​បាន​ការ​តែងតាំងជា​ប្រធាន​ប៉ូលីស​របស់លោក​ប្រធានាធិបតី​ ហើយ​គណៈ​កម្មការប្រឆាំង​អំពើ​ពុករលួយ KPK សង្ស័យ​ថា​លោក​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ៕