ប្រទេសឥណ្ឌូនេស៊ីមានប្រធានាធិបតីថ្មី។ លោក Joko Widodo បានស្បថចូលកាន់តំណែងនៅថ្ងៃច័ន្ទនេះនៅក្នុងរដ្ឋធានីហ្សាការតា។
លោកជាប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ីលើកទីមួយដែលគ្មានចំណងទាក់ទងទៅនឹងពួកវេរជនខាងនយោបាយនិងយោធារបស់ប្រទេសនោះ។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានចូលរួមពិធីនោះ ដែលកំពុងសង្កត់ធ្ងន់ពីការតាំងចិត្តរបស់រដ្ឋបាលលោកអូបាម៉ាដល់តំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិក។
ពួកមន្រ្តីសហរដ្ឋអាមេរិកនិយាយថា អ្នកការទូតកំពូលសហរដ្ឋអាមេរិកនេះ នឹងជួបជាមួយលោក Widodo ហើយនឹងមេដឹកនាំអាស៊ីផ្សេងទៀតខណៈដែលស្ថិតនៅក្នុងរដ្ឋធានីហ្សាការតាដោយសង្ឃឹមនឹងលើកទឹកចិត្តពួកគេឲ្យដើរតួនាទីដ៏សំខាន់នៅក្នុងការប្រយុទ្ធនឹងលទ្ធិអ៊ីស្លាមជ្រុលនិយមហើយនឹងការឃោសនារបស់ពួកជនសកម្មប្រយុទ្ធដែលឥឡូវនេះ កំពុងគំរាមកំហែងប្រទេសស៊ីរីនិងអ៊ីរ៉ាក់។
លោក Kerry មានគម្រោងពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Najib Razak នាយករដ្ឋមន្រ្តីសិង្ហបូរី Lee Hsien Loong ស្តេច Hassanal Bolkiah នៃប្រទេសព្រុយណេនិងប្រមុខរដ្ឋប្រទេសផ្សេងៗទៀត៕