អាជ្ញាធរ​ឥណ្ឌូណេស៊ី​ឃាត់​នាវា​ដឹក​ប្រេង​ដែល​កម្ពុជា​អះអាង​ថា​លួច​នាំ​ចេញ​​ដោយ​ខុស​ច្បាប់

រូបថតដែលត្រូវបានផ្សព្វផ្សាយដោយយោធាជើងទឹកឥណ្ឌូណេស៊ីកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ បង្ហាញនាវាដឹកប្រេង MT. Strovolos ស្របពេលយោធាជើងទឹកឥណ្ឌូណេស៊ីប្រកាសថា ខ្លួនបានឃាត់ទុកនាវាដឹកប្រេងនេះ និងនាវិករបស់នាវានេះ ដែលសង្ស័យថាបានលួចប្រេងពីប្រទេសកម្ពុជា។

យោធា​ជើង​ទឹក​ឥណ្ឌូណេស៊ីចាប់​បាន​នាវា​ដឹក​ប្រេង និង​ឃាត់​ខ្លួន​នាវិក​ជិត​២០​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចោទ​ប្រកាន់​ថា​បាន​លួច​នាំ​ប្រេង​ប្រមាណ​៣០​ម៉ឺន​បារ៉ែល​ពី​កម្ពុជា​នៅ​ក្នុង​សំណុំ​រឿង​ក្រុមហ៊ុន​ Kris​Engery​ ដែល​បាន​ក្ស័យ​ធន។ នេះ​បើ​យោង​តាម​ទីភ្នាក់​ងារព័ត៌មាន​ AFP​ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ខាង​លើ យោធា​ជើង​ទឹក​ឥណ្ឌូ​ណេស៊ី​បាន​និយាយ​ថា​ខ្លួន​បាន​ឃាត់​នាវា​ដឹក​ប្រេង​ឈ្មោះ MT Strovolos នៅ​តំបន់​ដែន​សមុទ្រ​កោះ​ស៊ូម៉ាត្រា កាល​ពី​ថ្ងៃ​ទី២៧ ខែ​កក្កដា ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​បាន​ស្នើ​ឲ្យ​ប៉ូលិស​អន្តរជាតិ​ចូលឃាត់​នាវា​ដឹក​ប្រេង​នេះ។ របាយការណ៍​ព័ត៌មានឲ្យ​ដឹង​ទៀត​ថា យោធា​ជើង​ទឹក​ឥណ្ឌូណេស៊ី​កំពុង​សាកសួរ​នាវិក​ជា​ជន​ជាតិ​ឥណ្ឌា​១៣​នាក់ ជន​ជាតិ​បង់ក្លាដែស​៣​នាក់ និង​ជន​ជាតិ​មីយ៉ាន់ម៉ា​៣​នាក់ នៅ​មូល​ដ្ឋាន​របស់​ខ្លួន​ជិត​ប្រទេស​សិង្ហបុរី។

លោក​ ផៃ​ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋាភិ​បាល​ប្រទេសទាំង​ពីរ​កំពុង​សម្រប​សម្រួល​ក្នុង​ការ​បញ្ជូន​ប្រេង​មក​កម្ពុជា​វិញ។

លោក​និយាយ​ថា៖ «ខ្ញុំ​ដឹង​ថា​ព័ត៌មាន​ជា​បឋម​ហ្នឹង​តែ​ប៉ុណ្ណឹង​ទេ។ ប៉ុន្តែ​ស៊ី​ជម្រៅ​លក្ខខណ្ឌ​របៀប​ម៉េច ខ្ញុំ​អត់​ដឹង​ទេ។ ហើយ​ដឹង​ព័ត៌មាន​ហ្នឹង​យើង​ដឹង​ពី​ក្រៅ​មក​វិញ​ដឹង​ពី​ប្រភព CNA​ (ទីភ្នាក់ងារ​ព័ត៌មាន​សិង្ហបុរី) ដែល​ថា នាវា​ដែល​បន្លំ​ដឹក​ប្រេង​ឆៅ​របស់​យើង​ហ្នឹង​ចេញ​ទៅ​ហើយ​អាជ្ញាធរ​ប្រទេស​កម្ពុជា​ហ្នឹង​ជាមួយ​នឹង​ឥណ្ឌូ​ណេស៊ី​កំពុង​រៀបចំ​ក្រដាស​ស្នាម ដើម្បី​បញ្ចូន​ត្រឡប់​មក​កម្ពុជា​វិញ»។

វីអូអេ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ជៀប សួរ អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេង​កាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​នោះ​ទេ​នៅ​ថ្ងៃ​ព្រហស្ប​តិ៍​នេះ។

ប៉ុន្តែ​លោក​ជៀប សួរ​ បាន​ថ្លែង​ប្រាប់​ទីភ្នាក់​ងារព័ត៌មាន AFP ​ក្នុង​សម្តី​ដើម​ថា៖ «ក្រុមហ៊ុន... បាន​រាយការណ៍​មក​កាន់​រដ្ឋាភិបាល​យើង​ថានាវា​ដឹក​ប្រេង​នោះ​បាន​លួច​ប្រេង។ ហើយ​មាន​ប្រេ​ងឆៅ​ប្រមាណ ២៩០.០០០​បារ៉ែល។ (ប៉ុន្តែ)​ នាវា​ដឹកប្រេង​នោះ​ថា ក្រុមហ៊ុន KrisEnergy ជំពាក់​លុយ​ខ្លួន»។

លោក​ ជៀប​ សួរ​ ក៏​បាន​បន្ថែម​ថា រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​កំពុង​រៀបចំ​ផែនការ ដើម្បី​ប្រគល់​ប្រេង​ដែល​មាន​តម្លៃ​ប្រមាណ​២០​លាន​ដុល្លារ​អាមេរិក មក​ឲ្យ​កម្ពុជា​វិញ។

រូបថតដែលត្រូវបានផ្សព្វផ្សាយដោយយោធាជើងទឹកឥណ្ឌូណេស៊ីកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ បង្ហាញនាវាដឹកប្រេង MT. Strovolos សំចតនៅកំពង់ផែមួយនៅតំបន់ប្រជុំកោះ Riau។ (AFP PHOTO / INDONESIAN NAVY)

យ៉ាងណាក្តី ទីភ្នាក់​ងារ​ព័ត៌មាន ​Reuters បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ក្រុមហ៊ុន​World Tanker ដែល​ជា​ក្រុមហ៊ុន​ប្រតិបត្តិករ​នាវា MT Strovolos បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​ប្រេង​ត្រូវ​បាន​យក​ទៅ​ដាក់​នៅ​លើ​នាវា​ដោយ​ខុស​ច្បាប់​និង​ចំពោះ​ការ​លើក​ឡើង​ថា​នាវា​នោះ​មិន​មាន​ការ​អនុញ្ញាត​ឲ្យ​ចូល​សំចត​ក្នុង​ដែន​ទឹក​ឥណ្ឌូណេស៊ី។​

ក្រុមហ៊ុន​ខាង​លើ​នេះ​បាន​និយាយ​ថា​នាវា MT Strovolos បាន​ដាក់​ប្រេង​ឆៅ​ចំនួន​ប្រមាណ ៣០ម៉ឺន​បារ៉ែល​ពី​ប្លុក​បូម​ប្រេង​អប្សរា​ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃ កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ដោយ​ផ្អែក​លើ​ការ​យល់​ស្រប​ថា​ប្រេង​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ​KrisEnergy​ ដែល​បាន​ជួល​នាវា។ នេះ​បើ​យោង​ទៅ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក ប៉ិច ពិសី ប្រធាន​អង្គការ​តម្លាភាព​អន្តរ​ជាតិ​កម្ពុជា បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា ជម្លោះ​រឿង​ប្រេង​នេះ គឺ​ពាក់​ព័ន្ធ​នឹង​ភាគី​រដ្ឋាភិបាល​កម្ពុជា ក្រុមហ៊ុន​ KrisEnergy និង​ម្ចាស់​បំណុល​ដែល​ក្រុម​ហ៊ុន​ Kris​Energy ដែល​បាន​ខ្ចី​លុយ។ លោក​បន្ត​ថា​ករណី​វិវាទ​នេះ​ត្រូវ​យក​ទៅ​ជំនុំ​ជម្រះ​នៅ​តុលាការ​ប្រទេស​សិង្ហបុរី។

លោក​និយាយ​ថា៖ «នីតី​វិធី​គឺ​សាមញ្ញ​ទេ។ នីតិវិធី​គឺ​យើង​ត្រូវ​ឆ្លង​នៅ​ក្នុង​ជម្លោះ​ផ្សេងៗ​គឺ​ត្រូវ​ឆ្លង​តុលាការ​សិង្ហបុរី។ អញ្ចឹង​ករណី​ហ្នឹង​ត្រូវ​តែ​ប្រគល់​ដល់​ដែន​សមត្ថកិច្ច​នៃ​តុលាការ ព្រះ​រាជអាជ្ញា​សិង្ហបុរី ដើម្បី​ត្រួត​ពិនិត្យ​បន្ត​ហើយ​ធ្វើ​ការ​ចាត់​ចែង​រាល់​បំណុល​រាល់​ទ្រព្យ​សម្បតិ្ត ហើយ​និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​របស់​ភាគី​ទាំង​ពីរ​ហ្នឹង»។

លោក​ ប៉ិច ពិសី បន្ថែម​ថា​ដើម្បី​បញ្ចៀស​ពី​ការ​កើត​មាន​បញ្ហា​ជម្លោះ​ខាង​លើ​នេះ រដ្ឋាភិបាលគួរ​តែ​វាយ​តម្លៃ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​មុន​ការ​ជ្រើសរើស​និង​ផ្តល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​វិនិយោគ​ណា​មួយ​នៅ​ក្នុង​វិស័យ​ប្រេង​នៅ​កម្ពុជា ដោយ​ផ្តោត​លើ​សមត្ថ​ភាព​បច្ចេកទេស ធនធាន និង​ទំហំ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នោះ។ លោក​បាន​បញ្ជាក់​ថា​នីតិវិធី​ក្នុង​ការ​ផ្តល់​អាជ្ញាបណ្ណ ត្រូវ​មាន​ការ​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ការ​ចូលរួម​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ការ​ចែក​រំលែក​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ និង​ការ​វាយ​តម្លៃពេញ​លេញ​ពី​ផល​ប៉ះពាល់​លើ​បរិស្ថាន និង​សង្គម។

អ្នកស្រី លឹម សូលីន នាយិកា​អង្គការ​អុក​ស្វាម (Oxfam)​ ប្រចាំ​កម្ពុជា ស្នើ​ឲ្យ​មាន​ការ​ផ្តល់​ព័ត៌មានប្រកប​ដោយ​តម្លាភាព និង​គណនេយ្យភាពជូន​សាធារណ​ជន ពាក់​ព័ន្ធ​នឹង​ការ​សម្រប​សម្រួលប្រគល់​ប្រេង​ត្រឡប់​មក​វិញ រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី។

អ្នកស្រី​បាន​លើក​ឡើង​នៅ​ក្នុង​សារ​អ៊ីមែល​មក​កាន់ ​VOA ថា៖ «រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​គួរ​រៀន​សូត្រ​ពី​មេរៀន​ពិសោធន៍​នេះ​ដោយ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ក្របខណ្ឌ​គតិយុត្ត និង​រៀប​ចំ​យន្តការ​គ្រប់គ្រង​លើ​ការ​ប្រតិបត្តិការ​អាជីវកម្ម​ក្រុមហ៊ុន​ដើម្បី​ជៀស​វាង​បញ្ហា​បែប​នេះ​នៅ​ពេល​ខាង​មុខ»។​

គួរ​រំឭក​ផង​ដែរ ពាក់​ព័ន្ធ​នឹង​ករណី​លួច​ដឹក​ប្រេង​ដែល​បូម​បាន​កាល​ពី​កន្លង​ទៅ​ចេញ​ពី​ដែន​ទឹក​កម្ពុជា ដោយ​មិន​មាន​ការ​អនុញ្ញាត មន្រ្តី​កម្ពុជា​បាន​អះអាង​ថា​រដ្ឋាភិបាល​កំពុង​រៀប​ចំ​ចំណាត់ការ​ផ្លូវ​ច្បាប់ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ KrisEnergy ដែល​ជា​ក្រុម​ហ៊ុន​វិនិយោគ​របស់​សិង្ហបុរី។

កាល​ពី​ខែ​មិថុនា ក្រុមហ៊ុន​ KrisEnergy ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី បាន​លើក​ឡើង​ថា​«ក្រុម​ហ៊ុន​សូម​ប្រកាស​ថា​ក្រុមហ៊ុន​មិន​មាន​លទ្ធ​ភាព​សង​បំណុល​ខ្លួន ដោយ​ផ្អែក​លើ​បំណុល​ដែល​អាច​កើន​ឡើង​និង​កំពុង​មាន​ជាក់​ស្តែង​ហើយ​និង​បន្ត​ទៅ​រក​ការ​ទូទាត់​បំណុល»។ ក្រុមហ៊ុន​បន្ថែម​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​រក​ឃើញ​ប្រេង​និង​លំហូរ​សាច់​ប្រាក់​ពី​ការ​អភិវឌ្ឍន៍ក្នុង​ប្លុក​បូមប្រេង​ប្លុក​ A​ឬ​គេ​ហៅ​ថា​ប្លុក​អប្សរា​ក្នុង​ប្រទេស​កម្ពុជា ក៏​ជា​មូលហេតុ​មួយ​ដែរ ដែល​នាំ​ឲ្យ​បិទ​ក្រុមហ៊ុន៕