បន្ទាប់ពីសប្តាហ៍ទីមួយនៃការកាន់តំណែងរបស់លោកជាប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៊ី លោកJoko Widodo បានបញ្ចេញគណៈរដ្ឋមន្រ្តីថ្មីរបស់លោកដែលពលរដ្ឋឥណ្ឌូណេស៊ីកំពុងទន្ទឹងរង់ចាំ។ ពួកអ្នកវិភាគនិយាយថា ជម្រើសរបស់លោក បានបង្ហាញទាំងការផ្លាស់ប្តូរនិងការសម្របសម្រួលខាងនយោបាយយ៉ាងខ្លាំង។
ចាប់តាំងពីការចាប់ផ្តើមអាជីពនយោបាយរបស់លោកមក អតីតអភិបាលក្រុងដ៏តូចមួយដែលឥឡូវនេះបានក្លាយជាប្រធានាធិបតីនោះ លោក Joko Widodo បានខិតខំធ្វើការដើម្បីផ្តាច់ខ្លួនលោកចេញពីក្រុមនយោបាយរបស់ឥណ្ឌូណេស៊ី។ នៅក្នុងសប្តាហ៍ទីមួយរបស់លោកនៅក្នុងការិយាល័យ លោកប្រធានាធិបតីបានស្វះស្វែងស្ថាបនាអត្តសញ្ញាណខាងនយោបាយដែលខុសពីគេឯងមួយ។
ក្នុងប្រទេសមួយដែលគេស្គាល់ថា មានអំពើពុករលួយពាសពេញទីកន្លែងនោះ ប្រធានាធិបតី Widodo បានចាត់វិធានការមិនធ្លាប់មានកាលពីពេលមុនគឺតម្រូវឲ្យគណៈរដ្ឋមន្រ្តីរបស់លោកឆ្លងកាត់ការពិនិត្យយ៉ាងច្បាស់លាស់ដោយអង្គភាពប្រឆាំងអំពើពុករលួយ។ ដំណើរការនេះបាននាំឲ្យមានការពន្យារពេលជាបន្ត ដែលបណ្តាលឲ្យមានការលុបចោលឈ្មោះបេក្ខជនរដ្ឋមន្រ្តី៨នាក់។
បន្ទាប់ពីការនិយាយទស្សទាយយ៉ាងច្រើនអស់រយៈពេលមួយសប្តាហ៍មក រដ្ឋមន្រ្តីថ្មី៣៤នាក់របស់ប្រធានាធិបតី Widodo នៅក្នុងគណៈរដ្ឋមន្រ្តីការងាររបស់លោកបានត្រូវប្រកាសកាលពីរសៀលថ្ងៃអាទិត្យ ហើយបានសម្ពោធពិធីចូលកាន់តំណែងនៅឯវិមានរដ្ឋកាលពីថ្ងៃច័ន្ទដោយមានការផ្សាយតាមទូរទស្សន៍។
រដ្ឋមន្ត្រីទាំងអស់បានស្បថចូលកាន់តំណែង ដោយបានសន្យាគោរពច្បាប់ហើយនឹងច្រានចោលការសូកប៉ាន់។
គណៈរដ្ឋមន្រ្តីនេះជាក្រុមចម្រុះមានអ្នកមានគំនិតខាងបច្ចេកវិទ្យា ពាណិជ្ជករហើយនឹងអ្នកកែទម្រង់ចំនួនតូចដែលបានទទួលការកោតសរសើរ ដែលលោក Keith Loveard អ្នកវិភាគហានិភ័យពីក្រុមហ៊ុនពិគ្រោះនយោបល់ Concord ពណ៌នាថា ជាគណៈរដ្ឋមន្រ្តីដែលគេរង់ចាំមើលនោះ។
«ប្រាកដជាមានសមាជិកជាន់ខ្ពស់ខ្លះ ហើយមានមនុស្សខ្លះមានប្រវត្តិពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស ដូចដែលគេរំពឹងទុកក្នុងប្រទេសឥណ្ឌូណេស៊ី ក៏ប៉ុន្តែក៏មានរដ្ឋមន្រ្តីថ្មីដែលមានស្មារតីថ្មីនិងទេពកោសល្យសហគ្រិនដែរ»។
គណៈរដ្ឋមន្រ្តី រួមមានសហគ្រិនមួយចំនួន ដូចជាលោក Susi Pudjastuti ម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានទទួលជោគជ័យក្នុងវិស័យពាណិជ្ជកម្ម ក៏ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានបទពិសោធន៍នៅក្នុងរដ្ឋាភិបាលទេ។
លោក Widodo អតីតសហគ្រិនគ្រឿងសង្ហារឹមបានសន្យាធ្វើកំណែទម្រង់ការិយាធិបតេយ្យ លុបបំបាត់ការិយាធិបតេយ្យច្រើនជ្រុល ហើយផ្តោតលើអត្រាលូតលាស់សេដ្ឋកិច្ច៧ភាគរយនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការបង្កើតក្រសួងកិច្ចការនាវាចរណ៍ថ្មីមួយក៏ត្រូវគេរំពឹងថា ជួយធ្វើឲ្យទស្សនៈរបស់ប្រធានាធិបតីប្រែក្លាយឥណ្ឌូណេស៊ីទៅជាផ្លូវនាវាចរណ៍សាកលលោក។
ក្នុងចំណោមការជ្រើសរើសសមាជិកគណៈរដ្ឋមន្រ្តីដែលបានទទួលការកោតសរសើរបំផុតគឺការជ្រើសរើសតំណែងរដ្ឋលេខាធិការ លោក Pratikno ជាសាកលវិទ្យាធិការសាកលវិទ្យាល័យ Gadjah Mada និងលោកស្រី Anies Baswedan សាកលវិទ្យាធិការដែលមានគំនិតកែទម្រង់នៃសាកលវិទ្យាល័យ Paramadina ជាទីប្រឹក្សាដ៏សំខាន់ម្នាក់របស់លោក Widodo ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនារបស់លោកដែលនឹងក្លាយជារដ្ឋមន្រ្តីក្រសួងសិក្សាអប់រំបឋមសិក្សានិងមធ្យមសិក្សា។
លោកស្រី Retro Lestari Priansari Marsudi អ្នកការទូតប្រចាំអាជីពដែលបានទទួលការគោរព បានត្រូវតែតាំងជារដ្ឋមន្រ្តីការបរទេស ដែលជាស្រ្តីឥណ្ឌូណេស៊ីលើកដំបូង កាន់កាប់តំណែងនេះ។ លោកស្រី Marsudi ជាអតីតឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសហូល្លង់ អៀឡង់ និងប្រទេសន័រវែ ជាស្រ្តីម្នាក់ក្នុងចំណោមស្រ្តី៨នាក់នៅក្នុងរដ្ឋបាលថ្មី ដែលមានចំនួនស្រ្តីច្រើនជាងគេក្នុងប្រវត្តិសាស្រ្តប្រទេសឥណ្ឌូនេស៊ីដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមសមាជិកគណៈរដ្ឋមន្រ្តីថ្មី អ្នកវិភាគបានរិះគន់សមាជិកមួយចំនួនដែលបានទទួលការតែងតាំងនយោបាយ ជាពិសេស ឥស្សរៈជនដែលស្និទ្ធស្នាលនឹងលោកស្រី Megawati Sukarnoputri ប្រធានគណបក្ស PDI-P របស់លោក Widodo។
លោក Siti Zuhro ជាអ្នកវិភាគមកពីវិទ្យាស្ថានវិទ្យាសាស្រ្តឥណ្ឌូណេស៊ី និយាយថា ការជ្រើសរើសសមាជិកគណៈរដ្ឋមន្រ្តីបង្ហាញថា លោក Widodo ដែលគេស្គាល់ឈ្មោះហៅក្រៅរបស់លោកថា Jokowo មិនឯករាជ្យទាំងស្រុងទេ។
«ខ្ញុំគិតថា លោកស្រី Megawati Sukarnoputri ច្បាស់ជាមានតួនាទីដ៏សំខាន់នៅក្នុងការតែងតាំងនិងជ្រើសរើសបេក្ខជននោះទេ។ លោក Jokowi មានអំណាចជ្រើសរើសរដ្ឋមន្រ្តីរបស់លោក ក៏ប៉ុន្តែលោកគិតថា លោកត្រូវសុំការយល់ព្រម ឬមិនយល់ព្រមពីលោកស្រី Megawati។ លោកJokowi មិនអាចសម្រេចដោយគ្មានការសុំការអនុញ្ញាតពីលោកស្រី Megawati ទេ»។
ទូទាំងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកហើយនឹងក្រោយការបោះឆ្នោត ប្រធានាធិបតីនោះ លោក Widodo បានរក្សាការសន្យាដោយមិនផ្លាស់ប្តូរថា លោក មិនដោះដូរតំណែងរដ្ឋមន្រ្តីដើម្បីទទួលបានការគាំទ្រខាងនយោបាយទេ។
ទោះជាយ៉ាងនោះក៏ដោយ វរៈជនមួយចំនួនតូចក្នុងគណបក្សរបស់លោកបានត្រូវផ្តល់តួនាទីដែលពួកគេចង់បាន រួមមានលោកស្រី Puan Mahrani កូនស្រីរបស់លោកស្រី Megawati ដែលនឹងត្រួតពិនិត្យក្រសួង៤ដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយលោក Ryamizard Ryacudu អតីតឧត្តមសេនីយ៍ដែលមានប្រវត្តិបញ្ហាសិទ្ធិមនុស្ស ឥឡូវនេះបានក្លាយជារដ្ឋមន្រ្តីការពារប្រទេស។
លោក Rini Soemarno ជាអ្នកទុកចិត្តនិងអតីតរដ្ឋមន្រ្តីពាណិជ្ជកម្មរបស់លោកស្រី Megawati ក៏បានតែងតាំងជារដ្ឋមន្រ្តីសហគ្រាសដែលកាន់កាប់ដោយរដ្ឋ។
ពួកអ្នកវិភាគនិយាយថា ការតែងតាំងរដ្ឋមន្រ្តីទាំងនោះឆ្លុះបញ្ចាំងពីសភាពការណ៍ជាក់ស្តែងដែលជៀសមិនផុត ក៏ប៉ុន្តែបានរារាំងការខំប្រឹងប្រែងរបស់លោកដើម្បីធ្វើឲ្យមានក្តីរំភើបអំពីរដ្ឋាភិបាលរបស់លោក។
រដ្ឋមន្រ្តី២១នាក់ក្នុងចំណោមរដ្ឋមន្រ្តី៣៤នាក់ក្នុងគណៈរដ្ឋមន្ត្រីរបស់លោកប្រធានាធិបតី Widodo មានការទាក់ទិនទៅនឹងគណបក្ស ឬមានទំនាក់ទំនងទៅនឹងមន្រ្តីជាន់ខ្ពស់គណបក្ស៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន